សុភាសិត 21:17-31
សុភាសិត 21:17-31 ពគប
ឯអ្នកណា ដែលចូលចិត្តតែនឹងការលេងសប្បាយ នោះនឹងត្រូវជាមនុស្សទាល់ក្រទៅ អ្នកណាដែលចូលចិត្តតែស្រា ហើយនឹងប្រេង នោះមិនដែលទៅជាអ្នកមានទេ។ មនុស្សអាក្រក់គេសំរាប់ជាថ្លៃលោះមនុស្សសុចរិត ហើយមនុស្សក្បត់ក៏ជំនួសមនុស្សទៀងត្រង់ដែរ។ ស៊ូអាស្រ័យនៅក្នុងទីសូន្យស្ងាត់ ជាជាងនៅជាមួយនឹងស្ត្រីដែលចេះតែរករឿង ហើយអុចអាលវិញ។ មានទ្រព្យវិសេស នឹងប្រេង នៅក្នុងទីលំនៅរបស់មនុស្សមានប្រាជ្ញា តែមនុស្សល្ងីល្ងើរមែងលេបបង្ហិនទាំងអស់ទៅ។ អ្នកណាដែលប្រព្រឹត្តតាមសេចក្ដីសុចរិត នឹងសេចក្ដីសប្បុរស នោះរមែងបានជីវិត សេចក្ដីសុចរិត នឹងកិត្តិសព្ទ។ ឯមនុស្សមានប្រាជ្ញា គេឡើងចូលក្នុងទីក្រុងរបស់មនុស្សខ្លាំងពូកែ ហើយនឹងនាំឲ្យកំឡាំងដែលគេពឹងពាក់ធ្លាក់ចុះវិញ។ អ្នកណាដែលរក្សាមាត់នឹងអណ្តាតខ្លួន នោះក៏រក្សាព្រលឹងខ្លួនឲ្យរួចពីទុក្ខព្រួយដែរ។ ឯមនុស្សអំនួត ហើយឆ្មើងឆ្មៃ មានឈ្មោះជាអ្នកចំអក គេតែងតែប្រព្រឹត្តដោយសេចក្ដីប្រមាថមើលងាយ នឹងសេចក្ដីអំនួតទទេ។ បំណងចិត្តរបស់មនុស្សខ្ជិលច្រអូស នោះរមែងសំឡាប់ខ្លួនវិញ ដ្បិតដៃគេមិនព្រមធ្វើការសោះ។ មានគេដែលលោភលន់រាល់តែថ្ងៃជានិច្ច តែឯមនុស្សសុចរិតគេចែកចាយវិញ ឥតសំចៃទុកអ្វីឡើយ។ យញ្ញបូជាដែលមនុស្សអាក្រក់ថ្វាយ ជាទីស្អប់ខ្ពើមទៅហើយ ចំណង់បើកាលណាថ្វាយដោយមានគំនិតអាក្រក់ នោះនឹងគួរខ្ពើមជាជាងអំបាលម៉ានទៅទៀត។ សាក្សីក្លែងក្លាយនឹងត្រូវវិនាស តែអ្នកណាដែលបានឮច្បាស់ នោះនឹងធ្វើទីបន្ទាល់ជាប់នៅជាដរាប។ មនុស្សដែលប្រព្រឹត្តអាក្រក់ គេធ្វើទឹកមុខរឹង តែមនុស្សទៀងត្រង់វិញ គេខំប្រឹងកែឲ្យផ្លូវខ្លួនបានត្រឹមត្រូវ។ គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។ គេត្រៀមសេះទុកសំរាប់ថ្ងៃសឹកសង្គ្រាម តែការដែលមានជ័យជំនះ នោះស្រេចនៅព្រះយេហូវ៉ាទេ។

