គ្រានោះ ពួកកូនចៅយូដាក៏ចូលមកឯយ៉ូស្វេត្រង់គីលកាល រួចកាលែប ជាកូនយេភូនេ ជាពួកកេណាសក៏និយាយនឹងលោកថា លោកជ្រាបសេចក្ដីដែលព្រះយេហូវ៉ាបានមានបន្ទូលមកលោកម៉ូសេ ជាអ្នកសំណប់របស់ព្រះ ពីដំណើរខ្ញុំ នឹងលោក នៅត្រង់កាដេស-បារនាហើយ កាលលោកម៉ូសេជាអ្នកបំរើនៃព្រះយេហូវ៉ា បានចាត់ខ្ញុំពីកាដេស-បារនា ឲ្យទៅសង្កេតមើលស្រុក នោះខ្ញុំមានអាយុ៤០ឆ្នាំហើយ ខ្ញុំក៏បានត្រឡប់មកវិញ ជំរាបលោកតាមគំនិតខ្ញុំ ប៉ុន្តែពួកបងប្អូនដែលឡើងទៅជាមួយនឹងខ្ញុំ គេបានរំសាយចិត្តពួកបណ្តាជនវិញ ឯខ្ញុំបានធ្វើតាមព្រះយេហូវ៉ាជាព្រះនៃខ្ញុំគ្រប់ជំពូក ហើយនៅថ្ងៃនោះឯង លោកម៉ូសេក៏ស្បថថា ដីដែលជើងឯងបានជាន់ នោះនឹងត្រូវបានជាមរដកដល់ឯង នឹងកូនចៅឯងតរៀងទៅ ដោយព្រោះឯងបានតាមព្រះយេហូវ៉ាជាព្រះនៃអញគ្រប់ជំពូក ឥឡូវនេះ មើល ព្រះយេហូវ៉ាទ្រង់បានទុកឲ្យខ្ញុំរស់នៅដូចជាទ្រង់បានមានបន្ទូល គឺមាន៤៥ឆ្នាំនេះហើយ តាំងពីព្រះយេហូវ៉ាបានមានបន្ទូលសេចក្ដីនោះនឹងលោកម៉ូសេ ក្នុងកាលដែលពួកអ៊ីស្រាអែលកំពុងដើរក្នុងទីរហោស្ថាននៅឡើយ ហើយមើល នៅថ្ងៃនេះ ខ្ញុំមានអាយុ៨៥ឆ្នាំហើយ សព្វថ្ងៃនេះ ខ្ញុំនៅតែមានកំឡាំង ដូចក្នុងកាលដែលលោកម៉ូសេបានចាត់ខ្ញុំឲ្យទៅនោះនៅឡើយ កំឡាំងខ្ញុំឥឡូវនេះក៏ដូចជាកាលពីដើមដែរ សំរាប់នឹងទៅច្បាំងទាំងចេញទៅហើយចូលមកវិញផង ដូច្នេះសូមឲ្យស្រុកភ្នំនេះ ដែលព្រះយេហូវ៉ាបានមានបន្ទូលនៅគ្រានោះមកខ្ញុំចុះ ដ្បិតលោកបានឮនៅវេលានោះ ហើយថា មានសាសន៍អ័ណាក់នៅស្រុកនោះ ហើយមានទាំងទីក្រុងធំៗដែលមានកំផែងផង ប្រហែលជាព្រះយេហូវ៉ាទ្រង់នឹងគង់ជាមួយនឹងខ្ញុំទេដឹង ឲ្យខ្ញុំបានបណ្តេញគេចេញទៅ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលហើយ។ នោះយ៉ូស្វេឲ្យពរដល់កាលែប ជាកូនយេភូនេ ហើយក៏ឲ្យក្រុងហេប្រុនទៅគាត់ទុកជាមរដក ដូច្នេះ ក្រុងហេប្រុនបានត្រឡប់ជាមរដករបស់កាលែប ជាកូនយេភូនេ ដែលជាពួកកេណាស ដរាបដល់សព្វថ្ងៃនេះ ពីព្រោះគាត់បានធ្វើតាមព្រះយេហូវ៉ាជាព្រះនៃសាសន៍អ៊ីស្រាអែលគ្រប់ជំពូក រីឯក្រុងហេប្រុននេះ ពីដើម មានឈ្មោះជាគារយ៉ាត់-អើបា ដែលអើបានោះជាមនុស្សមានមាឌធំជាងគេក្នុងពួកសាសន៍អ័ណាក់ តពីនោះមក ស្រុកនោះក៏បានស្រាកស្រាន្តពីចំបាំងទៅ។
អាន យ៉ូស្វេ 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូស្វេ 14:6-15
13 ថ្ងៃ។
ចូរហៅសៀវភៅយ៉ូស្វេថា “និក្ខមនំ៖ ផ្នែកទី ២” ជារាស្ដ្ររបស់ព្រះជំនាន់ថ្មីយកទឹកដីដែលលោកបានសន្យា។ ការធ្វើដំណើរជារៀងរាល់ថ្ងៃតាមរយៈយ៉ូស្វេ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ