ហេព្រើរ 10:12-20
ហេព្រើរ 10:12-20 ពគប
តែទ្រង់វិញ ក្រោយដែលទ្រង់បានថ្វាយយញ្ញបូជាតែ១ ដោយព្រោះបាប នោះទ្រង់បានគង់ខាងស្តាំព្រះ នៅជារៀងរាបដរាបទៅ ទាំងចាំទំរាំដល់បានដាក់ពួកខ្មាំងសត្រូវ ឲ្យធ្វើជាកំណល់កល់ព្រះបាទទ្រង់ ដ្បិតទ្រង់ធ្វើឲ្យពួកអ្នក ដែលបានញែកជាបរិសុទ្ធហើយ បានគ្រប់លក្ខណ៍អស់កល្បជានិច្ច ដោយសារដង្វាយតែ១នោះ ហើយព្រះវិញ្ញាណបរិសុទ្ធ ក៏ធ្វើបន្ទាល់ដល់យើងដែរ ដ្បិតក្រោយដែលទ្រង់មានបន្ទូលថា «ឯសេចក្ដីសញ្ញា ដែលអញនឹងតាំងដល់គេក្រោយគ្រានោះ គឺថា អញនឹងដាក់ក្រិត្យវិន័យអញនៅក្នុងចិត្តគេ ហើយនឹងកត់ទុកនៅក្នុងគំនិតគេផង» នោះទ្រង់បានបន្ថែមនូវព្រះបន្ទូលនេះទៀតថា «អញនឹងលែងនឹកចាំពីអំពើបាប នឹងសេចក្ដីទទឹងច្បាប់របស់គេទៀត» ដូច្នេះ ដែលបានប្រោសឲ្យរួចពីសេចក្ដីទាំងនោះរួចហើយ នោះមិនចាំបាច់ថ្វាយដង្វាយ ដោយព្រោះបាបទៀតទេ។ ដូច្នេះ បងប្អូនអើយ ដែលយើងមានសេចក្ដីក្លៀវក្លានឹងចូលទៅក្នុងទីបរិសុទ្ធ ដោយសារព្រះលោហិតនៃព្រះយេស៊ូវ តាមផ្លូវដែលទ្រង់បានតាំងសំរាប់យើងរាល់គ្នា ជាផ្លូវថ្មី ហើយរស់ ដែលចូលកាត់វាំងនន គឺជារូបសាច់របស់ទ្រង់

