នៅថ្ងៃដំបូង ក្នុងបុណ្យនំបុ័ងឥតដំបែ នោះពួកសិស្សមកឯព្រះយេស៊ូវទូលថា តើទ្រង់សព្វព្រះហឫទ័យឲ្យយើងខ្ញុំរៀបបុណ្យរំលង ថ្វាយទ្រង់សោយនៅទីណា ទ្រង់ឆ្លើយថា ឲ្យចូលទៅក្នុងទីក្រុង ដល់ម្នាក់ណាមួយនោះ ហើយប្រាប់ថា លោកគ្រូមានប្រសាសន៍ថា កំណត់ខ្ញុំជិតដល់ហើយ ខ្ញុំនឹងធ្វើបុណ្យរំលងជាមួយនឹងពួកសិស្សខ្ញុំនៅផ្ទះអ្នក ដូច្នេះ ពួកសិស្សក៏ធ្វើតាមបង្គាប់ព្រះយេស៊ូវ ហើយគេរៀបចំធ្វើបុណ្យរំលង។ ដល់ល្ងាច ទ្រង់គង់នៅតុជាមួយនឹងពួក១២នាក់ កាលកំពុងតែបរិភោគ នោះទ្រង់មានបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នករាល់គ្នា មានម្នាក់នឹងបញ្ជូនខ្ញុំ នោះគ្រប់គ្នាមានសេចក្ដីព្រួយជាខ្លាំង ហើយចាប់តាំងទូលសួរទ្រង់ថា ព្រះអម្ចាស់អើយ តើទូលបង្គំឬអី តែទ្រង់មានបន្ទូលឆ្លើយថា គឺជាអ្នកមួយ ដែលលូកដៃចុះក្នុងចានជាមួយនឹងខ្ញុំ អ្នកនោះឯងនឹងបញ្ជូនខ្ញុំទៅ ឯកូនមនុស្ស ត្រូវទៅមែន តាមសេចក្ដីដែលបានចែងទុកពីដំណើរលោក ប៉ុន្តែវេទនាដល់អ្នកនោះ ដែលនឹងបញ្ជូនកូនមនុស្សទៅ បើវាមិនបានកើតមក នោះល្អដល់វាជាជាង នោះយូដាស ជាអ្នកដែលបញ្ជូនទ្រង់ វាចាប់ពាក្យទូលថា លោកគ្រូអើយ តើខ្ញុំឬអី ទ្រង់មានបន្ទូលទៅវាថា ត្រូវដូចអ្នកនិយាយហើយ។ គ្រាដែលកំពុងតែបរិភោគ នោះព្រះយេស៊ូវទ្រង់យកនំបុ័ង ហើយកាលទ្រង់បានប្រទានពរ នោះក៏កាច់ប្រទានទៅពួកសិស្ស ដោយបន្ទូលថា ចូរយកបរិភោគចុះ នេះហើយជារូបកាយខ្ញុំ រួចទ្រង់យកពែងមកប្រទានពរ ក៏ហុចទៅឲ្យគេ ដោយបន្ទូលថា ចូរបរិភោគពីពែងនេះទាំងអស់គ្នាចុះ ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប តែខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះតទៅមុខ ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់ថ្ងៃណាដែលខ្ញុំនឹងផឹកជាថ្មី ជាមួយនឹងអ្នករាល់គ្នានៅក្នុងនគរព្រះវរបិតានៃខ្ញុំ រួចកាលបានច្រៀងទំនុកមួយហើយ នោះក៏នាំគ្នាចេញទៅឯភ្នំដើមអូលីវ។
អាន ម៉ាថាយ 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 26:17-30
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ