ចោទិយ‌កថា 6

6
1នេះ​ជា​សេចក្ដី​បង្គាប់ ជា​ច្បាប់ ហើយ​ជា​បញ្ញត្ត​ទាំង​ប៉ុន្មាន ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​បង្គាប់​មក​ឲ្យ​បង្រៀន​ដល់​ឯង ដើម្បី​ឲ្យ​ឯង​បាន​ប្រព្រឹត្ត​តាម នៅ​ក្នុង​ស្រុក​ដែល​នឹង​ឆ្លង​ចូល​ទៅ​ទទួល​យក 2ប្រយោជន៍​ឲ្យ​ឯង​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​កាន់​តាម​គ្រប់​ទាំង​ច្បាប់ នឹង​បញ្ញត្ត​របស់​ទ្រង់ ដែល​អញ​បង្គាប់​ដល់​ឯង​នេះ នៅ​អស់​១​ជីវិត​របស់​ឯង នឹង​កូន​ចៅ​ឯង​ត​រៀង​ទៅ ហើយ​ឲ្យ​ឯង​បាន​អាយុ​ជា​យូរ‌អង្វែង​ត​ទៅ 3ដូច្នេះ​ឱ​ពួក​អ៊ីស្រាអែល​អើយ ចូរ​ស្តាប់ ហើយ​ប្រយ័ត នឹង​ប្រព្រឹត្ត​តាម​ចុះ ដើម្បី​ឲ្យ​បាន​សប្បាយ ហើយ​ចំរើន​គ្នា​ជា​ច្រើន​ឡើង​យ៉ាង​សន្ធឹក នៅ​ក្នុង​ស្រុក​ដែល​មាន​ទឹក​ដោះ ហើយ​នឹង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ដូច​ជា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​ឯង បាន​សន្យា​នឹង​ឯង​ហើយ។
4ចូរ​ស្តាប់​ចុះ ឱ​អ៊ីស្រាអែល​អើយ ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង គឺ​ព្រះ‌យេហូវ៉ា​តែ​១​អង្គ​ទ្រង់ 5ត្រូវ​ឲ្យ​ឯង​ស្រឡាញ់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ឲ្យ​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង ហើយ​អស់​ពី​កំឡាំង​ឯង 6សេចក្ដី​ទាំង​នេះ​ដែល​អញ​បង្គាប់​ដល់​ឯង​នៅ​ថ្ងៃ​នេះ នោះ​ត្រូវ​នៅ​ជាប់​ក្នុង​ចិត្ត​ឯង​ចុះ 7ត្រូវ​ឲ្យ​ប្រិត‌ប្រៀន​សេចក្ដី​ទាំង​នេះ​ដល់​កូន​ចៅ​ឯង ព្រម​ទាំង​និយាយ​ដំណាល ក្នុង​កាល​ដែល​អង្គុយ​នៅ​ក្នុង​ផ្ទះ ហើយ​ដើរ​តាម​ផ្លូវ ក្នុង​កាល​ដែល​ដេក ហើយ​ក្រោក​ឡើង​ផង 8ត្រូវ​ចង​សេចក្ដី​ទាំង​នេះ​ជាប់​នៅ​ដៃ​ឯង ទុក​ជា​ទី​សំគាល់ ហើយ​ត្រូវ​ធ្វើ​ជា​ស្លាក​នៅ​កណ្តាល​ថ្ងាស​ឯង​ផង 9ក៏​ត្រូវ​កត់​នៅ​ក្រប​ទ្វារ​ផ្ទះ​ឯង ហើយ​នៅ​ទ្វារ​កំផែង​របស់​ឯង​ផង។
10កាល​ណា​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក ដែល​ទ្រង់​ស្បថ​នឹង​អ័ប្រា‌ហាំ អ៊ីសាក នឹង​យ៉ាកុបជា​ពួក​ឰយុកោ​ឯង​ថា នឹង​ប្រទាន​ដល់​ឯង គឺ​ជា​ទី​ក្រុង​ធំ ហើយ​ល្អ​ដែល​ឯង​មិន​បាន​សង់ 11ព្រម​ទាំង​ផ្ទះ​ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ ដែល​ឯង​មិន​បាន​ប្រមូល​ទុក នឹង​ស្រះ​ជីក​ស្រាប់ ដែល​ឯង​មិន​បាន​ជីក ហើយ​ទាំង​ចំការ​ទំពាំង‌បាយ‌ជូរ នឹង​ដើម​អូលីវ ដែល​ឯង​មិន​បាន​ដាំ រួច​ឯង​បាន​បរិភោគ​ឆ្អែត 12នោះ​ចូរ​ប្រយ័ត ក្រែង​ភ្លេច​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​បាន​នាំ​ឯង​ចេញ​ពី​ផ្ទះ​បាវ​បំរើ នៅ​ស្រុក​អេស៊ីព្ទ​មក 13ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ហើយ​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ ព្រម​ទាំង​ស្បថ​ដោយ​នូវ​ព្រះ‌នាម​ទ្រង់ 14មិន​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ទៅ​តាម​ព្រះ​ឯ​ណា​ទៀត ក្នុង​ពួក​ព្រះ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំវិញ​ឯង​ឡើយ 15ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដែល​ទ្រង់​គង់​នៅ​កណ្តាល​ពួក​ឯង ទ្រង់​ជា​ព្រះ​ប្រចណ្ឌ ក្រែង​សេចក្ដី​ខ្ញាល់​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង បាន​ក្តៅ​ឡើង​ទាស់​នឹង​ឯង រួច​ទ្រង់​បំផ្លាញ​ឯង​រាល់​គ្នា​ពី​លើ​ផែនដី​នេះ​ចេញ​ទៅ។
16កុំ​ឲ្យ​ឯង​រាល់​គ្នា​ល្បង‌ល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ដូច​ជា​បាន​ល្បង​ទ្រង់​នៅ​ត្រង់​ម៉ាសានោះ​ឡើយ 17ត្រូវ​ឲ្យ​កាន់​អស់​ពី​ចិត្ត តាម​អស់​ទាំង​សេចក្ដី​បញ្ញត្ត​ផង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ព្រម​ទាំង​សេចក្ដី​បន្ទាល់ នឹង​ច្បាប់​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​បង្គាប់​មក 18ក៏​ត្រូវ​តែ​ប្រព្រឹត្ត​ការ​ទៀង​ត្រង់ ហើយ​ល្អ​នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​បាន​សប្បាយ ហើយ​ឲ្យ​បាន​ចូល​ទៅ​ទទួល​យក​ស្រុក​ដ៏​ល្អ​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​ឯង​ថា 19ទ្រង់​នឹង​បណ្តេញ​អស់​ទាំង​ខ្មាំង​សត្រូវ​ពី​មុខ​ឯង​ចេញ ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​សន្យា​ហើយ។
20កាល​ណា​ដល់​ថ្ងៃ​ក្រោយ កូន​ឯង​សួរ​ថា អស់​ទាំង​ទី​បន្ទាល់ នឹង​ច្បាប់ ហើយ​បញ្ញត្ត​ទាំង​នេះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​បាន​បង្គាប់​មក តើ​មាន​ន័យ​ដូច​ម្តេច 21នោះ​ត្រូវ​ឲ្យ​ឆ្លើយ​ថា ពី​ដើម​យើង​រាល់​គ្នា​ជា​បាវ​បំរើ​របស់​ផារ៉ោន​នៅ​ស្រុក​អេស៊ីព្ទ តែ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដោយ​ព្រះ‌ហស្ត​ដ៏​មាន​ព្រះ‌ចេស្តា 22ហើយ​ទ្រង់​បាន​ធ្វើ​ទី​សំគាល់ នឹង​ការ​អស្ចារ្យ​ដ៏​ជា​ធំ ហើយ​វេទនា​ផង ដល់​ពួក​ស្រុក​អេស៊ីព្ទ នឹង​ផារ៉ោន ព្រម​ទាំង​វង្សា​របស់​ទ្រង់​ផង នៅ​ភ្នែក​យើង​រាល់​គ្នា 23ក៏​បាន​នាំ​យើង​ចេញ​ពី​ស្រុក​នោះ ដើម្បី​នឹង​នាំ​ចូល​មក ឲ្យ​បាន​ប្រទាន​ស្រុក​នេះ​មក​យើង ជា​ស្រុក​ដែល​ទ្រង់​បាន​ស្បថ​នឹង​ពួក​ឰយុកោ​យើង 24ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​បង្គាប់​ឲ្យ​យើង​រាល់​គ្នា​ប្រព្រឹត្ត​តាម​អស់​ទាំង​ច្បាប់​ទាំង​នេះ ហើយ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដើម្បី​ឲ្យ​យើង​រាល់​គ្នា​បាន​សប្បាយ​ជា​ដរាប ហើយ​ឲ្យ​ទ្រង់​បាន​ថែ​រក្សា​ទុក​ជីវិត​យើង​រាល់​គ្នា ដូច​ជា​មាន​សព្វ​ថ្ងៃ​នេះ 25ដូច្នេះ​បើ​យើង​ប្រយ័ត នឹង​កាន់​បញ្ញត្ត​ទាំង​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង ដូច​ជា​ទ្រង់​បាន​បង្គាប់​មក នោះ​នឹង​បាន​រាប់​ជា​សេចក្ដី​សុចរិត​ដល់​យើង​ហើយ។

ទើបបានជ្រើសរើសហើយ៖

ចោទិយ‌កថា 6: ពគប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ