ទំនុកដំកើង 107:23-31
ទំនុកដំកើង 107:23-31 ពគប
៙ ឯពួកអ្នកដែលចុះនាវាដើរផ្លូវសមុទ្រ ជាអ្នកដែលរកស៊ីទទួលការតាមផ្លូវទឹកធំ ពួកនោះគេឃើញអស់ទាំងការនៃព្រះយេហូវ៉ា នឹងការអស្ចារ្យរបស់ទ្រង់នៅទីជំរៅ ដ្បិតទ្រង់បង្គាប់ទៅ នោះក៏កើតមានខ្យល់ព្យុះ ដែលបណ្តាលឲ្យរលកកំរើកឡើង រលកទាំងនោះផាត់ឡើងដល់ផ្ទៃមេឃ ក៏ធ្លាក់ទៅវិញដល់ទីជំរៅ នោះព្រលឹងគេក៏រលាយទៅ ដោយសេចក្ដីអន្តរាយ គេឃ្លេងឃ្លោងចុះឡើង ហើយដើរទទ្រេតទទ្រោត ដូចជាមនុស្សស្រវឹង គេក៏ទាល់ប្រាជ្ញាទៅ គ្រានោះ គេអំពាវនាវដល់ព្រះយេហូវ៉ា ដោយសេចក្ដីវេទនារបស់គេ ហើយទ្រង់ក៏ប្រោសឲ្យរួចពីសេចក្ដីលំបាកនោះ ទ្រង់ធ្វើឲ្យព្យុះសង្ឃរាបានស្ងាត់ឈឹងទៅវិញ ហើយឲ្យរលកស្ងប់ស្ងៀមដែរ នោះគេមានសេចក្ដីអំណរដោយព្រោះស្ងប់ច្រៀបហើយ ទ្រង់ក៏នាំគេទៅដល់ទ្វារសមុទ្រ ដែលគេប្រាថ្នាចង់ទៅ ឱសូមឲ្យមនុស្សទាំងឡាយសរសើរដល់ព្រះយេហូវ៉ា ដោយព្រោះសេចក្ដីសប្បុរសរបស់ទ្រង់ ហើយដោយព្រោះអស់ទាំងការអស្ចារ្យ ដែលទ្រង់ប្រោសដល់មនុស្សជាតិ

