២ សាំយូ‌អែល 14:1-24

២ សាំយូ‌អែល 14:1-24 ពគប

រីឯ​យ៉ូអាប់ ជា​កូន​សេរូយ៉ា លោក​យល់​ឃើញ​ថា ស្តេច​មាន​ព្រះ‌ទ័យ​នឹក​រឭកដល់​អាប់‌សា‌ឡំម នោះ​ក៏​ចាត់​គេ​ទៅ​ឯ​ក្រុង​ត្កូអា នាំ​ស្រី​ប្រាជ្ញា​ម្នាក់​មក​ពី​ទី​នោះ ហើយ​បញ្ចេះ​ថា សូម​ឲ្យ​អ្នក​ក្លែង​ខ្លួន ធ្វើ​ជា​អ្នក​កាន់​ទុក្ខ ដោយ​ស្លៀក‌ពាក់​បែប​កាន់​ទុក្ខ ឥត​លាប​ប្រេង​ឡើយ គឺ​ឲ្យ​ធ្វើ​ដូច​ស្ត្រី​ដែល​បាន​កាន់​ទុក្ខ​ខ្មោច​ស្លាប់​ជា​យូរ​មក​ហើយ រួច​ចូល​ទៅ​គាល់​ស្តេច​ទូល​យ៉ាង​ដូច្នេះ នោះ​យ៉ូអាប់​ក៏​បង្គាប់​ពាក្យ​ឲ្យ​និយាយ។ កាល​ស្ត្រី​ពី​ក្រុង​ត្កូអា​នោះ បាន​ចូល​ទៅ​ចំពោះ​ស្តេច ក៏​ទំលាក់​ខ្លួន ក្រាប​ចុះ​ផ្កាប់​មុខ​ដល់​ដី ថ្វាយ‌បង្គំ ទូល​ថា បពិត្រ​ព្រះ‌ករុណា សូម​ទ្រង់​ជួយ​ខ្ញុំ​ម្ចាស់​ផង នោះ​ស្តេច​ទ្រង់​សួរ​ថា តើ​វា​ថ្វី នាង​ទូល​ឆ្លើយ​ថា ឱ​ហ្ន៎​ព្រះ‌អង្គ​អើយ ខ្ញុំ​ម្ចាស់​នេះ​ជា​ស្រី​មេម៉ាយ ប្ដី​បាន​ស្លាប់​ចោល​ទៅ​ហើយ ហើយ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ មាន​កូន​ប្រុស​២ វា​ឈ្លោះ​គ្នា​នៅ​ឯ​ចំការ ឥត​មាន​អ្នក​ណា​នឹង​ញែក​ចេញ​ពី​គ្នា​ឡើយ ហើយ​១​បាន​វាយ​១​ស្លាប់​ទៅ ឥឡូវ​នេះ ញាតិ‌សន្តាន​ទាំង​អស់​បាន​លើក​គ្នា មក​ទាស់​នឹង​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់​ដោយ​ថា ចូរ​ប្រគល់​អា​១​ដែល​សំឡាប់​បង​ខ្លួន​មក​ឲ្យ​យើង​សំឡាប់​ចោល ឲ្យ​ធួន​នឹង​ជីវិត​របស់​បង ដែល​វា​បាន​សំឡាប់​ចុះ យើង​នឹង​សំឡាប់ ទាំង​អ្នក​ដែល​ត្រូវ​ស៊ី​មរដក​នេះ​ទៅ​ផង ដូច្នេះគេ​នឹង​ពន្លត់​រងើក​ភ្លើង​របស់​ខ្ញុំ​ម្ចាស់​ដែល​នៅ​សល់​នេះ ឥត​ទុក​ឲ្យ​ប្ដី​ខ្ញុំ​ម្ចាស់​មាន​ឈ្មោះ មាន​ពូជ‌ពង្ស​សល់​នៅ​លើ​ផែនដី​ឡើយ។ ស្តេច​ទ្រង់​មាន​បន្ទូល​ទៅ​ស្ត្រី​នោះ​ថា ចូរ​ទៅ​ផ្ទះ​ចុះ យើង​នឹង​បង្គាប់​ពី​ដំណើរ​នាង នោះ​ស្ត្រី​ពី​ក្រុង​ត្កូអា នាង​ទូល​ថា ឱ​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ខ្ញុំ​ម្ចាស់​អើយ សូម​ឲ្យ​សេចក្ដី​ទុច្ចរិត​នេះ​នៅ​លើ​ខ្ញុំ​ម្ចាស់ នឹង​ពូជ​ពង្ស​នៃ​ឪពុក​របស់​ខ្ញុំ​ម្ចាស់​ចុះ ហើយ​សូម​ឲ្យ​ព្រះ‌ករុណា នឹង​រាជ្យ​ទ្រង់​បាន​ឥត​ទោស​ឡើយ ស្តេច​ទ្រង់​មាន​បន្ទូល​ថា បើ​អ្នក​ណា​និយាយ​អ្វី​នឹង​នាង នោះ​ចូរ​នាំ​គេ​មក​ឯ​យើង យ៉ាង​នោះ​គេ​នឹង​មិន​ហ៊ាន​ពាល់​នាង​ទៀត​ទេ រួច​នាង​ទូល​ថា សូម​ទ្រង់​ព្រះ‌ករុណា​នឹក​ចាំ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សង‌សឹកនឹង​ឈាម មក​បំផ្លាញ​ទៀត​ឡើយ ក្រែង​គេ​សំឡាប់​កូន​របស់​ខ្ញុំ​ម្ចាស់ នោះ​ទ្រង់​មាន​បន្ទូល​ថា យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា នឹង​គ្មាន​សក់​១​សរសៃ​ជ្រុះ​ពី​ក្បាល​របស់​កូន​នាង​ចុះ​ដល់​ដី​ឡើយ។ ស្ត្រី​នោះ​ក៏​ទូល​ថា សូម​ទ្រង់​ព្រះ‌ករុណា​អនុញ្ញាត​ឲ្យ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ បាន​ទូល​១​ម៉ាត់​សិន រួច​ទ្រង់​មាន​បន្ទូល​ថា ចូរ​និយាយ​ចុះ ដូច្នេះស្ត្រី​នោះ​ក៏​ទូល​សួរ​ថា បើ​យ៉ាង​នោះ ហេតុ​អ្វី​បាន​ជា​ទ្រង់​បង្កើត​ការ​យ៉ាង​នេះ​ទាស់​នឹង​រាស្ត្រ​របស់​ព្រះ​វិញ ដ្បិត​ដែល​ទ្រង់​មាន​បន្ទូល​ដូច្នេះ នោះ​ទ្រង់​ក៏​ដូច​ជា​អ្នក​មាន​ទោស​ដែរ ដោយ​ព្រោះ​ទ្រង់​មិន​នាំ​អ្នក​ដែល​ទ្រង់​បាន​និរទេស​ទៅ​ឲ្យ​មក​វិញ ឯ​យើង​រាល់​គ្នា​ត្រូវ​តែ​ស្លាប់​ជា​មិន​ខាន ហើយ​យើង​រាល់​គ្នា​ក៏​ដូច​ជា​ទឹក​ដែល​កំពប់​ខ្ចាយ​ទៅ​លើ​ដី នឹង​ប្រមូល​មក​វិញ​មិន​បាន​ឡើយ ឯ​ព្រះ‌ទ្រង់​មិន​កាត់​ជីវិត​ចេញ​ទេ គឺ​ទ្រង់​បង្កើត​ផ្លូវ​ណា​មួយ ដើម្បី​ឲ្យ​អ្នក​ដែល​ត្រូវ​និរទេស មិន​ត្រូវ​កាត់​ចេញ​ពី​ទ្រង់​នៅ​ជា​ដរាប​វិញ ឥឡូវ​នេះ ដែល​ខ្ញុំ​ម្ចាស់​មក​ក្រាប​ទូល​ពាក្យ​ទាំង​នេះ ដល់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ នោះ​គឺ​ពី​ព្រោះ​បណ្តាជន​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ម្ចាស់​ភិត‌ភ័យ​ដូច្នេះ ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ បាន​សំរេច​នឹង​មក​ទូល​ដល់​ព្រះ‌ករុណា ដោយ​ស្មាន​ថា ប្រាកដ​ជា​ទ្រង់​នឹង​ធ្វើ​សំរេច​តាម​ពាក្យ​សំណូម​របស់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ ជា​មិន​ខាន ដ្បិត​មុខ​ជា​ទ្រង់​នឹង​ស្តាប់​តាម ដើម្បី​នឹង​ប្រោស​ឲ្យ​អ្នក​បំរើ​ទ្រង់​រួច​ពី​កណ្តាប់​ដៃ​នៃ​មនុស្ស ដែល​ចង់​បំផ្លាញ​ទាំង​ខ្ញុំ​ម្ចាស់ នឹង​កូន​ខ្ញុំ​ម្ចាស់ឲ្យ​បាត់​ពី​មរដក​នៃ​ព្រះ​ទៅ​ផង នោះ​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់ បាន​នឹក​ថា ព្រះ‌បន្ទូល​នៃ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នឹង​បាន​ស្រួល ពី​ព្រោះ​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់ ទ្រង់​ដូច​ជា​ទេវតា​នៃ​ព្រះ​ហើយ ដើម្បី​នឹង​ពិចារណា​ឲ្យ​ជ្រាប​ខុស​ត្រូវ ហើយ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ក៏​គង់​ជា​មួយ​នឹង​ទ្រង់​ដែរ។ នោះ​ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​ស្ត្រី​នោះ​ថា កុំ​ឲ្យ​លាក់​អ្វី​ចំពោះ​សេចក្ដី​នេះ​ដែល​យើង​សួរ​នាង​ឡើយ នាង​ទូល​តប​ថា សូម​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ មាន​បន្ទូល​ឥឡូវ​នេះ​ចុះ នោះ​ស្តេច​មាន​បន្ទូល​សួរ​ថា ឯ​សេចក្ដី​ទាំង​នេះ តើ​មិន​មែន​យ៉ូអាប់ ដែល​រួម​គំនិត​ជា​មួយ​នឹង​នាង​ទេ​ឬ​អី ស្ត្រី​នោះ​ទូល​ឆ្លើយ​ថា ខ្ញុំ​ម្ចាស់​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​នៃ​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ថា គ្មាន​អ្នក​ណា​អាច​នឹង​គេច​ទៅ​ខាង​ឆ្វេង ឬ​ទៅ​ខាង​ស្តាំ ចេញ​ពី​គ្រប់​ទាំង​សេចក្ដី​ដែល​ទ្រង់​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់ បាន​មាន​បន្ទូល​នោះ​ឡើយ គឺ​យ៉ូអាប់ ជា​អ្នក​បំរើ​នៃ​ទ្រង់​ហើយ ដែល​បាន​បង្គាប់​មក​ខ្ញុំ​ម្ចាស់ ព្រម​ទាំង​បញ្ចេះ​ពាក្យ​ទាំង​អស់​នេះ​ដល់​ខ្ញុំ​ម្ចាស់ ជា​អ្នក​បំរើ​ទ្រង់​ផង យ៉ូអាប់​ជា​អ្នក​បំរើ​ទ្រង់ បាន​ធ្វើ​ដូច្នេះ ដើម្បី​នឹង​បំផ្លាស់​ភាព​នៃ​ដំណើរ​នេះ​ទៅ ហើយ​ព្រះ‌អម្ចាស់​ទ្រង់​មាន​បញ្ញា ដូច​ជា​ទេវតា​នៃ​ព្រះ អាច​នឹង​ជ្រាប​គ្រប់​ទាំង​អស់ ដែល​នៅ​ផែនដី​បាន។ រួច​ពី​នោះ​មក ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូអាប់​ថា មើល ការ​នេះ​យើង​បាន​អនុញ្ញាត​ហើយ ដូច្នេះចូរ​ទៅ​នាំ​អាប់‌សា‌ឡំម ជា​កូន​ប្រុស​យើង មក​វិញ​ចុះ នោះ​យ៉ូអាប់​ក៏​ទំលាក់​ខ្លួន​ក្រាប​ផ្កាប់​មុខ​ដល់​ដី​ថ្វាយ‌បង្គំ ព្រម​ទាំង​សូម​ពរ​ថ្វាយ​ដល់​ស្តេច ហើយ​ទូល​ថា បពិត្រ​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ នៅ​ថ្ងៃ​នេះ ទូលបង្គំ​ដឹង​ថា ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ បាន​ប្រកប​ដោយ​ព្រះ‌គុណ​នៃ​ទ្រង់​ហើយ ដោយ​ទ្រង់​បាន​ធ្វើ​តាម​សេចក្ដី​សំណូម​របស់​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ដូច្នេះ យ៉ូអាប់​ក៏​រៀបចំ​ឡើង​ទៅ​ឯ​ស្រុក​កេស៊ូរី នាំ​អាប់‌សា‌ឡំម​មក​ឯ​ក្រុង​យេរូ‌សាឡិម​វិញ តែ​ស្តេច​មាន​បន្ទូល​ប្រាប់​ថា ចូរ​ឲ្យ​វា​ត្រឡប់​ទៅ​ឯ​លំនៅ​វា​ទៅ កុំ​ឲ្យ​មក​ឃើញ​មុខ​អញ​ឡើយ ដូច្នេះ អាប់‌សា‌ឡំម​ក៏​វិល​ទៅ​ឯ​ដំណាក់​ទ្រង់​វិញទៅ ឥត​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​ស្តេច​ទេ។