ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេនឹងអើរ៉ុន ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើមនុស្សណាមានខ្ទុះហូរចេញពីសាច់ នោះរាប់ជាស្មោកគ្រោកហើយ ដោយព្រោះហូរខ្ទុះនោះ នេះឯងជាសេចក្ដីស្មោកគ្រោករបស់អ្នកនោះ ក្នុងកាលដែលហូរខ្ទុះ ទោះបើកំពុងតែហូរនៅឡើយ ឬបាត់ទៅក្តី នោះគង់តែរាប់ជាស្មោកគ្រោកដែរ គ្រប់ទាំងដំណេកណាដែលមនុស្សនោះបានដេកនៅ នោះត្រូវស្មោកគ្រោក ហើយរបស់អ្វីដែលអ្នកនោះអង្គុយចុះ ក៏ត្រូវស្មោកគ្រោកដែរ បើអ្នកណាពាល់គ្រែរបស់អ្នកនោះ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច ហើយបើអ្នកណាអង្គុយលើរបស់អ្វី ដែលមនុស្សហូរខ្ទុះនោះបានអង្គុយនៅ នោះត្រូវបោកសំលៀកបំពាក់របស់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច បើអ្នកណាពាល់សាច់មនុស្សនោះ ត្រូវឲ្យបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច បើមនុស្សដែលហូរខ្ទុះនោះស្តោះទៅលើមនុស្សដែលស្អាត អ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច គ្រប់ទាំងកែបណាដែលមនុស្សហូរខ្ទុះនោះនឹងជិះ នោះត្រូវស្មោកគ្រោកដែរ បើអ្នកណាពាល់របស់អ្វីដែលបាននៅក្រោមអ្នកនោះ នោះត្រូវនៅជាស្មោកគ្រោករហូតដល់ល្ងាច ហើយអ្នកណាដែលចាប់លើករបស់ណាមួយនោះ ក៏ត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច បើមនុស្សហូរខ្ទុះនោះពាល់អ្នកណាឥតលាងដៃ អ្នកនោះត្រូវបោកសំលៀកបំពាក់ខ្លួន ហើយងូតទឹកចេញ រួចនៅជាស្មោកគ្រោករហូតដល់ល្ងាច ឯប្រដាប់ណាធ្វើពីដីដែលមនុស្សហូរខ្ទុះនឹងចាប់ពាល់ នោះត្រូវបំបែកចោលចេញ ហើយគ្រប់ទាំងប្រដាប់ធ្វើពីឈើ នោះត្រូវលាងនឹងទឹកចេញដែរ។ បើកាលណាមនុស្ស ដែលហូរខ្ទុះនោះ បានជាស្អាតហើយ នោះត្រូវរាប់៧ថ្ងៃ ឲ្យបានញែកខ្លួនជាស្អាត រួចត្រូវបោកសំលៀកបំពាក់ ហើយងូតក្នុងទឹកដែលហូរ នោះនឹងបានស្អាតវិញ លុះដល់ថ្ងៃទី៨ ត្រូវឲ្យយកលលក២ ឬព្រាបជំទើរ២ ទៅប្រគល់ដល់សង្ឃនៅចំពោះព្រះយេហូវ៉ា ត្រង់មាត់ទ្វារត្រសាលជំនុំ ត្រូវឲ្យសង្ឃថ្វាយសត្វនោះ គឺ១សំរាប់ជាដង្វាយលោះបាប ១ទៀតសំរាប់ជាដង្វាយដុត ហើយត្រូវធ្វើឲ្យធួននឹងអ្នកនោះនៅចំពោះព្រះយេហូវ៉ា ដោយព្រោះរោគហូរខ្ទុះនោះ។
អាន លេវីវិន័យ 15
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លេវីវិន័យ 15:1-15
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ