ម៉ាថាយ 23:1-28

ម៉ាថាយ 23:1-28 ពគប

គ្រា​នោះ ព្រះ‌យេស៊ូវ​ទ្រង់​មាន​បន្ទូល​នឹង​ហ្វូង​មនុស្ស ហើយ​នឹង​ពួក​សិស្ស​ទ្រង់​ថា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី គេ​បាន​តាំង​ខ្លួន​គេ អង្គុយ​នៅ​ទី​បង្រៀន​របស់​លោក​ម៉ូសេ ដូច្នេះ គ្រប់​ទាំង​សេចក្ដី​ណា​ដែល​គេ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​កាន់​តាម នោះ​ចូរ​កាន់ ហើយ​ប្រព្រឹត្ត​តាម​ចុះ ប៉ុន្តែ​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​របស់​គេ​ឡើយ ដ្បិត​គេ​គ្រាន់​តែ​ថា តែ​មិន​ធ្វើ​តាម​ទេ ពី​ព្រោះ​គេ​ចង​បន្ទុក​យ៉ាង​ធ្ងន់ ដាក់​លើ​ស្មា​មនុស្ស ជា​បន្ទុក​ដែល​ពិបាក​ទទួល តែ​ខ្លួន​គេ​មិន​ព្រម​ទាំង​យក​ម្រាម​ដៃ​ឆ្កឹះ​បន្ទុក​នោះ​ផង គ្រប់​ទាំង​ការ​ដែល​គេ​ធ្វើ​ទាំង​ប៉ុន្មាន នោះ​សុទ្ធ​តែ​ធ្វើ​ឲ្យ​តែ​មនុស្ស​មើល​ឃើញ​ទេ គឺ​គេ​ធ្វើ​ស្លាក​ធំៗ​កត់​ក្រិត្យ‌វិន័យ នឹង​រំយោល​អាវ​គេ​ឲ្យ​វែងៗ គេ​គាប់​ចិត្ត​នឹង​កន្លែង​លេខ​១​ក្នុង​ការ​ស៊ី‌លៀង នឹង​កន្លែង​ដែល​មុខ​គេ​ក្នុង​សាលា​ប្រជុំ ព្រម​ទាំង​គាប់​ចិត្ត​ឲ្យ​មនុស្ស​គំនាប់​ខ្លួន​នៅ​ទី​ផ្សារ ហើយ​ឲ្យ​គេ​ហៅ​ខ្លួន​ថា លោក​គ្រូៗ​ផង ប៉ុន្តែ ឯ​អ្នក​រាល់​គ្នា​វិញ មិន​ត្រូវ​ឲ្យ​អ្នក​ដទៃ​ហៅ​ខ្លួន​ជា​លោក​គ្រូ​ឡើយ ដ្បិត​អ្នក​រាល់​គ្នា​មាន​សាស្តា​តែ​១ ហើយ​ជា​បង​ប្អូន​នឹង​គ្នា​ទាំង​អស់ ក៏​កុំ​ឲ្យ​ហៅ​អ្នក​ណា​ជា​ឪពុក នៅ​ផែនដី​នេះ​ដែរ ដ្បិត​មាន​ឪពុក​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ស្ថាន‌សួគ៌ ហើយ​កុំ​ឲ្យ​អ្នក​ណា​ហៅ​ខ្លួន​ជា​សាស្តា​ឡើយ ដ្បិត​មាន​សាស្តា​តែ​១​ប៉ុណ្ណោះ គឺ​ជា​ព្រះ‌គ្រីស្ទ តែ​អ្នក​ណា​ដែល​ធំ​ជាង​គេ​ក្នុង​ពួក​អ្នក​រាល់​គ្នា នោះ​ត្រូវ​ធ្វើ​ជា​អ្នក​បំរើ​ដល់​អ្នក​រាល់​គ្នា​វិញ អ្នក​ណា​ដែល​ដំកើង​ខ្លួន នោះ​នឹង​ត្រូវ​បន្ទាប​ចុះ​វិញ ហើយ​អ្នក​ណា​ដែល​បន្ទាប​ខ្លួន នោះ​នឹង​បាន​ដំកើង​ឡើង។ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​បិទ​នគរ​ស្ថាន‌សួគ៌​នៅ​មុខ​មនុស្ស ខ្លួន​អ្នក​រាល់​គ្នា​មិន​ព្រម​ចូល ហើយ​ក៏​មិន​បើក​ដល់​អស់​អ្នក​ដែល​កំពុង​តែ​ចូល ឲ្យ​គេ​ចូល​ដែរ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ខំ​សូត្រ​ធម៌​ឲ្យ​ច្រើន ដើម្បី​ឲ្យ​បាន​ឆ​ស៊ី​ផ្ទះ​ពួក​មេម៉ាយ ហេតុ​ដូច្នោះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​ទៅ​ទៀត វេទនា​ដល់​អ្នក​រាល់​គ្នា​ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដើរ​ជុំ​ជើង​ទឹក ជើង​គោក ដើម្បី​នឹង​នាំ​មនុស្ស​តែ​ម្នាក់​ឲ្យ​ចូល​កាន់​សាសនា តែ​កាល​ណា​គេ​ចូល​កាន់​ហើយ នោះ​អ្នក​រាល់​គ្នា​តែង​ធ្វើ​ឲ្យ​គេ​ទៅ​ជា​គួរ​ធ្លាក់​ទៅ​នរក ជា​ជាង​ខ្លួន​១​ជា​២​ផង វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​កង្វាក់​ដែល​នាំ​ផ្លូវ​គេ​អើយ អ្នក​រាល់​គ្នា​ថា បើ​អ្នក​ណា​ស្បថ​នឹង​ព្រះ‌វិហារ នោះ​មិន​ជា​អ្វី​ទេ តែ​បើ​ស្បថ​នឹង​មាស​របស់​ព្រះ‌វិហារ នោះ​ត្រូវ​ជាប់​សម្បថ​ខ្លួន​ហើយ ឱ​ពួក​មនុស្ស​ល្ងី‌ល្ងើ ហើយ​កង្វាក់​អើយ តើ​របស់​ណា​ធំ​ជាង មាស ឬ​ព្រះ‌វិហារ​ដែល​ធ្វើ​ឲ្យ​មាស​នោះ​បរិសុទ្ធ ហើយ​ក៏​ថា បើ​អ្នក​ណា​ស្បថ​នឹង​អាសនា នោះ​មិន​ជា​អ្វី​ទេ តែ​បើ​ស្បថ​នឹង​ដង្វាយ​នៅ​លើ​អាសនា នោះ​ត្រូវ​ជាប់​សម្បថ​ខ្លួន​ហើយ ឱ​ពួក​មនុស្ស​ល្ងី‌ល្ងើ ហើយ​កង្វាក់​អើយ តើ​របស់​ណា​ធំ​ជាង ដង្វាយ ឬ​អាសនា​ដែល​ធ្វើ​ឲ្យ​ដង្វាយ​នោះ​បាន​បរិសុទ្ធ ដូច្នេះ អ្នក​ណា​ដែល​ស្បថ​នឹង​អាសនា នោះ​ឈ្មោះ​ថា​ស្បថ​នឹង​អាសនា ហើយ​នឹង​របស់​ទាំង​អស់​ដែល​នៅ​លើ​អាសនា​នោះ ឯ​អ្នក​ណា​ដែល​ស្បថ​នឹង​ព្រះ‌វិហារ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​ព្រះ‌វិហារ ហើយ​នឹង​ព្រះ​ដែល​គង់​នៅ​ក្នុង​ព្រះ‌វិហារ​នោះ​ដែរ ហើយ​អ្នក​ណា​ដែល​ស្បថ​នឹង​ស្ថាន‌សួគ៌ នោះ​ឈ្មោះ​ថា​ស្បថ​នឹង​បល្ល័ង្ក​នៃ​ព្រះ ហើយ​នឹង​ព្រះ​ដែល​គង់​លើ​បល្ល័ង្ក​នោះ​ផង វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ថ្វាយ​១​ភាគ​ក្នុង​១០ ទាំង​ជីរ‌អង្កាម ជីរ​លីង‌លាក់ នឹង​ល្ង​ផង តែ​បាន​ចោល​សេចក្ដី​សំខាន់​ជាង ដែល​នៅ​ក្នុង​ក្រិត្យ‌វិន័យ វិញ ដូច​ជា​សេចក្ដី​យុត្តិ‌ធម៌ សេចក្ដី​មេត្តា‌ករុណា នឹង​សេចក្ដី​ជំនឿ គួរ​តែ​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​ទាំង​នេះ ហើយ​ការ​ឯ​ទៀត​នោះ ក៏​មិន​ត្រូវ​ចោល​ផង ឱ​ពួក​មនុស្ស​កង្វាក់ ដែល​នាំ​ផ្លូវ​គេ​អើយ អ្នក​រាល់​គ្នា​ត្រង​សុច​ចេញ តែ​លេប​សត្វ​អូដ្ឋ​វិញ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​លាង​ចាន​លាង​ថាស​តែ​ខាង​ក្រៅ ឯ​ខាង​ក្នុង​វិញ នោះ​ពេញ​ដោយ​អំពើ​ប្លន់ នឹង​សេចក្ដី​ហួស​ខ្នាត​ទទេ ឱ​ពួក​ផារិស៊ី​កង្វាក់​អើយ ចូរ​លាង​ចាន​លាង​ថាស​ខាង​ក្នុង​ជា​មុន ដើម្បី​ឲ្យ​ខាង​ក្រៅ​បាន​ស្អាត​ដែរ វេទនា​ដល់​អ្នក​រាល់​គ្នា ពួក​អាចារ្យ នឹង​ពួក​ផារិស៊ី ជា​មនុស្ស​កំពុត​អើយ ដ្បិត​អ្នក​រាល់​គ្នា​ដូច​ជា​ម៉ុង​ខ្មោច​ដែល​លាប​ស ឯ​ខាង​ក្រៅ ល្អ​មើល​ពិត​មែន តែ​ខាង​ក្នុង​មាន​ពេញ​ដោយ​ឆ្អឹង​ខ្មោច នឹង​សេចក្ដី​ស្មោក‌គ្រោក​គ្រប់​មុខ​វិញ អ្នក​រាល់​គ្នា​ក៏​បែប​ដូច្នោះ​ដែរ ខាង​ក្រៅ​មើល​ទៅ​ដូច​ជា​សុចរិត​ដល់​មនុស្ស​លោក​មែន តែ​ខាង​ក្នុង​មាន​សុទ្ធ​តែ​សេចក្ដី​កំពុត នឹង​សេចក្ដី​ទទឹង​ច្បាប់​ទទេ

អាន ម៉ាថាយ 23