១ សាំយូ‌អែល 17:45-58

១ សាំយូ‌អែល 17:45-58 ពគប

ដាវីឌ​ឆ្លើយ​តប​ទៅ​វិញ​ថា ចំណែក​ឯង បាន​មក​ឯ​អញ ទាំង​កាន់​ដាវ​កាន់​លំពែង ហើយ​នឹង​ដែក​ពួយ​ផង តែ​ឯ​អញ​វិញ អញ​មក​ឯ​ឯង​ដោយ​នូវ​ព្រះ‌នាម​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ គឺ​ជា​ព្រះ​នៃ​ពួក​ពល​សាសន៍​អ៊ីស្រាអែល ដែល​ឯង​បាន​ប្រកួត​នឹង​គេ​នោះ នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រគល់​ឯង មក​ក្នុង​កណ្តាប់​ដៃ​នៃ​អញ​ហើយ អញ​នឹង​វាយ​ឯង ហើយ​នឹង​កាត់​យក​ក្បាល​ឯង​ទៅ នៅ​ថ្ងៃ​នេះ អញ​នឹង​ឲ្យ​ខ្មោច​នៃ​ពួក​ទ័ព​ភីលីស្ទីន​ដល់​សត្វ​ហើរ​នៅ​លើ​អាកាស នឹង​ដល់​សត្វ​ព្រៃ​នៅ​ផែនដី​វិញ ដើម្បី​ឲ្យ​ផែនដី​ទាំង​មូល​បាន​ដឹង​ថា មាន​ព្រះ​នៅ​ខាង​ពួក​អ៊ីស្រាអែល​ពិត ហើយ​ឲ្យ​ជំនុំ​មនុស្ស​ទាំង​នេះ បាន​ដឹង​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មិន​ជួយ​សង្គ្រោះ​ដោយ‌សារ​ដាវ​ឬ​លំពែង​ទេ ដ្បិត​ចំបាំង​នេះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា​វិញ គឺ​ទ្រង់​នឹង​ប្រគល់​ឯង​រាល់​គ្នា​មក​ក្នុង​កណ្តាប់​ដៃ​នៃ​យើង កាល​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ​បាន​ចូល​មក​ជិត ដើម្បី​ជួប​នឹង​ដាវីឌ​ហើយ នោះ​ដាវីឌ​ក៏​ប្រញាប់‌ប្រញាល់​រត់​ចូល​ទៅ​ខាង​គេ ដើម្បី​ជួប​គ្នា ទើប​លូក​ដៃ​ទៅ​ក្នុង​យាម ចាប់​យក​ក្រួស​១​គ្រាប់​បាញ់​ទៅ ត្រូវ​ចំ​ត្រង់​ថ្ងាស​នៃ​សាសន៍​ភីលីស្ទីន​នោះ ទ្រុឌ​ចូល​ទៅ​ក្នុង​ថ្ងាស ហើយ​វា​ដួល​ផ្កាប់​មុខ​នៅ​ដី​ទៅ។ ដូច្នេះ ដាវីឌ​បាន​ឈ្នះ​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ ដោយ‌សារ​តែ​ខ្សែ​ដង្ហក់ នឹង​ក្រួស​១​គ្រាប់​ប៉ុណ្ណោះ គឺ​បាន​ប្រហារ​សាសន៍​ភីលីស្ទីន​នោះ​ឲ្យ​ស្លាប់​ទៅ ដោយ​ឥត​មាន​កាន់​ដាវ​នៅ​ដៃ​ឡើយ រួច​ក៏​រត់​ទៅ​ឈរ​នៅ​លើ​វា ចាប់​ហូត​យក​ដាវ​របស់​វា​ចេញ​ពី​ស្រោម​មក​សំឡាប់​វា​ទៅ ព្រម​ទាំង​កាត់​បណ្តាច់​ក្បាល​ចេញ កាល​ពួក​ទ័ព​ភីលីស្ទីន​បាន​ឃើញ​ថា ទាហាន​ដំណាង​របស់​គេ​បាន​ស្លាប់​ហើយ នោះ​គេ​ក៏​រត់​អស់​រលីង​ទៅ ឯ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា​ក៏​ក្រោក​ឡើង​ស្រែក​ហ៊ោ​ទាំង​អស់​គ្នា ដេញ​តាម​ពួក​ភីលីស្ទីន​ទៅ​ក្នុង​វាល​ច្រក​ភ្នំ រហូត​ដល់​ទ្វារ​ក្រុង​អេក្រុន ហើយ​ពួក​ភីលីស្ទីន​ដែល​ត្រូវ​របួស គេ​ក៏​ដួល​តាម​ផ្លូវ​ដែល​ទៅ​ឯ​ស្អារ៉ែម រហូត​ដល់​ក្រុង​កាថ នឹង​ក្រុង​អេក្រុន នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​វិល​ត្រឡប់​ពី​ដេញ​តាម​ពួក​ភីលីស្ទីន​មក​វិញ ចូល​ប្លន់​ទី​បោះ​ទ័ព​របស់​គេ ចំណែក​ដាវីឌ​ក៏​យក​ក្បាល​នៃ​សាសន៍​ភីលីស្ទីន​នោះ នាំ​ទៅ​ដល់​ក្រុង​យេរូ‌សាឡិម ឯ​គ្រឿង​ប្រដាប់​វា​ទាំង​ប៉ុន្មាន នោះ​ក៏​យក​ទៅ​ទុក​នៅ​ក្នុង​ត្រសាល​របស់​ខ្លួន។ រីឯ​កាល​សូល​ទ្រង់​ឃើញ​ដាវីឌ​ចេញ​ទៅ​ទាស់​នឹង​សាសន៍​ភីលីស្ទីន នោះ​ក៏​សួរ​អ័ប៊ី‌នើរ​ជា​មេ‌ទ័ព​ទ្រង់​ថា អ័ប៊ី‌នើរ​អើយ តើ​ក្មេង​នោះ​ជា​កូន​អ្នក​ណា អ័ប៊ី‌នើរ​ទូល​ឆ្លើយ​ថា ឱ​ព្រះ‌ករុណា​អើយ ទូលបង្គំ​ស្បថ​ដោយ​នូវ​ព្រះ‌ជន្ម​ទ្រង់​ដ៏​រស់​នៅ​ថា ទូលបង្គំ​មិន​ដឹង​សោះ​ឡើយ ស្តេច​ក៏​បង្គាប់​ថា ចូរ​ស៊ើប​សួរ​មើល តើ​ក្មេង​ជំទង់​នេះ​ជា​កូន​អ្នក​ណា ដូច្នេះ កាល​ដាវីឌ​បាន​ត្រឡប់​មក​ពី​សំឡាប់​សាសន៍​ភីលីស្ទីន​វិញ នោះ​អ័ប៊ី‌នើរ​ក៏​នាំ​ចូល​មក​នៅ​ចំពោះ​សូល មាន​ទាំង​ក្បាល​នៃ​សាសន៍​ភីលីស្ទីន​នោះ​កាន់​នៅ​ដៃ សូល​ទ្រង់​សួរ​ថា អ្នក​កំឡោះ​អើយ តើ​ឯង​ជា​កូន​អ្នក​ណា នោះ​ដាវីឌ​ទូល​ឆ្លើយ​ថា ទូលបង្គំ​ជា​កូន​របស់​អ៊ីសាយ ជា​អ្នក​បំរើ​ទ្រង់ ដែល​នៅ​ក្រុង​បេថ្លេ‌ហិម។