យ៉ាកុប 3:1-11

យ៉ាកុប 3:1-11 ពគប

បង​ប្អូន​អើយ កុំ​ឲ្យ​ធ្វើ​ជា​គ្រូ​ច្រើន​គ្នា​ពេក​ឡើយ ពី​ព្រោះ​ដឹង​ហើយ​ថា យើង​នឹង​ត្រូវ​ទោស​ធ្ងន់​ជាង​គេ ដ្បិត​យើង​ទាំង​អស់​គ្នា​ក៏​ជំពប់​ជា​ញយៗ​ដែរ បើ​អ្នក​ណា​មិន​បាន​ជំពប់​ដោយ​ពាក្យ​សំដី នោះ​ជា​មនុស្ស​គ្រប់​លក្ខណ៍​ហើយ ដែល​អាច​នឹង​ទប់​រូប‌កាយ​ទាំង​មូល​បាន​ដែរ មើល​យើង​ដាក់​ដែក​បង្ខាំ​ចុះ​ក្នុង​មាត់​សេះ ឲ្យ​វា​ស្តាប់​បង្គាប់​តាម ហើយ​យើង​ញាក់​រូប‌កាយ​វា​ទាំង​មូល​ទៅ​បាន សូម​គិត​មើល​ពី​សំពៅ​ដែរ វា​ធំ​ដល់​ម៉្លេះ ហើយ​មាន​ខ្យល់​គំហុក​បក់​ផាត់​ទៅ​ផង តែ​តៃកុង​បើក​ទៅ​មក​បាន​តាម​ចិត្ត ក៏​ដោយ‌សារ​តែ​ចង្កូត​យ៉ាង​តូច​ប៉ុណ្ណោះ ឯ​អណ្តាត​ក៏​ជា​អវយវៈ​១​យ៉ាង​តូច​ដូច្នោះ​ដែរ ប៉ុន្តែ ចេះ​អួត​អាង​យ៉ាង​សំបើម​ណាស់ មើល​ចុះ ភ្លើង​តែ​បន្តិច​ទេ អាច​នឹង​ឆេះ​ព្រៃ​ធំៗ​ទៅ​បាន ហើយ​អណ្តាត​ក៏​ជា​ភ្លើង​ដែរ គឺ​ជា​លោកីយ​ដ៏​ពេញ​ដោយ​សេចក្ដី​ទុច្ចរិត ជា​គ្រឿង​រាប់​បញ្ចូល​ជា​១​នឹង​អវយវៈ​ឯ​ទៀត​របស់​យើង ជា​របស់​ដែល​ធ្វើ​ឲ្យ​រូប‌កាយ​ទាំង​មូល​ស្មោក‌គ្រោក ក៏​បញ្ឆេះ​ទាំង​ផ្លូវ​ជីវិត​ផង ហើយ​ភ្លើង​ឆេះ​នោះ​មក​ពី​ស្ថាន​នរក​ដែរ រីឯ​គ្រប់​ទាំង​ពូជ​សត្វ​ព្រៃ សត្វ​ស្លាប សត្វ​លូន​វារ នឹង​សត្វ​នៅ​ក្នុង​សមុទ្រ នោះ​គេ​អាច​នឹង​ផ្សាំង​បាន ក៏​មាន​មនុស្ស​បាន​ផ្សាំង​ហើយ​ដែរ តែ​ឯ​អណ្តាត​វិញ នោះ​គ្មាន​អ្នក​ណា​អាច​នឹង​ផ្សាំង​បាន​ឡើយ គឺ​ជា​របស់​អាក្រក់ ដែល​ទប់​មិន​បាន ក៏​មាន​ពេញ​ដោយ​ពិស​ដែល​នាំ​ឲ្យ​ស្លាប់ ដោយ‌សារ​អណ្តាត នោះ​យើង​សរសើរ​ដំកើង​ដល់​ព្រះ‌អម្ចាស់​ដ៏​ជា​ព្រះវរ‌បិតា​ផង ហើយ​ដាក់​បណ្តាសា​ដល់​មនុស្ស ដែល​កើត​មក​តាម​រូប​អង្គ​ព្រះ​ផង មាន​ទាំង​ពាក្យ​សរសើរ នឹង​ពាក្យ​ប្រទេច​ផ្តាសា ចេញ​មក​ពី​មាត់​តែ​១​នោះ​ឯង បង​ប្អូន​អើយ មិន​គួរ​គប្បី​ឲ្យ​មាន​ដូច្នោះ​ឡើយ តើ​រន្ធ​ទឹក​តែ​១​នឹង​អាច​ចេញ​ជា​ទឹក​សាប ហើយ​ភ្លាវ​ផង​បាន​ឬ​ទេ

អាន យ៉ាកុប 3