ឯព្រះយេស៊ូវទ្រង់វិលទៅស្រុកកាលីឡេវិញ ទាំងមានព្រះចេស្តានៃព្រះវិញ្ញាណសណ្ឋិតលើទ្រង់ នោះមានឮល្បីពីទ្រង់សុសសាយទួទៅក្នុងស្រុកនៅជុំវិញ ទ្រង់បង្រៀនក្នុងសាលាប្រជុំរបស់គេ ហើយគេក៏សរសើរដំកើងទ្រង់ទាំងអស់គ្នា រួចទ្រង់យាងមកដល់ណាសារ៉ែត ជាស្រុកដែលទ្រង់គង់នៅពីកុមារ ក៏ចូលទៅក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក តាមទំលាប់ទ្រង់ ហើយឈរឡើង ដើម្បីអានមើលគម្ពីរ គេក៏យកគម្ពីរហោរាអេសាយមកថ្វាយទ្រង់ កាលទ្រង់បានបើកគម្ពីរហើយ នោះទ្រង់រកឃើញត្រង់កន្លែងដែលមានសេចក្ដីចែងទុកមកថា «ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ នឹងសេចក្ដីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច ព្រមទាំងប្រកាសប្រាប់ពីឆ្នាំដែលព្រះអម្ចាស់កំណត់ទុក» កាលទ្រង់បានបិទគម្ពីរ ប្រគល់ដល់អ្នករក្សាសាលាវិញហើយ នោះទ្រង់ក៏គង់ចុះ ឯពួកអ្នកដែលនៅក្នុងសាលា គេក៏សំឡឹងមើលទ្រង់ ទ្រង់ចាប់តាំងមានបន្ទូលទៅគេថា នៅថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ គ្រប់គ្នាជាសាក្សីពីទ្រង់ ក៏អស្ចារ្យក្នុងចិត្តពីព្រះបន្ទូលដ៏ផ្អែមពីរោះ ដែលចេញពីព្រះឱស្ឋទ្រង់មក ហើយគេនិយាយថា តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬអី តែទ្រង់មានបន្ទូលទៅគេថា ពិតប្រាកដជាអ្នករាល់គ្នានឹងនិយាយពាក្យប្រៀបនេះដាក់ខ្ញុំថា គ្រូពេទ្យអើយ ចូរមើលខ្លួនអ្នកឲ្យជាសិនចុះ ការអ្វីដែលយើងបានឮថា អ្នកធ្វើនៅក្រុងកាពើណិម នោះចូរធ្វើនៅស្រុករបស់ខ្លួននេះដែរ ទ្រង់ក៏មានបន្ទូលទៀតថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា គ្មានហោរាណាដែលគេរាប់អាននៅក្នុងស្រុករបស់ខ្លួននោះទេ ខ្ញុំក៏និយាយប្រាកដនឹងអ្នករាល់គ្នាថា នៅជាន់លោកអេលីយ៉ា កាលរាំង៣ឆ្នាំ៦ខែ ហើយមានអំណត់អត់ជាខ្លាំង នៅពេញក្នុងស្រុក នោះមានមេម៉ាយជាច្រើន នៅស្រុកអ៊ីស្រាអែលដែរ តែព្រះទ្រង់មិនបានចាត់លោកអេលីយ៉ា ឲ្យទៅឯមេម៉ាយណាមួយនោះសោះ គឺបានចាត់លោកទៅឯស្រីមេម៉ាយម្នាក់ នៅក្រុងសារិបតា ក្នុងស្រុកស៊ីដូនវិញ ហើយនៅជាន់ហោរាអេលីសេ ក៏មានមនុស្សឃ្លង់ជាច្រើន ក្នុងស្រុកអ៊ីស្រាអែលដែរ តែគ្មានអ្នកណាមួយបានជាស្អាតសោះ បានជាតែលោកណាម៉ាន ជាសាសន៍ស៊ីរី១ប៉ុណ្ណោះ កាលពួកអ្នកនៅក្នុងសាលាប្រជុំ បានឮសេចក្ដីទាំងនោះហើយ គេមានពេញដោយសេចក្ដីក្រោធ ក៏ក្រោកឡើង ដេញទ្រង់ចេញពីភូមិ បណ្តើរទៅដល់ចំរែះនៅលើភ្នំដែលគេបានកធ្វើភូមិ ដើម្បីនឹងច្រានទំលាក់ចុះទៅក្រោម ប៉ុន្តែទ្រង់យាងកាត់កណ្តាលពួកគេចេញបាត់ទៅ។
អាន លូកា 4
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 4:14-30
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ