ឱក្រុងយេរូសាឡិមអើយ អញបានដាក់ពួកយាមល្បាតនៅលើកំផែងឯងហើយ គេនឹងមិននៅមាត់ស្ងៀម ទោះយប់ឬថ្ងៃផង ឯងរាល់គ្នាដែលជាអ្នករំឭកព្រះយេហូវ៉ាអើយ កុំឲ្យនៅស្ងៀមឡើយ ហើយកុំឲ្យទ្រង់នៅទំនេរឲ្យសោះ ដរាបដល់ទ្រង់បានតាំងក្រុងយេរូសាឡិមឡើង ឲ្យជាទីសរសើរនៅលើផែនដី ព្រះយេហូវ៉ា ទ្រង់បានស្បថដោយព្រះហស្តស្តាំទ្រង់ ហើយដោយព្រះពាហុដ៏មានឥទ្ធិឫទ្ធិរបស់ទ្រង់ថា ពិតប្រាកដជាអញនឹងមិនឲ្យស្រូវរបស់ឯងទៅធ្វើជាអាហារដល់ពួកខ្មាំងសត្រូវឯងទៀត ហើយពួកសាសន៍ដទៃនឹងមិនផឹកទឹកទំពាំងបាយជូរ ដែលឯងបានខំធ្វើទៀតឡើយ គឺពួកអ្នកដែលបានច្រូតផលនោះនឹងស៊ីវិញ ហើយគេនឹងសរសើរដល់ព្រះយេហូវ៉ា ឯពួកអ្នកដែលបានប្រមូលផ្លែនោះ គេនឹងផឹកនៅក្នុងទីលាននៃទីបរិសុទ្ធរបស់អញ។ ចូរចូលទៅ ចូរចូលទៅតាមទ្វារចុះ ចូររៀបផ្លូវសំរាប់ប្រជាជន ចូរលើក ចូរលើកថ្នល់ឡើង ចូរប្រមូលយកថ្មចេញ ហើយបង្ហូតទង់ជ័យ១សំរាប់ជនជាតិទាំងឡាយ មើល ព្រះយេហូវ៉ាទ្រង់បានប្រកាសប្រាប់រហូតដល់ចុងផែនដីបំផុត ឲ្យប្រាប់ដល់កូនស្រីស៊ីយ៉ូនថា មើល សេចក្ដីសង្គ្រោះរបស់ឯងបានមកដល់ហើយ មើល ទ្រង់យករង្វាន់មកជាមួយ ហើយសំណងរបស់ទ្រង់ក៏នាំមុខទៅ គេនឹងហៅពួកនោះថា ជាជនជាតិបរិសុទ្ធ គឺជាពួកដែលព្រះយេហូវ៉ាទ្រង់ប្រោសលោះ នោះឯងនឹងបានហៅថា ទីក្រុងដែលគេស្វែងរក ជាទីក្រុងដែលមិនត្រូវបង់ចោលឡើយ។
អាន អេសាយ 62
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសាយ 62:6-12
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ