លូកា 4:1-22
លូកា 4:1-22 ពគប
រីឯព្រះយេស៊ូវទ្រង់បានពេញជាព្រះវិញ្ញាណបរិសុទ្ធ ក៏វិលពីទន្លេយ័រដាន់មកវិញ នោះព្រះវិញ្ញាណនាំទៅនៅទីរហោស្ថាន ទ្រង់ត្រូវអារក្សល្បួងក្នុងរវាង៤០ថ្ងៃ មិនបានសោយអ្វីសោះនៅវេលានោះ លុះផុតថ្ងៃទាំងនោះមក ទ្រង់ក៏ឃ្លាន ហើយអារក្សទូលទ្រង់ថា បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរបង្គាប់ឲ្យថ្មនេះត្រឡប់ជានំបុ័ងទៅ តែព្រះយេស៊ូវមានបន្ទូលតបថា មានសេចក្ដីចែងទុកមកថា «មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូលនៃព្រះវិញ»។ អារក្សក៏នាំទ្រង់ទៅលើកំពូលភ្នំយ៉ាងខ្ពស់ បង្ហាញនគរនៅលោកីយទាំងអស់ក្នុង១ភ្លែតនោះ ហើយទូលថា ខ្ញុំនឹងឲ្យអំណាច នឹងសិរីលំអនៃនគរទាំងនេះដល់អ្នក ដ្បិតបានប្រគល់មកខ្ញុំហើយ ខ្ញុំនឹងឲ្យដល់អ្នកណាស្រេចនឹងចិត្តខ្ញុំ ដូច្នេះ បើអ្នកក្រាបថ្វាយបង្គំខ្ញុំ នោះទាំងអស់នឹងបានជារបស់អ្នក តែព្រះយេស៊ូវឆ្លើយតបថា សាតាំងអើយ ចូរថយទៅក្រោយអញទៅ ដ្បិតមានសេចក្ដីចែងទុកមកថា «ត្រូវឲ្យឯងថ្វាយបង្គំដល់ព្រះអម្ចាស់ ជាព្រះនៃឯង ហើយត្រូវគោរពដល់ទ្រង់តែ១ព្រះអង្គប៉ុណ្ណោះ»។ រួចវានាំទ្រង់ទៅឯក្រុងយេរូសាឡិម ដាក់នៅលើកំពូលព្រះវិហារ ទូលថា បើអ្នកជាព្រះរាជបុត្រានៃព្រះមែន ចូរទំលាក់ខ្លួនពីនេះទៅក្រោមចុះ ដ្បិតមានសេចក្ដីចែងទុកមកថា «ទ្រង់នឹងបង្គាប់ពួកទេវតាទ្រង់ ពីដំណើរអ្នកឲ្យថែរក្សាអ្នក ទេវតានោះនឹងទ្រអ្នកដោយដៃ ក្រែងជើងអ្នកទង្គិចនឹងថ្ម» តែព្រះយេស៊ូវមានបន្ទូលតបថា មានបទគម្ពីរដែលថា «កុំឲ្យឯងល្បងព្រះអម្ចាស់ ជាព្រះនៃឯងឡើយ» កាលអារក្សបានល្បួងសព្វគ្រប់ហើយ នោះក៏ថយចេញពីទ្រង់ទៅ ទាល់តែមានឱកាសទៀត។ ឯព្រះយេស៊ូវទ្រង់វិលទៅស្រុកកាលីឡេវិញ ទាំងមានព្រះចេស្តានៃព្រះវិញ្ញាណសណ្ឋិតលើទ្រង់ នោះមានឮល្បីពីទ្រង់សុសសាយទួទៅក្នុងស្រុកនៅជុំវិញ ទ្រង់បង្រៀនក្នុងសាលាប្រជុំរបស់គេ ហើយគេក៏សរសើរដំកើងទ្រង់ទាំងអស់គ្នា រួចទ្រង់យាងមកដល់ណាសារ៉ែត ជាស្រុកដែលទ្រង់គង់នៅពីកុមារ ក៏ចូលទៅក្នុងសាលាប្រជុំ នៅថ្ងៃឈប់សំរាក តាមទំលាប់ទ្រង់ ហើយឈរឡើង ដើម្បីអានមើលគម្ពីរ គេក៏យកគម្ពីរហោរាអេសាយមកថ្វាយទ្រង់ កាលទ្រង់បានបើកគម្ពីរហើយ នោះទ្រង់រកឃើញត្រង់កន្លែងដែលមានសេចក្ដីចែងទុកមកថា «ព្រះវិញ្ញាណព្រះអម្ចាស់សណ្ឋិតលើខ្ញុំ ពីព្រោះទ្រង់បានចាក់ប្រេងតាំងខ្ញុំ ឲ្យផ្សាយដំណឹងល្អដល់មនុស្សទ័លក្រ ទ្រង់បានចាត់ខ្ញុំឲ្យមក ដើម្បីនឹងប្រោសមនុស្សដែលមានចិត្តសង្រេង ហើយប្រកាសប្រាប់ពីសេចក្ដីប្រោសលោះដល់ពួកឈ្លើយ នឹងសេចក្ដីភ្លឺឡើងវិញដល់មនុស្សខ្វាក់ ហើយឲ្យដោះមនុស្ស ដែលត្រូវគេជិះជាន់ឲ្យរួច ព្រមទាំងប្រកាសប្រាប់ពីឆ្នាំដែលព្រះអម្ចាស់កំណត់ទុក» កាលទ្រង់បានបិទគម្ពីរ ប្រគល់ដល់អ្នករក្សាសាលាវិញហើយ នោះទ្រង់ក៏គង់ចុះ ឯពួកអ្នកដែលនៅក្នុងសាលា គេក៏សំឡឹងមើលទ្រង់ ទ្រង់ចាប់តាំងមានបន្ទូលទៅគេថា នៅថ្ងៃនេះ បទគម្ពីរនេះបានសំរេចនៅត្រចៀកអ្នករាល់គ្នាហើយ គ្រប់គ្នាជាសាក្សីពីទ្រង់ ក៏អស្ចារ្យក្នុងចិត្តពីព្រះបន្ទូលដ៏ផ្អែមពីរោះ ដែលចេញពីព្រះឱស្ឋទ្រង់មក ហើយគេនិយាយថា តើអ្នកនេះមិនមែនជាកូនយ៉ូសែបទេឬអី

