៙ ឱព្រះយេហូវ៉ាអើយ ទ្រង់បានប្រោសអ្នកបំរើទ្រង់ ដោយល្អ តាមព្រះបន្ទូលនៃទ្រង់ សូមបង្រៀនឲ្យទូលបង្គំមានប្រាជ្ញាឆ្លុះយល់ ហើយចេះដឹងយ៉ាងល្អ ដ្បិតទូលបង្គំបានជឿចំពោះសេចក្ដីបង្គាប់នៃទ្រង់ហើយ កាលមុនដែលទូលបង្គំកើតទុក្ខព្រួយ នោះទូលបង្គំបានវង្វេងទៅ តែឥឡូវនេះ ទូលបង្គំកាន់តាមព្រះបន្ទូលទ្រង់វិញ ទ្រង់ល្អប្រសើរ ហើយក៏ធ្វើការល្អដែរ សូមបង្រៀនបញ្ញត្តទ្រង់ ដល់ទូលបង្គំ ពួកមនុស្សឆ្មើងឆ្មៃបានបង្កើតសេចក្ដីភូតភរ ទាស់នឹងទូលបង្គំ តែទូលបង្គំនឹងរក្សាទុកនូវបញ្ញត្តទ្រង់យ៉ាងអស់ពីចិត្ត ចិត្តគេស្ពឹកដូចជាមនុស្សមានខ្លាញ់ខន់ តែទូលបង្គំមានចិត្តអំណរចំពោះក្រិត្យវិន័យទ្រង់វិញ ការដែលទូលបង្គំកើតមានទុក្ខព្រួយ នោះគឺជាប្រយោជន៍ដល់ទូលបង្គំហើយ ដើម្បីឲ្យទូលបង្គំបានរៀនយកបញ្ញត្តរបស់ទ្រង់ ក្រិត្យវិន័យដែលចេញពីព្រះឱស្ឋទ្រង់មក នោះវិសេសដល់ទូលបង្គំ ជាជាងមាសប្រាក់ ទាំងពាន់ផង។ ៙ ព្រះហស្តនៃទ្រង់បានបង្កើត ហើយតាំងទូលបង្គំឡើង សូមប្រោសឲ្យទូលបង្គំមានយោបល់ ដើម្បីនឹងរៀនឲ្យបានស្គាល់សេចក្ដីបង្គាប់របស់ទ្រង់ ពួកអ្នកដែលកោតខ្លាចដល់ទ្រង់ គេនឹងឃើញទូលបង្គំ ហើយមានសេចក្ដីអំណរ ដោយព្រោះទូលបង្គំបាន សង្ឃឹមដល់ព្រះបន្ទូលនៃទ្រង់ ឱព្រះយេហូវ៉ាអើយ ទូលបង្គំដឹងហើយថា អស់ទាំងខច្បាប់របស់ទ្រង់សុទ្ធតែសុចរិត ហើយថា ទ្រង់បានធ្វើឲ្យទូលបង្គំកើតមានទុក្ខ ដោយសេចក្ដីស្មោះត្រង់របស់ទ្រង់ទេ ទូលបង្គំទូលអង្វរដល់ទ្រង់ សូមឲ្យសេចក្ដីសប្បុរស របស់ទ្រង់ផ្សាយមកជួយដោះទុក្ខទូលបង្គំ តាមសេចក្ដីដែលទ្រង់មានបន្ទូលដល់អ្នកបំរើទ្រង់ហើយ សូមប្រទានសេចក្ដីមេត្តាករុណារបស់ទ្រង់មកទូលបង្គំ ដើម្បីឲ្យទូលបង្គំមានជីវិតស្ថិតស្ថេរនៅ ដ្បិតទូលបង្គំយកក្រិត្យវិន័យទ្រង់ជាសេចក្ដីអំណរដល់ខ្លួន សូមឲ្យពួកមនុស្សឆ្មើងឆ្មៃត្រូវមានសេចក្ដីខ្មាសវិញ ដ្បិតគេបានប្រព្រឹត្តក្រវិចក្រវៀននឹងទូលបង្គំ ដោយឥតហេតុ តែទូលបង្គំនឹងរំពឹងគិតពីបញ្ញត្តទ្រង់ សូមឲ្យអស់អ្នកដែលកោតខ្លាចដល់ទ្រង់ បានបែរមកឯទូលបង្គំ នោះគេនឹងស្គាល់សេចក្ដីបន្ទាល់របស់ទ្រង់ផង សូមឲ្យចិត្តទូលបង្គំបានជាប់ស៊ប់នឹងបញ្ញត្តទ្រង់ ដើម្បីកុំឲ្យទូលបង្គំត្រូវខ្មាសឡើយ។ ៙ ព្រលឹងនៃទូលបង្គំភ្លឹកទៅ ដោយប្រាថ្នាចង់បាន សេចក្ដីសង្គ្រោះរបស់ទ្រង់ ទូលបង្គំក៏សង្ឃឹមដល់ព្រះបន្ទូលទ្រង់ ភ្នែកទូលបង្គំស្រវាំងទៅ ដោយចង់បានព្រះបន្ទូលនៃទ្រង់ ហើយទូលបង្គំនិយាយថា តើកាលណាបានទ្រង់ ដោះទុក្ខទូលបង្គំទៅ ដ្បិតទូលបង្គំបានត្រឡប់ដូចជាថង់ស្បែកដែលត្រូវផ្សែង តែទូលបង្គំមិនភ្លេចបញ្ញត្តទ្រង់ឡើយ តើថ្ងៃអាយុនៃអ្នកបំរើទ្រង់បានប៉ុន្មានទៅ តើដល់កាលណាបានទ្រង់សំរេចទោស ដល់ពួកអ្នកដែលបៀតបៀនទូលបង្គំ ពួកមនុស្សឆ្មើងឆ្មៃបានជីករណ្តៅសំរាប់ចាប់ទូលបង្គំ ជាការប្រព្រឹត្តលើ្មសចំពោះក្រិត្យវិន័យទ្រង់ អស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់សុទ្ធតែស្មោះត្រង់ ឯគេៗបៀតបៀនទូលបង្គំដោយឥតហេតុ សូមជួយទូលបង្គំផង គេបានធ្វើឲ្យទូលបង្គំហៀបតែនឹងសូន្យបាត់ពីផែនដីទៅ ប៉ុន្តែទូលបង្គំមិនបានបោះបង់ចោលបញ្ញត្តទ្រង់ទេ សូមចំរើនកំឡាំងនៃទូលបង្គំ តាមសេចក្ដីសប្បុរស របស់ទ្រង់ យ៉ាងនោះទូលបង្គំនឹងបានរក្សាសេចក្ដីបន្ទាល់ ដែលចេញពីព្រះឱស្ឋទ្រង់មក។ ឱព្រះយេហូវ៉ាអើយ ព្រះបន្ទូលទ្រង់បានតាំងនៅស្ថានសួគ៌ ដរាបដល់អស់កល្បជានិច្ច សេចក្ដីស្មោះត្រង់របស់ទ្រង់ ក៏ស្ថិតស្ថេរនៅ គ្រប់ទាំងដំណមនុស្សតទៅ ទ្រង់បានប្រតិស្ឋានផែនដី ហើយផែនដីក៏តាំងនៅជាប់ ទាំងអស់ស្ថិតស្ថេរនៅ ដរាបដល់សព្វថ្ងៃនេះ តាមច្បាប់ទ្រង់ ដ្បិតទាំងអស់សំរាប់បំរើទ្រង់ បើទូលបង្គំមិនបានរីករាយក្នុងក្រិត្យវិន័យរបស់ទ្រង់ នោះទូលបង្គំនឹងបានវិនាសទៅក្នុងសេចក្ដីទុក្ខព្រួយ របស់ទូលបង្គំហើយ ទូលបង្គំនឹងមិនដែលភ្លេចបញ្ញត្តទ្រង់ឡើយ ដ្បិតទ្រង់បានប្រោសឲ្យទូលបង្គំមានកំឡាំងឡើង ដោយសារបញ្ញត្តទាំងនោះឯង ទូលបង្គំជារបស់ផងទ្រង់ហើយ សូមជួយសង្គ្រោះទូលបង្គំផង ដ្បិតទូលបង្គំបានស្វែងរកបញ្ញត្តទ្រង់ ពួកមនុស្សអាក្រក់គេបានរង់ចាំនឹងធ្វើឲ្យទូលបង្គំវិនាស តែទូលបង្គំនឹងពិចារណាសេចក្ដីបន្ទាល់របស់ទ្រង់ ទូលបង្គំបានឃើញចុងនៃសេចក្ដីគ្រប់លក្ខណ៍ហើយ តែសេចក្ដីបង្គាប់របស់ទ្រង់ធំទូលាយលើសទៅទៀត។
អាន ទំនុកដំកើង 119
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទំនុកដំកើង 119:65-96
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ