១ សាំយូ‌អែល 17:1-30

១ សាំយូ‌អែល 17:1-30 ពគប

នៅ​គ្រា​នោះ ពួក​ភីលីស្ទីន គេ​លើក​ទ័ព​មក​ដើម្បី​ច្បាំង ក៏​មូល​គ្នា​នៅ​ត្រង់​សូគរ ជា​ស្រុក​របស់​ពួក​យូដា ហើយ​បោះ​ទ័ព​នៅ​កណ្តាល​សូគរ នឹង​អាសេកា ត្រង់​អេភេស-ដាំមីម ឯ​សូលនឹង​ពួក​ទ័ព​អ៊ីស្រាអែល គេ​ប្រមូល​គ្នា​បោះ​ទ័ព​នៅ​ច្រក​ភ្នំ​អេឡា ក៏​ដំរៀប​ពល ដើម្បី​ច្បាំង​នឹង​ពួក​ភីលីស្ទីន ពួក​ភីលីស្ទីន​គេ​ឈរ​លើ​ភ្នំ​ម្ខាង ហើយ​ពួក​អ៊ីស្រាអែល​គេ​ក៏​ឈរ​លើ​ភ្នំ​ម្ខាង មាន​វាល​ច្រក​ភ្នំ​នៅ​ជា​កណ្តាល លំដាប់​នោះ មាន​ទាហាន​ម្នាក់​ឈ្មោះ​កូលី‌យ៉ាត ដែល​នៅ​ក្រុង​កាថ វា​ចេញ​ពី​ពួក​ភីលីស្ទីន​មក អ្នក​នោះ​មាន​កំពស់​៦​ហត្ថ​១​ចំអាម ពាក់​មួក​លង្ហិន ហើយ​ពាក់​អាវ​ក្រោះ​ធ្វើ​ពី​លង្ហិន មាន​ទំងន់​៥​ពាន់​ដំឡឹង ក៏​មាន​ស្រោម​លង្ហិន​ស្រោប​ជើង ហើយ​មាន​ប្រដាប់​លង្ហិន​បាំង​ពី​ខាង​ខ្នង​ដែរ ឯ​ដង​លំពែង​របស់​វា នោះ​ប្រៀប​ដោយ​ផ្សំ​នៃ​ដំបាញ ហើយ​ផ្លែ​ធ្វើ​ពី​ដែក ទំងន់​៦០០​ដំឡឹង មាន​អ្នក​កាន់​ខែល​ដើរ​ពី​មុខ វា​ឈរ​ស្រែក​មក​ខាង​ពួក​ទ័ព​អ៊ីស្រាអែល​ថា ម្តេច​ក៏​ឯង​រាល់​គ្នា​ចេញ​មក​ដំរៀប​ទ័ព​សំរាប់​ច្បាំង​ដូច្នេះ តើ​អញ​មិន​មែន​ជា​សាសន៍​ភីលីស្ទីន ហើយ​ឯង​រាល់​គ្នា​ជា​ខ្ញុំ​របស់​សូល​ទេ​ឬ​អី ចូរ​រើស​ម្នាក់​ឲ្យ​ចុះ​មក​ច្បាំង​នឹង​អញ​មើល បើ​វា​អាច​នឹង​ត​ដៃ​សំឡាប់​អញ​បាន នោះ​យើង​នឹង​ធ្វើ​ជា​បាវ​បំរើ​ឯង តែ​បើ​អញ​ឈ្នះ ហើយ​សំឡាប់​វា​បាន នោះ​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ​ជា​បាវ​បំរើ​យើង​វិញ វា​ប្រកួត​នឹង​ពួក​ទ័ព​អ៊ីស្រាអែល​ថា នៅ​ថ្ងៃ​នេះ ចូរ​ឲ្យ​មនុស្ស​ម្នាក់​ចេញ​មក​ត​នឹង​អញ​ល​មើល​ចុះ កាល​សូល នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់ បាន​ឮ​ពាក្យ​របស់​សាសន៍​ភីលីស្ទីន​នោះ​និយាយ​ដូច្នោះ គេ​ក៏​មាន​គំនិត​វិល‌វល់ ហើយ​ភ័យ​ខ្លាច​ជា​ខ្លាំង។ រីឯ​ដាវីឌ ជា​កូន​របស់​ពួក​អេប្រាតា​ម្នាក់ នៅ​បេថ្លេ‌ហិម-យូដា ឈ្មោះ​អ៊ីសាយ ឯ​អ៊ីសាយ មាន​កូន​ប្រុស​៨​នាក់ ហើយ​នៅ​ជំនាន់​ស្តេច​សូល គាត់​ចាស់​ណាស់ មាន​វ័យ​កន្លង​ហើយ កូន​ប្រុស​ច្បង​របស់​អ៊ីសាយ​៣​នាក់​បាន​តាម​សូល​ទៅ​ច្បាំង កូន​ទាំង​៣​នាក់​ដែល​ទៅ​ច្បាំង​នោះ គឺ​ច្បង​បង្អស់​ឈ្មោះ​អេលាប បន្ទាប់​មក​ឈ្មោះ​អ័ប៊ី‌ន៉ាដាប់ ហើយ​ទី​៣​ឈ្មោះ​សាំម៉ា អ្នក​ទាំង​៣​នោះ​បាន​តាម​សូល​ទៅ ឯ​ដាវីឌ​គាត់​ជា​កូន​ពៅ ក៏​តែង​ធ្លាប់​ទៅ​មក​ពី​សូល ទៅ​ឯ​ឪពុក​នៅ​បេថ្លេ‌ហិម ដើម្បី​ឃ្វាល​ចៀម រីឯ​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ វា​ចេះ​តែ​ចូល​មក​ជិត ទាំង​ព្រឹក​ទាំង​ល្ងាច ក៏​ប្រកាស​ខ្លួន​ដូច្នោះ អស់​រវាង​៤០​ថ្ងៃ។ នៅ​គ្រា​នោះអ៊ីសាយ​ប្រាប់​ដាវីឌ​ជា​កូន​ថា ចូរ​ឯង​យក​លាជ​១​ថាំង នឹង​នំបុ័ង​១០​ដុំ​នេះ​ទៅ ឲ្យ​ដល់​ពួក​បង​ឯង នៅ​ឯ​ទី​បោះ​ទ័ព​ជា​ប្រញាប់​ទៅ ហើយ​នាំ​យក​ទឹក​ដោះ​ខះ​១០​ផែន​នេះ ទៅ​ជូន​ដល់​មេ‌ទ័ព​របស់​វា​ទៅ រួច​ចូរ​មើល​ដែល​បង​ឯង​សុខ​សប្បាយ ឬ​យ៉ាង​ណា ហើយ​នាំ​យក​របស់​អ្វី​១ ជា​គ្រឿង​សំគាល់​ពី​វា មក​វិញ ចំណែក​សូល នឹង​អ្នក​ទាំង​៣​នោះ ព្រម​ទាំង​ពួក​អ៊ីស្រាអែល​ទាំង​អស់ គេ​នៅ​ច្រក​ភ្នំ​អេឡា កំពុង​តែ​ច្បាំង​នឹង​ពួក​ភីលីស្ទីន ដូច្នេះ ដាវីឌ​ក៏​ក្រោក​ពី​ព្រលឹម ប្រគល់​ចៀម​ទុក​នឹង​អ្នក​គង្វាល​ម្នាក់ រួច​យក​អីវ៉ាន់​ចេញ​ទៅ ដូច​ជា​ឪពុក​បាន​បង្គាប់ ក៏​បាន​ទៅ​ដល់​ទី​បោះ​ទ័ព ក្នុង​កាល​ដែល​ពួក​ពល​កំពុង​តែ​ចេញ​ទៅ​ឯ​ទី​ចំបាំង ទាំង​ស្រែក​សំរែក​សង្គ្រាម ហើយ​ពួក​អ៊ីស្រាអែល នឹង​ពួក​ភីលីស្ទីន គេ​ដំរៀប​ទ័ព​ប្រទល់​គ្នា រៀប​នឹង​ត​ដៃ​ហើយ ដាវីឌ​ក៏​ប្រគល់​អីវ៉ាន់​ទុក​នឹង​អ្នក​ដែល​រក្សា​អីវ៉ាន់​របស់​ពួក​ទ័ព រួច​រត់​ចូល​ទៅ​ក្នុង​ចំណោម​ទ័ព ដើម្បី​នឹង​ជំរាប​សួរ​ដល់​ពួក​បង គ្រា​ដែល​កំពុង​តែ​និយាយ​នឹង​ពួក​បង នោះ​មើល ទាហាន​របស់​សាសន៍​ភីលីស្ទីន​ម្នាក់​នោះ ពី​ក្រុង​កាថ ឈ្មោះ​កូលី‌យ៉ាត ក៏​ចេញ​ពី​ខាង​ទ័ព​ភីលីស្ទីន មក​ប្រកាស​ជា​ពាក្យ​ដដែល​ទៀត ហើយ​ដាវីឌ​ក៏​បាន​ឮ កាល​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន បាន​ឃើញ​អ្នក​នោះ គេ​ក៏​រត់​ពី​វា​ទៅ ដោយ​ភ័យ​ខ្លាច​ជា​ខ្លាំង រួច​ពួក​អ៊ីស្រាអែល​និយាយ​គ្នា​ថា បាន​ឃើញ​មនុស្ស​នោះ ដែល​ឡើង​មក​ឬ​ទេ វា​បាន​ឡើង​មក ដើម្បី​ប្រកួត​នឹង​សាសន៍​អ៊ីស្រាអែល​យើង​នេះ​ជា​ប្រាកដ បើ​អ្នក​ណា​សំឡាប់​វា​បាន នោះ​ស្តេច​នឹង​ប្រទាន​ទ្រព្យ​សម្បត្តិ​ដ៏​វិសេស ដល់​អ្នក​នោះ ព្រម​ទាំង​ឲ្យ​ព្រះ‌រាជ​បុត្រី​ទ្រង់​ផង ក៏​នឹង​ប្រោស​ប្រណី ដល់​គ្រួ​ឪពុក​របស់​អ្នក​នោះ ឲ្យ​រួច​ពន្ធ​ក្នុង​សាសន៍​អ៊ីស្រាអែល​ត​ទៅ ដូច្នេះ ដាវីឌ​ក៏​សួរ​ដល់​ពួក​អ្នក​ដែលឈរ​នៅ​ជិត​ថា ឯ​អ្នក​ណា​ដែល​នឹង​សំឡាប់​សាសន៍​ភីលីស្ទីន​នេះ ហើយ​ដក​សេចក្ដី​ដំនៀល​ពី​អ៊ីស្រាអែល​ចេញ នោះ​នឹង​បាន​ដូច​ម្តេច​ខ្លះ ដ្បិត​តើ​សាសន៍​ភីលីស្ទីន​ដែល​ឥត​កាត់​ស្បែក​នេះ​ជា​អ្វី បាន​ជា​ហ៊ាន​ប្រកួត​នឹង​ពល​ទ័ព​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​ដូច្នេះ គេ​ក៏​ឆ្លើយ​ប្រាប់​តាម​ពាក្យ​ដដែល​នោះ​ថា អ្នក​ណា​ដែល​នឹង​សំឡាប់​វា​បាន នោះ​នឹង​បាន​ដូច្នេះ​ឯង។ គ្រា​ដែល​ដាវីឌ​កំពុង​និយាយ​នឹង​គេ នោះ​អេលាប​ជា​បង​បង្អស់​ក៏​ឮ ហើយ​កើត​មាន​សេចក្ដី​កំហឹង​ទាស់​នឹង​ប្អូន​ថា ឯង​បាន​ចុះ​មក​ធ្វើ​អី តើ​បាន​ប្រគល់​ហ្វូង​ចៀម​តូច​នោះ ដែល​នៅ​ទី​រហោ‌ស្ថាន​ទុក​នឹង​អ្នក​ណា អញ​ស្គាល់​សេចក្ដី​អំនួត នឹង​សេចក្ដី​អាក្រក់​ដែល​នៅ​ក្នុង​ចិត្ត​ឯង​ហើយ ដ្បិត​ឯង​បាន​ចុះ​មក​ដើម្បី​ឲ្យ​តែ​បាន​មើល​ចំបាំង​ទេ តែ​ដាវីឌ​ឆ្លើយ​ថា តើ​ខ្ញុំ​មាន​ធ្វើ​អី ខ្ញុំ​គ្រាន់​តែ​និយាយ​១​ម៉ាត់​ទេ​តើ រួច​ក៏​បែរ​ចេញ​ពី​បង​ទៅ​សួរ​ម្នាក់​ទៀត តាម​ពាក្យ​ដដែល​នោះ ហើយ​គេ​ឆ្លើយ​ប្រាប់​ដូច​ជា​ពាក្យ​មុន។