ទំនុកដំកើង 139:1-18

ទំនុកដំកើង 139:1-18 ពគប

ឱ​ព្រះ‌យេហូវ៉ា​អើយ ទ្រង់​បាន​ពិនិត្យ​មើល ហើយ​បាន​ស្គាល់​ទូលបង្គំ​ផង ទ្រង់​ជ្រាប​ការ​ដែល​ទូលបង្គំ​អង្គុយ​ចុះ នឹង​ការ​ដែល​ទូលបង្គំ​ក្រោក​ឡើង​ផង ទ្រង់​ក៏​យល់​គំនិត​របស់​ទូលបង្គំ​ពី​ចំងាយ​ដែរ ទ្រង់​ពិនិត្យ​ពិចារណា​ផ្លូវ​ច្រក នឹង​ទី​ដេក​របស់​ទូលបង្គំ ក៏​ស្គាល់​អស់​ទាំង​ផ្លូវ​ប្រព្រឹត្ត​របស់​ទូលបង្គំ​ដែរ ដ្បិត ឱ​ព្រះ‌យេហូវ៉ា​អើយ ពាក្យ​សំដី​មិន​ទាន់​មាន​នៅ​អណ្តាត​ទូលបង្គំ​នៅ​ឡើយ នោះ​ទ្រង់​ក៏​ជ្រាប​គ្រប់​ជំពូក​ហើយ ទ្រង់​បាន​ព័ទ្ធ​ទូលបង្គំ​ជិត​ពី​មុខ​ពី​ក្រោយ ហើយ​បាន​ដាក់​ព្រះ‌ហស្ត​លើ​ទូលបង្គំ ការ​ដឹង​ច្បាស់​យ៉ាង​នេះ ក៏​អស្ចារ្យ​ហួស​ល្បត់​ទូលបង្គំ ហើយ​ខ្ពស់​ដល់‌ម៉្លេះ បាន​ជា​ទូលបង្គំ ឈោង​មិន​ដល់​សោះ តើ​ទូលបង្គំ​នឹង​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះ‌វិញ្ញាណ​ទ្រង់ តើ​នឹង​រត់​ទៅ​ឯ​ណា ឲ្យ​រួច​ពី​ព្រះ‌ភក្ត្រ​ទ្រង់ ទោះ​បើ​ទូលបង្គំ​នឹង​ឡើង​ទៅ​ឯ​ស្ថាន‌សួគ៌ ក៏​មាន​ទ្រង់​សណ្ឋិត​នៅ​ទី​នោះ ទោះ​បើ​ទូលបង្គំ​នឹង​រៀប​ដំណេក​នៅ​ស្ថាន​ឃុំ ព្រលឹង​មនុស្ស​ស្លាប់ នោះ​ក៏​ឃើញ​មាន​ទ្រង់​សណ្ឋិត​នៅ​ដែរ ទោះ​បើ​ទូលបង្គំ​នឹង​យក​ស្លាប​នៃ​បច្ចូស‌កាល ហោះ​ទៅ​នៅ​ឯ​ទី​បំផុត​នៃ​សមុទ្រ គង់​តែ​ព្រះ‌ហស្ត​ទ្រង់​នឹង​នាំ​ទូលបង្គំ​នៅ​ទី​នោះ ហើយ​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​នឹង​ក្តាប់​ទូលបង្គំ​ដែរ បើ​ទូលបង្គំ​ថា សេចក្ដី​ងងឹត​នឹង​គ្រប​បាំង ទូលបង្គំ​ជា​ប្រាកដ ហើយ​ពន្លឺ​ដែល​ភ្លឺ​នៅ​ជុំវិញ​ទូលបង្គំ​នឹង​ត្រឡប់​ទៅ​ជា​យប់​វិញ ដូច្នេះ ទាំង​សេចក្ដី​ងងឹត​នោះ​ឯង មិន​លាក់​ពី​ទ្រង់​ឡើយ ទោះ​ទាំង​យប់​ក៏​ភ្លឺ​ដូច​ជា​ពេល​ថ្ងៃ​ដែរ ឯ​សេចក្ដី​ងងឹត នឹង​ពន្លឺ​ភ្លឺ នោះ​ស្មើ​គ្នា​នៅ​ចំពោះ​ទ្រង់ ដ្បិត​គឺ​ទ្រង់​ដែល​បាន​បង្កើត​ចិត្ត​ថ្លើម​នៃ​ទូលបង្គំ ហើយ​បាន​ផ្សំ​គ្រឿង​នៃ​ទូលបង្គំ​នៅ​ក្នុង​ផ្ទៃ​ម្តាយ ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ដល់​ទ្រង់ ដ្បិត​ទ្រង់​បាន​បង្កើត​ទូលបង្គំ​មក​យ៉ាង​គួរ​កោត គួរ​អស្ចារ្យ ឯ​ស្នាដៃ​នៃ​ទ្រង់ ក៏​សុទ្ធ​តែ​អស្ចារ្យ​ទាំង​អស់ ព្រលឹង​ទូលបង្គំ​ក៏​ដឹង​ច្បាស់​ហើយ កាល​ទូលបង្គំ​កើត​មាន​នៅ​ទី​កំបាំង ហើយ​បាន​សូន​ធ្វើ​បែប​ចំឡែកៗ​នៅ​ទី​ទាប​នៃ​ផែនដី នោះ​គ្រោង​កាយ​របស់​ទូលបង្គំ​មិន​កំបាំង​នឹង​ទ្រង់​ទេ ព្រះ‌នេត្រ​ទ្រង់​បាន​ឃើញ​ធាតុ​នៃ​ទូលបង្គំ ក្នុង​កាល​ដែល​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ ទាំង​អស់​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់ គឺ​អស់​ទាំង​ថ្ងៃ​អាយុ ដែល​បាន​ដំរូវ​ឲ្យ​ទូលបង្គំ​រស់​នៅ ក្នុង​កាល​ដែល​មិន​ទាន់​មាន​ថ្ងៃ​ណា​មួយ​នោះ​នៅ​ឡើយ ឱ​ព្រះ‌អង្គ​អើយ ព្រះ‌ដំរិះ​របស់​ទ្រង់​មាន​ដំឡៃ​វិសេស ដល់​ទូលបង្គំ​ណាស់​ហ្ន៎ ក៏​មាន​ចំនួន​ច្រើន​ណាស់​ផង បើ​សិន​ជា​ទូលបង្គំ​នឹង​ខំ​រាប់​ចំនួន នោះ​មាន​ច្រើន​ជាង​គ្រាប់​ខ្សាច់​ទៅ​ទៀត កាល​ណា​ទូលបង្គំ​ភ្ញាក់​ឡើង នោះ​ទូលបង្គំ​នៅ​ជា​មួយ​នឹង​ទ្រង់​នៅ​ឡើយ