អ្នកណាដែលវាយមនុស្សដល់ស្លាប់ នោះនឹងត្រូវសំឡាប់ចេញជាមិនខាន តែបើមិនបានលបវាយទេ គឺដោយព្រះបានឲ្យគេស្លាប់ ដោយសារដៃអ្នកនោះវិញ នោះអញនឹងតាំងឲ្យមានកន្លែង១ ដែលអ្នកនោះនឹងរត់ទៅទីពឹងបាន ប៉ុន្តែបើសិនជាអ្នកណាបានប្រព្រឹត្តដោយចិត្តព្រហើនចំពោះអ្នកជិតខាង ទាំងសំឡាប់ដោយឧបាយកល នោះទោះបើបានចូលទៅទីពឹងដល់អាសនាអញក៏ដោយ គង់តែត្រូវចាប់នាំចេញទៅសំឡាប់ដែរ។ ឯអ្នកណាដែលវាយឪពុកឬម្តាយខ្លួន នោះត្រូវសំឡាប់ចោលជាមិនខាន ហើយអ្នកណាដែលចាប់មនុស្សយកទៅលក់ ឬទាន់ឃើញកំពុងនៅក្នុងដៃនៅឡើយ នោះត្រូវសំឡាប់ចោលជាមិនខាន ឯអ្នកណាដែលប្រទេចផ្តាសាដល់ឪពុកឬម្តាយខ្លួន នោះត្រូវសំឡាប់ចោលចេញជាមិនខានដែរ។ បើអ្នកណាឈ្លោះគ្នា ហើយអ្នក១បានយកថ្មទៅគប់អ្នក១ ឬដាល់តប់គេ តែមិនបានស្លាប់ទេ គ្រាន់តែឈឺដល់ដេកនៅគ្រែប៉ុណ្ណោះ បើសិនជាអ្នករងគ្រោះនោះក្រោកកាន់ឈើច្រត់ដើរទៅក្រៅបាន នោះអ្នកដែលបានវាយនឹងបានរួច តែត្រូវសងបំពេញការគេ ហើយត្រូវមើលគេ ទាល់តែបានជាស្រឡះដែរ។ បើអ្នកណាវាយបាវប្រុស ឬបាវស្រីខ្លួន ដោយដំបង ហើយបាវនោះស្លាប់នៅក្រោមដៃខ្លួនភ្លាម នោះត្រូវធ្វើទោសដល់ចៅហ្វាយជាមិនខាន ប៉ុន្តែបើបាវនោះរស់នៅបាន២ ឬ៣ថ្ងៃ នោះមិនត្រូវធ្វើទោសដល់ចៅហ្វាយទេ ដ្បិតបាវនោះជារបស់ទ្រព្យផងគេហើយ។ បើអ្នកណាឈ្លោះគ្នា ហើយប៉ះទង្គិចលើស្ត្រីមានផ្ទៃពោះឲ្យរលូតកូន តែគ្មានគ្រោះថ្នាក់ទេ នោះត្រូវធ្វើទោសជាមិនខាន តាមបន្ទុកដែលប្ដីរបស់នាងផ្ទុកលើអ្នកនោះ ហើយត្រូវសងគេតាមដែលចៅក្រមកាត់សំរេចឲ្យ ប៉ុន្តែបើមានគ្រោះថ្នាក់ នោះត្រូវសងជីវិតឲ្យធួននឹងជីវិតវិញ ត្រូវសងភ្នែកឲ្យធួននឹងភ្នែក ធ្មេញឲ្យធួននឹងធ្មេញ ដៃឲ្យធួននឹងដៃ ជើងឲ្យធួននឹងជើង រលាកឲ្យធួននឹងរលាក របួសឲ្យធួននឹងរបួស ជាំឲ្យធួននឹងជាំដែរ។ បើអ្នកណាវាយត្រូវភ្នែករបស់បាវប្រុសបាវស្រីខ្លួនឲ្យខ្វាក់ នោះត្រូវឲ្យវារួចចេញទៅទទេ ដោយព្រោះភ្នែក ហើយបើវាយបំបាក់ធ្មេញបាវប្រុសបាវស្រី នោះក៏ត្រូវឲ្យវារួចចេញទៅទទេដែរ ដោយព្រោះធ្មេញ។ បើគោណាជល់មនុស្សប្រុសឬស្រី ដល់ស្លាប់ នោះត្រូវចោលគោនោះសំឡាប់នឹងថ្មជាមិនខាន ហើយមិនត្រូវទាំងស៊ីសាច់វាផង ឯម្ចាស់វាត្រូវរួចខ្លួនវិញ ប៉ុន្តែ បើពីដើមគោនោះធ្លាប់តែជល់គេ ក៏មានគេបានប្រាប់ដល់ម្ចាស់ហើយ តែម្ចាស់មិនបានឃុំឃាំងវា ហើយវាជល់មនុស្សប្រុស ឬស្រីឲ្យស្លាប់ទៅ នោះឯរូបគោ ត្រូវគេចោលសំឡាប់នឹងថ្ម ឯម្ចាស់ក៏ត្រូវស្លាប់ដែរ តែបើគេចាប់ឲ្យសងថ្លៃជំនួសជីវិតវិញ នោះក៏ត្រូវឲ្យម្ចាស់សងគេតាមដែលគេបង្គាប់ទាំងអស់ចុះ ទោះបើបានជល់ដល់កូនប្រុសឬកូនស្រីក្តី ក៏ត្រូវឲ្យជំនុំជំរះតាមច្បាប់នេះដែរ តែបើគោនោះបានជល់ដល់បាវប្រុសឬបាវស្រីគេវិញ នោះត្រូវសងតែប្រាក់៣០រៀលទៅចៅហ្វាយវាបានហើយ ឯរូបគោត្រូវចោលសំឡាប់នឹងថ្មទៅ។ បើអ្នកណាបើកអណ្តូង ឬជីកអណ្តូង ហើយមិនបានគ្រប រួចមានគោ ឬលាធ្លាក់ចុះទៅក្នុងនោះ នោះម្ចាស់អណ្តូងត្រូវសងប្រាក់ដល់ម្ចាស់វាតាមដំឡៃសត្វ រួចសត្វស្លាប់នោះនឹងបានមកម្ចាស់អណ្តូងវិញ។ បើគោរបស់អ្នកណាជល់គោគេឲ្យស្លាប់ នោះគេត្រូវលក់គោដែលនៅរស់ចែកប្រាក់គ្នា ហើយសាច់គោស្លាប់ក៏ត្រូវចែកគ្នាដែរ តែបើម្ចាស់ដឹងថា គោនោះធ្លាប់ជល់ពីដើមមក ហើយមិនបានបង្ខាំងទុក នោះត្រូវសងជាគោឲ្យធួននឹងគោជាមិនខាន រួចគោស្លាប់នឹងបានមកខ្លួនវិញ។
អាន និក្ខមនំ 21
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 21:12-36
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ