ម៉ាថាយ 13:1-21

ម៉ាថាយ 13:1-21 ពគប

នៅ​ថ្ងៃ​នោះ ព្រះ‌យេស៊ូវ​ទ្រង់​យាង​ចេញ​ពី​ផ្ទះ ទៅ​គង់​នៅ​មាត់​សមុទ្រ នោះ​មាន​មនុស្ស​ប្រជុំ​គ្នា មក​ឯ​ទ្រង់​ណែន‌ណាន់ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​យាង​ចុះ​ទៅ​គង់​ក្នុង​ទូក​វិញ ហើយ​មនុស្ស​ទាំង​អស់​គ្នា​ឈរ​នៅ​លើ​មាត់​ច្រាំង ទ្រង់​មាន​បន្ទូល​ទៅ​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​អំពី​រឿង​ជា​ច្រើន​ថា មើល មាន​អ្នក​ព្រោះ​ពូជ​ម្នាក់​ចេញ​ទៅ​ព្រោះ កំពុង​ដែល​គាត់​ព្រោះ នោះ​មាន​ខ្លះ​ធ្លាក់​ចុះ​តាម​ផ្លូវ ហើយ​សត្វ​ស្លាប​ក៏​ហើរ​មក​ចឹក​ស៊ី​អស់​ទៅ មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​កន្លែង​ថ្ម ដែល​មាន​ដី​រាក់​ពេក ស្រាប់​តែ​ដុះ​ឡើង​ភ្លាម ព្រោះ​ដី​មិន​ជ្រៅ​ទេ ប៉ុន្តែ កាល​ថ្ងៃ​រះ​ឡើង នោះ​ក៏​ក្រៀម​ខ្លោច​ទៅ ពី​ព្រោះ​គ្មាន​ឫស ហើយ​ខ្លះ​ទៀត​ធ្លាក់​ទៅ​កណ្តាល​បន្លាៗ​ក៏​ដុះ​ឡើង​ខ្ទប់​ជិត តែ​មាន​ខ្លះ​ទៀត​ធ្លាក់​ទៅ​ក្នុង​ដី​ល្អ ហើយ​បង្កើត​ផល​បាន​១​ជា​១​រយ មួយ​ទៀត​បាន​៦០ ហើយ​មួយ​ទៀត​បាន​៣០ អ្នក​ណា​ដែល​មាន​ត្រចៀក​សំរាប់​ស្តាប់ ឲ្យ​ស្តាប់​ចុះ។ រួច​ពួក​សិស្ស​មក​ឯ​ទ្រង់​ទូល​សួរ​ថា ហេតុ​អ្វី​បាន​ជា​ទ្រង់​មាន​បន្ទូល​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច​ដូច្នេះ ទ្រង់​មាន​បន្ទូល​ឆ្លើយ​ថា ពី​ព្រោះ​បាន​ប្រទាន​មក​អ្នក​រាល់​គ្នា ឲ្យ​បាន​ស្គាល់​ការ​អាថ៌‌កំបាំង​របស់​នគរ​ស្ថាន‌សួគ៌ តែ​មិន​បាន​ប្រទាន​ឲ្យ​អ្នក​ទាំង​នោះ​ស្គាល់​ទេ ដ្បិត​អ្នក​ណា​ដែល​មាន គេ​នឹង​ឲ្យ​ទៅ​អ្នក​នោះ ហើយ​អ្នក​នោះ​នឹង​មាន​ជា​បរិបូរ​ឡើង តែ​អ្នក​ណា​ដែល​គ្មាន នោះ​គេ​នឹង​យក​ទាំង​អ្វីៗ​ដែល​អ្នក​នោះ​មាន​ចេញ​ផង ហេតុ​នោះ​បាន​ជា​ខ្ញុំ​និយាយ​នឹង​គេ ជា​ពាក្យ​ប្រៀប​ប្រដូច ដ្បិត​ដែល​គេ​មើល នោះ​មិន​ឃើញ​វិញ ហើយ​ដែល​គេ​ស្តាប់ នោះ​ក៏​មិន​ឮ ហើយ​មិន​យល់​ផង ពាក្យ​ទំនាយ​របស់​ហោរា​អេសាយ​បាន​សំរេច នៅ​លើ​អ្នក​ទាំង​នោះ​ហើយ គឺ​ជា​សេចក្ដី​ដែល​ទាយ​ទុក​មក​ថា «ដែល​ឯង​រាល់​គ្នា​ឮ នោះ​នឹង​ឮ​មែន តែ​ស្ដាប់​មិន​បាន ហើយ​ដែល​ឃើញ នោះ​នឹង​ឃើញ​មែន តែ​មិន​យល់​សោះ ព្រោះ​ចិត្ត​របស់​ជន‌ជាតិ​នេះ​បាន​ត្រឡប់​ជា​ស្ពឹក​វិញ គេ​ឮ​ដោយ​ត្រចៀក​ធ្ងន់ ហើយ​ធ្មេច​ភ្នែក ក្រែង​មើល​ឃើញ​នឹង​ភ្នែក ស្តាប់​ឮ​នឹង​ត្រចៀក ហើយ​យល់​ក្នុង​ចិត្ត រួច​គេ​ប្រែ​ចិត្ត ហើយ​អញ​ប្រោស​ឲ្យ​គេ​បាន​ជា» តែ​អ្នក​រាល់​គ្នា​វិញ ភ្នែក​អ្នក​មាន​ពរ​ហើយ ដ្បិត​មើល​ឃើញ ត្រចៀក​អ្នក​ក៏​ដែរ ដ្បិត​ស្តាប់​ឮ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពី​ដើម​មាន​ហោរា នឹង​មនុស្ស​សុចរិត​ជា​ច្រើន គេ​ចង់​ឃើញ​ការ​ដែល​អ្នក​រាល់​គ្នា​ឃើញ តែ​មិន​មាន​ឃើញ​សោះ ក៏​ចង់​ឮ​សេចក្ដី​ដែល​អ្នក​រាល់​គ្នា​ឮ​ដែរ តែ​មិន​មាន​ឮ​ឡើយ។ ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ស្តាប់​ពាក្យ​ប្រៀប​ប្រដូច ពី​អ្នក​ព្រោះ​ពូជ​នោះ គឺ​កាល​ណា​បើ​អ្នក​ណា​ស្តាប់​ព្រះ‌បន្ទូល​ពី​នគរ តែ​មិន​យល់ នោះ​អា​កំណាច​ក៏​មក​ឆក់​យក​សេចក្ដី ដែល​បាន​ព្រោះ​ក្នុង​ចិត្ត​អ្នក​នោះ​ទៅ​បាត់ នេះ​គឺ​ជា​អ្នក​ដែល​បាន​ទទួល​ពូជ​តាម​ផ្លូវ ហើយ​អ្នក​ដែល​បាន​ទទួល​ពូជ​ក្នុង​កន្លែង​ថ្ម នោះ​គឺ​ជា​អ្នក​ដែល​ឮ​ព្រះ‌បន្ទូល​រួច​ទទួល​ភ្លាម​ដោយ​អំណរ តែ​គ្មាន​ចាក់​ឫស​នៅ​ក្នុង​ខ្លួន ហើយ​មិន​នៅ​ជាប់​ជា​យូរ​ប៉ុន្មាន​ទេ លុះ​កាល​ណា​កើត​មាន​សេចក្ដី​ទុក្ខ​លំបាក ឬ​សេចក្ដី​បៀត‌បៀន​ដោយ​ព្រោះ​ព្រះ‌បន្ទូល នោះ​គេ​រសាយ​ចិត្ត​ចេញ​ភ្លាម

អាន ម៉ាថាយ 13