ភីលីព 4:15-20
ភីលីព 4:15-20 ពគប
ឱពួកក្រុងភីលីពអើយ អ្នករាល់គ្នាក៏ដឹងថា កាលចាប់ប្រារព្ធប្រកាសដំណឹងល្អ ដែលខ្ញុំទើបនឹងចេញពីស្រុកម៉ាសេដូនមក នោះគ្មានពួកជំនុំណាបានប្រកបនឹងខ្ញុំ អំពីដំណើរប្រាក់ចំណាយចំណូលឡើយ មានតែអ្នករាល់គ្នាប៉ុណ្ណោះ ដ្បិតកាលខ្ញុំខ្វះខាតនៅថែស្សាឡូនីច នោះអ្នករាល់គ្នាបានផ្ញើទៅជួយខ្ញុំម្តងពីរដងផង មិនមែនថា ខ្ញុំរកចង់បានទានទេ ខ្ញុំរកតែផលដែលចំរើនប្រយោជន៍ដល់អ្នករាល់គ្នាវិញ ខ្ញុំមានគ្រប់គ្រាន់ទាំងអស់ ហើយក៏បរិបូរផង ខ្ញុំបានពោរពេញហើយ ដោយបានទទួលរបស់ទាំងប៉ុន្មានពីអេប៉ាប្រូឌីត ដែលអ្នករាល់គ្នាផ្ញើទៅខ្ញុំនោះ គឺជាក្លិនឈ្ងុយ ជាគ្រឿងបូជាដែលព្រះទ្រង់ទទួល ហើយសព្វព្រះហឫទ័យដែរ ព្រះនៃខ្ញុំ ទ្រង់នឹងបំពេញគ្រប់ទាំងអស់ ដែលអ្នករាល់គ្នាត្រូវការ តាមភោគសម្បត្តិនៃទ្រង់ដ៏ឧត្តម ក្នុងព្រះគ្រីស្ទយេស៊ូវ សូមឲ្យព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា បានសិរីល្អនៅអស់កល្បរៀងតទៅ អាម៉ែន។


