រីឯបុណ្យនំបុ័ងឥតដំបែ ដែលហៅថា បុណ្យរំលង នោះក៏ជិតមកដល់ ហើយពួកសង្គ្រាជ នឹងពួកអាចារ្យ គេរកវិធីយ៉ាងណានឹងសំឡាប់ទ្រង់ចេញ ព្រោះគេខ្លាចបណ្តាជន នោះអារក្សសាតាំងវាចូលយូដាស ដែលហៅថា អ៊ីស្ការីយ៉ុត ជាម្នាក់ក្នុងពួក១២ រួចវាទៅនិយាយនឹងពួកសង្គ្រាជ ហើយនឹងពួកមេទ័ពរក្សាព្រះវិហារ ពីបែបដែលនឹងបញ្ជូនទ្រង់ឲ្យដល់គេ គេក៏ត្រេកអរណាស់ ហើយសន្យានឹងឲ្យប្រាក់ដល់វា វាយល់ព្រម រួចក៏ទៅរកឱកាសនឹងបញ្ជូនទ្រង់ដល់គេ ក្នុងកាលដែលឃ្លាតពីបណ្តាមនុស្ស។ ឯថ្ងៃបុណ្យនំបុ័ងឥតដំបែក៏មកដល់ គឺជាថ្ងៃដែលគេត្រូវសំឡាប់កូនចៀមធ្វើបុណ្យរំលង នោះទ្រង់ចាត់ពេត្រុស នឹងយ៉ូហានឲ្យទៅ ដោយបន្ទូលថា ចូរទៅរៀបចំបុណ្យរំលងសំរាប់យើងរាល់គ្នាបរិភោគ តែគេទូលសួរថា តើទ្រង់សព្វព្រះហឫទ័យ ឲ្យយើងខ្ញុំរៀបចំនៅកន្លែងណា ទ្រង់ក៏ប្រាប់ថា មើល កាលណាចូលទៅក្នុងទីក្រុង នោះនឹងឃើញមនុស្សម្នាក់កំពុងតែលីក្អមទឹក ចូរតាមអ្នកនោះ ទៅក្នុងផ្ទះណាដែលគាត់ចូល ហើយនិយាយនឹងម្ចាស់ផ្ទះនោះថា លោកគ្រូមានប្រសាសន៍សួរមកអ្នកថា តើបន្ទប់ដែលខ្ញុំនឹងទទួលទានបុណ្យរំលង ជាមួយនឹងពួកសិស្សខ្ញុំនៅឯណា នោះគាត់នឹងបង្ហាញបន្ទប់១ធំនៅខាងលើ ដែលមានគ្រប់ប្រដាប់ប្រដា ចូររៀបចំនៅទីនោះចុះ គេក៏ទៅឃើញ ដូចជាទ្រង់បានមានបន្ទូល ហើយគេរៀបចំបុណ្យរំលង។ លុះដល់ពេលហើយ ទ្រង់ក៏គង់នៅតុជាមួយនឹងពួកសាវក ទ្រង់មានបន្ទូលថា មុនដែលខ្ញុំរងទុក្ខលំបាក ខ្ញុំបានចង់ទទួលទានបុណ្យរំលងនេះ ជាមួយនឹងអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនបានទទួលទានបុណ្យនេះទៀតទេ ទាល់តែបុណ្យនេះបានសំរេចនៅក្នុងនគរព្រះវិញ កាលទ្រង់បានទទួលពែងនោះ ក៏អរព្រះគុណ រួចមានបន្ទូលថា ចូរយកពែងនេះចែកគ្នាផឹក ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនផឹកពីផលផ្លែទំពាំងបាយជូរទៀតទេ ដរាបដល់នគរព្រះបានមកដល់ រួចទ្រង់ក៏យកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានទៅគេ ដោយបន្ទូលថា នេះហើយជារូបកាយខ្ញុំ ដែលបានប្រទានមកសំរាប់អ្នករាល់គ្នា ចូរធ្វើបុណ្យនេះ ដើម្បីរំឭកពីខ្ញុំចុះ ក្រោយដែលបានបរិភោគហើយ នោះទ្រង់យកពែងមកធ្វើបែបដូច្នោះដែរ ដោយបន្ទូលថា ពែងនេះជាសញ្ញាថ្មី ដែលតាំងដោយនូវឈាមខ្ញុំ គឺជាឈាម ដែលត្រូវច្រួចចេញសំរាប់អ្នករាល់គ្នា មួយទៀត មើល ដៃនៃអ្នកដែលបញ្ជូនខ្ញុំ ក៏នៅតុជាមួយនឹងខ្ញុំដែរ កូនមនុស្សត្រូវទៅមែន តាមសេចក្ដីដែលសំរេចមក ប៉ុន្តែ វេទនាដល់មនុស្សនោះ ដែលបញ្ជូនខ្ញុំទៅ នោះគេចាប់តាំងសួរគ្នាទៅវិញទៅមក ពីអ្នកណាក្នុងពួកគេ ដែលនឹងធ្វើការនោះ។ គេក៏កើតមានសេចក្ដីទាស់ទែងគ្នា អំពីអ្នកណាដែលរាប់ជាធំជាងគេ តែទ្រង់មានបន្ទូលថា អស់ទាំងស្តេចនៃសាសន៍ដទៃ គេតែងសោយរាជ្យលើបណ្តារាស្ត្រ ហើយបណ្តាជនហៅពួកអ្នកមានអំណាចលើគេ ថាជាអ្នកមានគុណដែរ ប៉ុន្តែ មិនត្រូវឲ្យមានដូច្នោះក្នុងពួកអ្នករាល់គ្នាឡើយ ឯអ្នកណាដែលធំជាងគេ ក្នុងពួកអ្នករាល់គ្នា នោះត្រូវប្រព្រឹត្តដូចជាតូចជាងគេវិញ ហើយអ្នកណាដែលនាំមុខគេ នោះដូចជាអ្នកបំរើដែរ ដ្បិតតើអ្នកណាធំជាង អ្នកដែលអង្គុយនៅតុ ឬអ្នកដែលបំរើ តើមិនមែនជាអ្នកដែលអង្គុយនៅតុទេឬអី ប៉ុន្តែ ខ្ញុំនៅកណ្តាលពួកអ្នករាល់គ្នា ទុកដូចជាអ្នកបំរើវិញ ឯអ្នករាល់គ្នា គឺជាពួកដែលបានកាន់ខ្ជាប់ជាមួយនឹងខ្ញុំ ក្នុងអស់ទាំងសេចក្ដីល្បងលខ្ញុំ ខ្ញុំក៏ដំរូវនគរ១ឲ្យអ្នករាល់គ្នា ដូចជាព្រះវរបិតានៃខ្ញុំបានដំរូវនគរឲ្យខ្ញុំដែរ ដើម្បីឲ្យអ្នករាល់គ្នាបានបរិភោគនៅតុខ្ញុំ ក្នុងនគររបស់ខ្ញុំ ហើយឲ្យបានអង្គុយលើបល្ល័ង្ក ជំនុំជំរះពូជអំបូរអ៊ីស្រាអែលទាំង១២ផង។ ព្រះអម្ចាស់ក៏មានបន្ទូលថា ស៊ីម៉ូនៗអើយ មើល សាតាំងបានសូមចង់បានអ្នករាល់គ្នា ប្រយោជន៍នឹងរែងអ្នករាល់គ្នា ដូចជារែងអង្ករ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្ដីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង តែគាត់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយនឹងទ្រង់ដែរ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី នោះទ្រង់មានបន្ទូលថា ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះ មាន់មិនរងាវឡើយ ទាល់តែអ្នកបានប្រកែក៣ដងថា មិនស្គាល់ខ្ញុំ។
អាន លូកា 22
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លូកា 22:1-34
29 ថ្ងៃ។
សាក្សីឃើញផ្ទាល់ភ្នែកប្រាប់ដំណឹងល្អ លូកាប្រាប់ពីរឿងរបស់ព្រះយេស៊ូតាំងពីកំណើតដល់សុគតដល់ការរស់ឡើងវិញ។ លូកាក៏រៀបរាប់ឡើងវិញនូវការបង្រៀនរបស់ទ្រង់ដែលបានផ្លាស់ប្តូរពិភពលោក។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈលូកា នៅពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ