យ៉ូហាន 17:13-24

យ៉ូហាន 17:13-24 ពគប

ឥឡូវ​នេះ ទូលបង្គំ​ទៅ​ឯ​ទ្រង់ តែ​ទូលបង្គំ​ថ្លែង​សេចក្ដី​ទាំង​នេះ នៅ​ក្នុង​លោកីយ ដើម្បី​ឲ្យ​គេ​បាន​សេចក្ដី​អំណរ​របស់​ទូលបង្គំ ឲ្យ​នៅ​ពោរ‌ពេញ​ក្នុង​ខ្លួន​គេ ទូលបង្គំ​បាន​ឲ្យ​ព្រះ‌បន្ទូល​ទ្រង់​ដល់​គេ ហើយ​លោកីយ​បាន​ស្អប់​គេ ពី​ព្រោះ​គេ​មិន​មែន​ជា​របស់​លោកីយ​ទេ ដូច​ជា​ទូលបង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ ទូលបង្គំ​មិន​សូម​ឲ្យ​យក​គេ​ចេញ​ពី​លោកីយ​ទេ គឺ​សូម​ឲ្យ​ទ្រង់​រក្សា​គេ ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ គេ​មិន​មែន​ជា​របស់​ផង​លោកីយ ដូច​ជា​ទូលបង្គំ​ក៏​មិន​មែន​ជា​របស់​លោកីយ​ដែរ សូម​ញែក​គេ​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត​របស់​ទ្រង់ ឯ​សេចក្ដី​ពិត គឺ​ជា​ព្រះ‌បន្ទូល​របស់​ទ្រង់ ទូលបង្គំ​បាន​ចាត់​គេ​ឲ្យ​ទៅ​ក្នុង​លោកីយ ដូច​ជា​ទ្រង់​ចាត់​ទូលបង្គំ ឲ្យ​មក​ក្នុង​លោកីយ​ដែរ ឯ​ទូលបង្គំ​ក៏​ញែក​ខ្លួន​ចេញ​ជា​បរិសុទ្ធ​ដោយ​យល់​ដល់​គេ ដើម្បី​ឲ្យ​គេ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ‌សារ​សេចក្ដី​ពិត​ដែរ។ ទូលបង្គំ​មិន​អធិស្ឋាន ឲ្យ​អ្នក​ទាំង​នេះ​តែ​ប៉ុណ្ណោះ គឺ​ឲ្យ​ដល់​ទាំង​អ្នក​ណា ដែល​នឹង​ជឿ​ដល់​ទូលបង្គំ ដោយ‌សារ​ពាក្យ​របស់​គេ​ថែម​ទៀត​ដែរ ដើម្បី​ឲ្យ​ទាំង​អស់​បាន​រួម​មក​តែ​មួយ ឱ​ព្រះវរ‌បិតា​អើយ ដូច​ជា​ទ្រង់​គង់​ក្នុង​ទូលបង្គំ ហើយ​ទូលបង្គំ​នៅ​ក្នុង​ទ្រង់​ដែរ គឺ​ឲ្យ​អ្នក​ទាំង​នោះ​បាន​រួម​គ្នា​តែ​មួយ នៅ​ក្នុង​យើង ប្រយោជន៍​ឲ្យ​លោកីយ​បាន​ជឿ​ថា ទ្រង់​ចាត់​ឲ្យ​ទូលបង្គំ​មក​ពិត ឯ​សិរី‌ល្អ​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​ទូលបង្គំ​បាន​ឲ្យ​ដល់​គេ​ហើយ ដើម្បី​ឲ្យ​គេ​បាន​រួម​គ្នា​តែ​មួយ ដូច​ជា​យើង​ក៏​រួម​តែ​មួយ​ដែរ គឺ​ទូលបង្គំ​នៅ​ក្នុង​គេ ហើយ​ទ្រង់​គង់​ក្នុង​ទូលបង្គំ ដើម្បី​ឲ្យ​គេ​បាន​គ្រប់​លក្ខណ៍​ឡើង ដរាប​ដល់​រួម​គ្នា​តែ​មួយ​ជា​ស្រេច ប្រយោជន៍​ឲ្យ​លោកីយ​បាន​ដឹង​ថា គឺ​ទ្រង់​ដែល​ចាត់​ឲ្យ​ទូលបង្គំ​មក​មែន ហើយ​ថា ទ្រង់​ស្រឡាញ់​គេ ដូច​ជា​ស្រឡាញ់​ទូលបង្គំ​ដែរ។ ឱ​ព្រះវរ‌បិតា​អើយ ឯ​ពួក​អ្នក​ដែល​ទ្រង់​ប្រទាន​មក​ទូលបង្គំ នោះ​ទូលបង្គំ​ចង់​ឲ្យ​គេ​នៅ​ជា​មួយ​នឹង​ទូលបង្គំ ក្នុង​កន្លែង​ដែល​ទូលបង្គំ​នៅ​ដែរ ដើម្បី​ឲ្យ​បាន​ឃើញ​សិរី‌ល្អ ដែល​ទ្រង់​បាន​ប្រទាន​មក​ទូលបង្គំ ដ្បិត​ទ្រង់​បាន​ស្រឡាញ់​ទូលបង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ​រៀង​មក

អាន យ៉ូហាន 17