វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ នឹងល្ងផង តែបានចោលសេចក្ដីសំខាន់ជាង ដែលនៅក្នុងក្រិត្យវិន័យ វិញ ដូចជាសេចក្ដីយុត្តិធម៌ សេចក្ដីមេត្តាករុណា នឹងសេចក្ដីជំនឿ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តការទាំងនេះ ហើយការឯទៀតនោះ ក៏មិនត្រូវចោលផង ឱពួកមនុស្សកង្វាក់ ដែលនាំផ្លូវគេអើយ អ្នករាល់គ្នាត្រងសុចចេញ តែលេបសត្វអូដ្ឋវិញ វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅ ឯខាងក្នុងវិញ នោះពេញដោយអំពើប្លន់ នឹងសេចក្ដីហួសខ្នាតទទេ ឱពួកផារិស៊ីកង្វាក់អើយ ចូរលាងចានលាងថាសខាងក្នុងជាមុន ដើម្បីឲ្យខាងក្រៅបានស្អាតដែរ វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដូចជាម៉ុងខ្មោចដែលលាបស ឯខាងក្រៅ ល្អមើលពិតមែន តែខាងក្នុងមានពេញដោយឆ្អឹងខ្មោច នឹងសេចក្ដីស្មោកគ្រោកគ្រប់មុខវិញ អ្នករាល់គ្នាក៏បែបដូច្នោះដែរ ខាងក្រៅមើលទៅដូចជាសុចរិតដល់មនុស្សលោកមែន តែខាងក្នុងមានសុទ្ធតែសេចក្ដីកំពុត នឹងសេចក្ដីទទឹងច្បាប់ទទេ វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ នឹងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាធ្វើម៉ុងពួកហោរា ហើយតាក់តែងផ្នូររបស់ពួកមនុស្សសុចរិត ដោយថា បើយើងបានរស់នៅក្នុងជំនាន់ពួកឰយុកោយើង នោះយើងមិនបានចូលដៃនឹងគាត់ ដើម្បីកំចាយឈាមពួកហោរាទេ ដូច្នេះ អ្នករាល់គ្នាធ្វើជាបន្ទាល់ទាស់នឹងខ្លួនថា អ្នករាល់គ្នាជាកូនរបស់ពួកអ្នកដែលបានសំឡាប់ហោរាទាំងនោះ ឯអ្នករាល់គ្នា ចូរបំពេញរង្វាល់របស់ពួកឰយុកោនៃអ្នករាល់គ្នាចុះ ឱសត្វពស់ ឱពូជពស់វែកអើយ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នារួចពីទោស នៅក្នុងនរកបាន ដោយហេតុនោះបានជាខ្ញុំចាត់ពួកហោរា ពួកអ្នកប្រាជ្ញ នឹងពួកអាចារ្យ ឲ្យមកឯអ្នករាល់គ្នាៗនឹងសំឡាប់ ហើយឆ្កាងខ្លះ ក៏វាយខ្លះនឹងរំពាត់ នៅក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ហើយធ្វើទុក្ខបៀតបៀនគេ ពីក្រុង១ទៅដល់ក្រុង១ ដើម្បីឲ្យអស់ទាំងឈាមរបស់មនុស្សសុចរិត ដែលបានខ្ចាយនៅផែនដី បានធ្លាក់មកលើអ្នករាល់គ្នាវិញ តាំងពីឈាមរបស់អេបិល ជាអ្នកសុចរិត ដរាបដល់សាការី ជាកូនបារ៉ាគា ដែលអ្នករាល់គ្នាបានសំឡាប់នៅកណ្តាលព្រះវិហារ ហើយនឹងអាសនា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អំពើទាំងនោះនឹងធ្លាក់មកលើមនុស្សដំណនេះវិញ។ ឱយេរូសាឡិម ក្រុងយេរូសាឡិមអើយ ឯងដែលសំឡាប់ពួកហោរា ហើយយកថ្មចោលពួកអ្នកដែលបានចាត់មកឯឯង តើប៉ុន្មានដងហើយ ដែលអញចង់ប្រមូលកូនឯងទាំងប៉ុន្មាន ដូចជាមេមាន់ក្រុងកូនវាឲ្យជ្រកក្រោមស្លាប តែឯងមិនព្រមទេ មើល ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឲ្យឯង ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត ដរាបដល់កាលណាអ្នករាល់គ្នានិយាយថា ព្រះអង្គដែលយាងមក ដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ។
អាន ម៉ាថាយ 23
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 23:23-39
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ