គេក៏នាំអេសធើរចូលទៅថ្វាយស្តេចអ័ហាស៊ូរុស នៅក្នុងព្រះរាជដំណាក់ នៅខែទី១០ គឺជាខែបុស្ស ក្នុងឆ្នាំទី៧នៃរាជ្យទ្រង់ ស្តេចទ្រង់ក៏ស្រឡាញ់អេសធើរលើសជាងស្ត្រីឯទៀត ហើយនាងទទួលបានព្រះគុណ នឹងសេចក្ដីប្រោសប្រាណ នៅចំពោះទ្រង់ លើសជាងពួកស្រីក្រមុំទាំងប៉ុន្មាន ដល់ម៉្លេះបានជាទ្រង់បំពាក់មកុដរាជ្យ តាំងនាងឡើងជាអគ្គមហេសីជំនួសវ៉ាសធី រួចស្តេចទ្រង់ជប់លៀងជាយ៉ាងធំ ដល់អស់ទាំងពួកអ្នកជាប្រធាន នឹងពួកជំនិតទ្រង់ទាំងអស់ គឺជាការជប់លៀងរបស់អេសធើរ ទ្រង់ក៏ប្រោស ឲ្យមនុស្សនៅគ្រប់ខេត្តបានឈប់សំរាក ហើយទ្រង់ដាក់ទាន តាមសណ្ឋានស្តេច។ លុះដល់ពួកនាងក្រមុំបានប្រជុំគ្នាលើកទី២ នោះម៉ាដេកាយគាត់អង្គុយនៅត្រង់មាត់ទ្វារព្រះរាជវាំង ឯអេសធើរ នាងមិនបានប្រាប់ឲ្យអ្នកណាដឹង ពីគ្រួ នឹងពីជំនួរវង្សរបស់ខ្លួនទេ តាមបង្គាប់របស់ម៉ាដេកាយ ពីព្រោះនាងនៅតែស្តាប់បង្គាប់ម៉ាដេកាយ ដូចនៅគ្រាដែលគាត់ចិញ្ចឹមនៅឡើយ រីឯនៅគ្រានោះ កាលម៉ាដេកាយកំពុងតែអង្គុយនៅមាត់ទ្វារព្រះរាជវាំង នោះមានភ្នាក់ងាររបស់ស្តេច២នាក់ ឈ្មោះប៊ីកថាន នឹងថេរែស ក្នុងពួកអ្នកចាំយាមនៅមាត់ទ្វារព្រះរាជវាំង គេមានសេចក្ដីកំហឹង ហើយរកឱកាសដល់ព្រះជន្មស្តេចអ័ហាស៊ូរុស រឿងនោះក៏បានដឹងដល់ម៉ាដេកាយ ហើយគាត់ទូលអេសធើរជាអគ្គមហេសី រួចអេសធើរ នាងទូលដល់ស្តេច ដោយនូវឈ្មោះម៉ាដេកាយ លុះកាលគេស៊ើបសួររកពីរឿងនោះទៅ ក៏ឃើញពិតដូច្នោះមែន រួចគេចងកអ្នកទាំង២ព្យួរនៅដើមឈើ ហើយគេកត់រឿងនោះទុកក្នុងរបាក្សត្រនៅចំពោះស្តេច។
អាន នាងអេសធើរ 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: នាងអេសធើរ 2:16-23
10 ថ្ងៃ
ព្រះតែងតែថែរក្សារាស្ដ្ររបស់ទ្រង់ សូម្បីតែនៅពេលណាដែលផែនការប្រល័យពូជសាសន៍គំរាមកំហែងដល់ការផុតពូជរបស់ពួកគេក៏ដោយ។ រឿងដ៏អស្ចារ្យមួយអំពីរបៀបដែលក្មេងស្រីជនជាតិយូដាម្នាក់ប្រឈមមុខនឹងមនុស្សដែលមានអំណាចបំផុតនៅរស់ដើម្បីសុំជំនួយ។ ការធ្វើដំណើរប្រចាំថ្ងៃតាមនាងអេសធើរ ពេលអ្នកស្តាប់ការសិក្សាជាសំឡេង ហើយអានខគម្ពីរដែលបានជ្រើសរើសពីព្រះបន្ទូលរបស់ព្រះ។
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ