លោកុ‌ប្បត្តិ 14:11-16

លោកុ‌ប្បត្តិ 14:11-16 ពគប

រួច​ស្តេច​ទាំង​នោះ​ក៏​យក​ទ្រព្យ​សម្បត្តិ​នៃ​ក្រុង​សូដុំម នឹង​ក្រុង​កូម៉ូរ៉ា​ទាំង​អស់ ព្រម​ទាំង​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​ចេញ​បាត់​ទៅ ក៏​ចាប់​ឡុត ជា​ក្មួយ​អាប់រ៉ាម ដែល​នៅ​ក្រុង​សូដុំម នឹង​ទ្រព្យ​សម្បត្តិ​របស់​គាត់ នាំ​ទៅ​ជា​មួយ​ដែរ។ មាន​មនុស្ស​ម្នាក់​ដែល​បាន​រត់​រួច​ពី​ចំបាំង គាត់​ទៅ​ជំរាប​ដល់​អាប់រ៉ាម​ជា​សាសន៍​ហេព្រើរ ដែល​នៅ​ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ាមរេ ជា​សាសន៍​អាម៉ូរី ដែល​ជា​បង​អែស‌កុល ហើយ​នឹង​អាន់នើរ​ដែល​បាន​ចង​មិត្រ​មេត្រី​នឹង​អាប់រ៉ាម កាល​អាប់រ៉ាម​បាន​ឮ​ថា គេ​ចាប់​ក្មួយ​ខ្លួន​ទៅ​ជា​ឈ្លើយ​ដូច្នោះ នោះ​គាត់​នាំ​ពួក​បំរើ​ទាំង​ប៉ុន្មាន​ដែល​កើត​ក្នុង​ផ្ទះ​គាត់ សុទ្ធ​តែ​ជា​មនុស្ស​ថ្នឹក​សង្គ្រាម មាន​ចំនួន​៣១៨​នាក់ លើក​គ្នា​ចេញ​ទៅ​ដេញ​តាម​គេ​រហូត​ដល់​ដាន់ គាត់​ចែក​ពួក​បាវ​ឲ្យ​ទៅ​ទាស់​នឹង​គេ​ទាំង​យប់ ក៏​វាយ​គេ ហើយ​ដេញ​តាម​រហូត​ដល់​ហូបា ដែល​នៅ​ជា​ខាង​ឆ្វេង​នៃ​ក្រុង​ដាម៉ាស រួច​នាំ​អស់​ទាំង​ទ្រព្យ​សម្បត្តិ​វិល​មក​វិញ ព្រម​ទាំង​ឡុត​ជា​ក្មួយ​នឹង​ទ្រព្យ​សម្បត្តិ​របស់​គាត់​ដែរ ទាំង​ពួក​ស្ត្រី​នឹង​មនុស្ស​ទាំង​អស់​ផង។