នេះជាពូជដំណរបស់អើរ៉ុននឹងម៉ូសេ នៅគ្រាដែលព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេនៅលើភ្នំស៊ីណាយ ឯឈ្មោះពួកកូនទាំងប៉ុន្មានរបស់អើរ៉ុន នោះគឺណាដាបជាកូនច្បង១ អ័ប៊ីហ៊ូវ១ អេលាសារ១ នឹងអ៊ីថាម៉ារ១ នេះហើយជាឈ្មោះរបស់ពួកកូនអើរ៉ុន ដែលគេបានចាក់ប្រេងតាំងឡើងធ្វើជាសង្ឃ ហើយបានញែកចេញសំរាប់នឹងបំរើក្នុងការងារជាសង្ឃ រីឯណាដាប នឹងអ័ប៊ីហ៊ូវ គេបានស្លាប់នៅចំពោះព្រះយេហូវ៉ា ក្នុងកាលដែលគេថ្វាយភ្លើងដទៃ នៅចំពោះព្រះយេហូវ៉ាត្រង់ទីរហោស្ថានស៊ីណាយទៅ គេឥតមានកូនទេ ឯអេលាសារ នឹងអ៊ីថាម៉ារ គេបានធ្វើការងារជាសង្ឃ នៅមុខអើរ៉ុន ជាឪពុកគេវិញ។ ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា ចូរនាំពូជអំបូរលេវីមកឲ្យជិត ឲ្យគេបានឈរនៅចំពោះមុខអើរ៉ុនដ៏ជាសង្ឃ ដើម្បីនឹងបំរើដល់លោក ត្រូវឲ្យគេរក្សាបញ្ញើរបស់លោក នឹងបញ្ញើរបស់ពួកជំនុំទាំងអស់គ្នា នៅមុខត្រសាលជំនុំ ដើម្បីនឹងធ្វើការងារដែលត្រូវខាងរោងឧបោសថ ត្រូវឲ្យគេរក្សាអស់ទាំងប្រដាប់ប្រដា នៃត្រសាលជំនុំ ព្រមទាំងបញ្ញើរបស់ពួកកូនចៅអ៊ីស្រាអែលផង ដើម្បីនឹងធ្វើការងារ ដែលត្រូវខាងរោងឧបោសថ ត្រូវឲ្យឯងប្រគល់ពួកលេវី ដល់អើរ៉ុន នឹងពួកកូនលោក ដ្បិតអញបានញែកគេចេញពីពួកកូនចៅអ៊ីស្រាអែល ឲ្យដាច់ទៅលោកហើយ ត្រូវឲ្យឯងដំរូវឲ្យអើរ៉ុន នឹងពួកកូនលោក រក្សាការងារជាសង្ឃរបស់គេ ហើយអ្នកដទៃណាដែលចូលមកជិត នោះនឹងត្រូវសំឡាប់ចោល។ ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងម៉ូសេថា ឯអញ មើល អញបានយកពួកលេវីចេញពីពួកកូនចៅអ៊ីស្រាអែល ស្នងអស់ទាំងកូនដែលកើតពីពោះម្តាយមកមុនគេបង្អស់ក្នុងពួកគេ បានជាពួកលេវីនោះ ត្រូវបានជារបស់ផងអញ ដ្បិតអស់ទាំងកូនច្បងជារបស់ផងអញហើយ ពីព្រោះនៅថ្ងៃដែលអញបានវាយអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ នោះអញបានញែកអស់ទាំងកូនច្បងក្នុងសាសន៍អ៊ីស្រាអែលចេញ ទុកសំរាប់អញ ទាំងមនុស្ស ហើយនឹងសត្វផង ទាំងអស់គ្នាត្រូវបានជារបស់ផងអញពិត អញនេះជាព្រះយេហូវ៉ា។
អាន ជនគណនា 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ជនគណនា 3:1-13
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ