ដានីយ៉ែល 3:22-30
ដានីយ៉ែល 3:22-30 ពគប
ហេតុនោះ ដោយព្រោះបង្គាប់ស្តេចក៏តឹងរឹងណាស់ ហើយគុកភ្លើងបានក្តៅយ៉ាងក្រៃលែង បានជាអណ្តាតភ្លើងឆេះសំឡាប់ពួកអ្នកដែលបានលើកបោះសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោទៅនោះ ចំណែកអ្នកទាំង៣នោះ គឺសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ គេធ្លាក់ទៅកណ្តាលគុកភ្លើង ដែលឆេះយ៉ាងសន្ធៅ ទាំងជាប់ចំណងផង។ ខណៈនោះ ស្តេចនេប៊ូក្នេសា ទ្រង់មានសេចក្ដីស្រឡាំងកាំង ហើយក៏ក្រោកឡើងជាប្រញាប់ មានបន្ទូលនឹងពួកជំនិតរបស់ទ្រង់ថា តើមិនមែន៣នាក់ដែលយើងបោះទៅក្នុងភ្លើងទាំងជាប់ចំណងផងទេឬអី គេក៏ទូលតបថា បពិត្រព្រះករុណាអើយ ពិតហើយដូច្នោះ រួចទ្រង់មានបន្ទូលថា មើល យើងឃើញ៤នាក់ ឥតជាប់ចំណងសោះ កំពុងដើរនៅកណ្តាលភ្លើង ឥតមានអ្វីសោះ ឯអ្នកទី៤ក៏មានភាពដូចជាកូនព្រះ នោះនេប៊ូក្នេសាក៏ចូលទៅជិតមាត់គុកភ្លើង ដែលឆេះយ៉ាងសន្ធៅនោះ មានបន្ទូលថា ឱសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ ជាអ្នកគោរពដល់ព្រះដ៏ខ្ពស់បំផុតអើយ សូមចេញមក ហើយមកឯណេះចុះ ដូច្នេះ សាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ ក៏ចេញពីកណ្តាលភ្លើងមក រួចពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកចៅហ្វាយស្រុក នឹងពួកជំនិតរបស់ស្តេចដែលបានប្រជុំគ្នា គេក៏ឃើញមនុស្សទាំងនោះដែលភ្លើងគ្មានអំណាចលើខ្លួនគេសោះ សក់ក្បាលគេក៏មិនបានទាំងរួញដែរ ឯខោអាវមិនបានឆេះ ក៏ឥតមានក្លិនឈ្ងៀមនៅជាប់លើគេផង។ នេប៊ូក្នេសា ទ្រង់មានបន្ទូលថា សូមឲ្យព្រះនៃសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ បានប្រកបដោយព្រះពរ ជាព្រះដែលទ្រង់បានចាត់ទេវតារបស់ទ្រង់ ឲ្យមកប្រោសពួកបំរើទ្រង់ ដែលទុកចិត្តដល់ទ្រង់ ឲ្យរួច គេបានរំលងនឹងបង្គាប់នៃស្តេច ព្រមទាំងប្រថុយខ្លួនគេ ដើម្បីមិនឲ្យគោរព ឬថ្វាយបង្គំដល់ព្រះឯណា ក្រៅពីព្រះរបស់ខ្លួនឡើយ ដូច្នេះ យើងចេញព្រះរាជបំរាមដល់បណ្តាជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ នឹងមនុស្សគ្រប់ភាសាថា បើអ្នកណានិយាយបង្ខុសពីព្រះនៃសាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ នោះនឹងត្រូវកាប់ដាច់ជាដុំៗ ហើយផ្ទះគេនឹងត្រូវទុកជាទីបន្ទោបង់លាមក ពីព្រោះគ្មានព្រះឯណាទៀត ដែលអាចនឹងជួយ ឲ្យរួចយ៉ាងដូច្នេះបានឡើយ រួចមក ស្តេចទ្រង់ក៏ដំឡើងងារដល់សាដ្រាក់ មែសាក់ នឹងអ័បេឌ-នេកោ នៅក្នុងខេត្តបាប៊ីឡូន។



