កាលព្រះយេស៊ូវទ្រង់ប្រសូតមក នៅភូមិបេថ្លេហិម ស្រុកយូដា ក្នុងរាជ្យស្តេចហេរ៉ូឌ នោះមានពួកហោរ ពីទិសខាងកើត មកដល់ក្រុងយេរូសាឡិម សួរថា តើព្រះអង្គដែលប្រសូតមក ធ្វើជាស្តេចសាសន៍យូដា ទ្រង់គង់នៅឯណា ពីព្រោះយើងបានឃើញផ្កាយរបស់ទ្រង់ ពីទិសខាងកើតមក ហើយយើងមកថ្វាយបង្គំទ្រង់។ កាលស្តេចហេរ៉ូឌបានឮ នោះទ្រង់មានសេចក្ដីវិតក្កព្រួយ ព្រមទាំងពួកអ្នកនៅក្រុងយេរូសាឡិមទាំងអស់គ្នាផង កាលបានប្រជុំពួកសង្គ្រាជ នឹងពួកអាចារ្យនៃបណ្តាជនមកសាកសួរពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវប្រសូតនៅឯណា នោះគេក៏ទូលទ្រង់ថា នៅឯភូមិបេថ្លេហិមក្នុងស្រុកយូដា ព្រោះហោរាបានចែងសេចក្ដីទុកមកដូច្នេះថា «ឯឯងបេថ្លេហិម ស្រុកយូដាអើយ ឯងមិនមែនតូចជាងគេ ក្នុងពួកចៅហ្វាយនៅស្រុកយូដាទេ ដ្បិតនឹងមានចៅហ្វាយ១ចេញពីឯងមក ចៅហ្វាយនោះនឹងឃ្វាលអ៊ីស្រាអែល ជារាស្ត្រអញ»។ នោះស្តេចហេរ៉ូឌ ក៏ហៅពួកហោរនោះមក ដោយសំងាត់ សាកសួរយ៉ាងម៉ត់ចត់ ពីផ្កាយនោះបានលេចមកពីកាលណា រួចទ្រង់ចាត់គេឲ្យទៅឯបេថ្លេហិម ដោយបង្គាប់ថា ចូរអ្នករាល់គ្នាទៅសើុបដំណឹង ពីកូនតូចនោះឲ្យច្បាស់លាស់ កាលណាបានឃើញហើយ នោះត្រូវមកប្រាប់ដល់យើងវិញ ដើម្បីឲ្យយើងបានទៅថ្វាយបង្គំដែរ កាលគេបានទទួលបង្គាប់នៃស្តេចស្រេចហើយ នោះក៏នាំគ្នាចេញទៅ ឯផ្កាយដែលគេបានឃើញពីទិសខាងកើត នោះក៏នាំមុខគេ ដរាបដល់ចំពីលើកន្លែងដែលបុត្រតូចនៅ ទើបឈប់ គេមានសេចក្ដីអំណរជាខ្លាំងក្រៃ ដោយឃើញផ្កាយនោះ ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូច នៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ រួចវិលទៅស្រុកគេវិញ តាមផ្លូវមួយទៀតទៅ ដោយព្រោះព្រះទ្រង់ពន្យល់សប្តិប្រាប់ មិនឲ្យត្រឡប់ទៅឯហេរ៉ូឌវិញឡើយ។
អាន ម៉ាថាយ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ម៉ាថាយ 2:1-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ