ដូច្នេះ ចូរឯងប្រាប់ដាវីឌអ្នកបំរើអញឥឡូវថា ព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់មានបន្ទូលយ៉ាងនេះ អញបានយកឯងពីក្រោលចៀម គឺពីការឃ្វាលហ្វូងសត្វមក ដើម្បីឲ្យឯងបានធ្វើជាអ្នកនាំមុខសាសន៍អ៊ីស្រាអែល ជារាស្ត្រអញ អញបាននៅជាមួយនឹងឯង គ្រប់ទីកន្លែងណាដែលឯងបានទៅ ក៏បានធ្វើឲ្យពួកខ្មាំងសត្រូវឯងទាំងប៉ុន្មាន វិនាសពីមុខឯងចេញ អញបានលើកឈ្មោះឯងឲ្យជាធំ ស្មើនឹងឈ្មោះនៃអស់អ្នកធំដែលនៅផែនដី អញបានដំរូវទីកន្លែង១ ឲ្យពួកអ៊ីស្រាអែលជារាស្ត្រអញ ហើយបានដាំគេឲ្យបាននៅជាប់ក្នុងស្រុករបស់គេ ឥតរលើងទៅឯណាទៀតឡើយ ឯពួកមនុស្សអាក្រក់នឹងមិនធ្វើទុក្ខគេ ដូចកាលពីដើមទៀត ឬដូចនៅគ្រាដែលអញបានតាំងពួកចៅហ្វាយ ឲ្យគ្រប់គ្រងលើអ៊ីស្រាអែល ជារាស្ត្រអញនោះឡើយ អញបានប្រោសឲ្យឯងបានសំរាក រួចពីពួកខ្មាំងសត្រូវឯងទាំងអស់ហើយ (យ៉ាងនោះព្រះយេហូវ៉ាទ្រង់មានបន្ទូលឲ្យព្រះរាជាជ្រាបថា ទ្រង់នឹងតាំងព្រះវង្សាព្រះករុណាឡើង) កាលណាឯងបានរស់នៅគ្រប់កំណត់អាយុហើយ រួចបានដេកលក់ទៅជាមួយនឹងពួកឰយុកោឯង នោះអញនឹងតាំងពូជពង្សដែលកើតពីឯងមក ឲ្យសោយរាជ្យឡើងជំនួសឯង ហើយអញនឹងតាំងរាជ្យវាឲ្យខ្ជាប់ខ្ជួនឡើង គឺវាដែលនឹងស្អាងវិហារ១សំរាប់ឈ្មោះអញ ហើយអញនឹងតាំងបល្ល័ង្កនៃរាជ្យវា ឲ្យនៅស្ថិតស្ថេរជាដរាបទៅ អញនឹងធ្វើជាឪពុកដល់វា ហើយវានឹងបានជាកូនដល់អញ បើកាលណាវាប្រព្រឹត្តការទុច្ចរិត នោះអញនឹងផ្ចាញ់ផ្ចាលវាដោយដំបងរបស់មនុស្ស ហើយនឹងស្នាមរំពាត់នៃពួកមនុស្សជាតិ ប៉ុន្តែសេចក្ដីសប្បុរសរបស់អញ មិនដែលឃ្លាតចេញពីវា ដូចជាអញបានដកចេញពីសូល ដែលអញបានចោលពីមុខឯងចេញនោះឡើយ។ នោះវង្សា នឹងរាជ្យរបស់ឯងនឹងបានតាំងជាប់នៅចំពោះឯង ជាដរាបតទៅ បល្ល័ង្កឯងនឹងបានខ្ជាប់ខ្ជួននៅ ជារៀងរាបដរាបទៅ ណាថាន់ក៏ទូលនឹងដាវីឌ តាមគ្រប់ទាំងព្រះបន្ទូល ហើយតាមការជាក់ស្តែងទាំងនេះគ្រប់ជំពូក។
អាន ២ សាំយូអែល 7
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ២ សាំយូអែល 7:8-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ