ទំនុកដំកើង 107:23-31

ទំនុកដំកើង 107:23-31 ពគប

៙ ឯ​ពួក​អ្នក​ដែល​ចុះ​នាវា​ដើរ​ផ្លូវ​សមុទ្រ ជា​អ្នក​ដែល​រក​ស៊ី​ទទួល​ការ​តាម​ផ្លូវ​ទឹក​ធំ ពួក​នោះ​គេ​ឃើញ​អស់​ទាំង​ការ​នៃ​ព្រះ‌យេហូវ៉ា នឹង​ការ​អស្ចារ្យ​របស់​ទ្រង់​នៅ​ទី​ជំរៅ ដ្បិត​ទ្រង់​បង្គាប់​ទៅ នោះ​ក៏​កើត​មាន​ខ្យល់​ព្យុះ ដែល​បណ្តាល​ឲ្យ​រលក​កំរើក​ឡើង រលក​ទាំង​នោះ​ផាត់​ឡើង​ដល់​ផ្ទៃ​មេឃ ក៏​ធ្លាក់​ទៅ​វិញ​ដល់​ទី​ជំរៅ នោះ​ព្រលឹង​គេ​ក៏​រលាយ​ទៅ ដោយ​សេចក្ដី​អន្តរាយ គេ​ឃ្លេង‌ឃ្លោង​ចុះ​ឡើង ហើយ​ដើរ​ទទ្រេត‌ទទ្រោត ដូច​ជា​មនុស្ស​ស្រវឹង គេ​ក៏​ទាល់​ប្រាជ្ញា​ទៅ គ្រា​នោះ គេ​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ទ្រង់​ក៏​ប្រោស​ឲ្យ​រួច​ពី​សេចក្ដី​លំបាក​នោះ ទ្រង់​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​បាន​ស្ងាត់​ឈឹង​ទៅ​វិញ ហើយ​ឲ្យ​រលក​ស្ងប់‌ស្ងៀម​ដែរ នោះ​គេ​មាន​សេចក្ដី​អំណរ​ដោយ​ព្រោះ​ស្ងប់​ច្រៀប​ហើយ ទ្រង់​ក៏​នាំ​គេ​ទៅ​ដល់​ទ្វារ​សមុទ្រ ដែល​គេ​ប្រាថ្នា​ចង់​ទៅ ឱ​សូម​ឲ្យ​មនុស្ស​ទាំង‌ឡាយ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​សេចក្ដី​សប្បុរស​របស់​ទ្រង់ ហើយ​ដោយ​ព្រោះ​អស់​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​ប្រោស​ដល់​មនុស្ស​ជាតិ