១ សាំយូ‌អែល 13:1-14

១ សាំយូ‌អែល 13:1-14 ពគប

លុះ​កាល​សូល​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល​បាន​២​ឆ្នាំ នោះ​ទ្រង់​រើស​ពួក​មនុស្ស ក្នុង​សាសន៍​អ៊ីស្រាអែល បាន​ចំនួន​៣​ពាន់​នាក់ ក្នុង​ពួក​នោះ មាន​២​ពាន់​នាក់ នៅ​ជា​មួយ​នឹង​ទ្រង់​នៅ​ត្រង់​មីក‌ម៉ាស នឹង​លើ​ភ្នំ​បេត-អែល ហើយ​១​ពាន់​នាក់​ទៀត​នៅ​ជា​មួយ​នឹង​យ៉ូណា‌ថាន នៅ​ត្រង់​គីបៀរ ក្នុង​ស្រុក​បេន‌យ៉ាមីន ឯ​បណ្តាជន​ដែល​សល់​នៅ នោះ​ទ្រង់​បាន​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ គ្រា​នោះយ៉ូណា‌ថាន​ក៏​វាយ​បន្ទាយ​របស់​ពួក​ភីលីស្ទីន​ដែល​នៅ​ត្រង់​កេបា ហើយ​សាសន៍​ភីលីស្ទីន​ក៏​បាន​ឮ​ដំណឹង នោះ​សូល​ទ្រង់​ផ្លុំ​ត្រែ​ឡើង នៅ​ពេញ​ក្នុង​ស្រុក​ដោយ​ថា ចូរ​ឲ្យ​ពួក​សាសន៍​ហេ‌ព្រើរ​ស្តាប់​ចុះ ដូច្នេះ ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​ឮ​ថា សូល​បាន​វាយ​បន្ទាយ​របស់​ពួក​ភីលីស្ទីន​ហើយ គេ​ក៏​ដឹង​ថា ពួក​ភីលីស្ទីន​ស្អប់​ខ្ពើម ដល់​សាសន៍​អ៊ីស្រាអែល​ដែរ នោះ​បណ្តាជន​ទាំង‌ឡាយ គេ​មូល​គ្នា​ទៅ​ឯ​សូល នៅ​ត្រង់​គីល‌កាល។ ឯ​ពួក​ភីលីស្ទីន គេ​ក៏​មូល​គ្នា​មក ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រាអែល​ដែរ មាន​ទាំង​រទេះ​ចំបាំង​៣​ម៉ឺន ពល​សេះ​៦​ពាន់ ហើយ​នឹង​ពល​ថ្មើរ​ជើង​សន្ធឹក​ណាស់ ដូច​ជា​ខ្សាច់​ដែល​នៅ​មាត់​សមុទ្រ គេ​នាំ​គ្នា​ឡើង​មក​បោះ​ទ័ព​នៅ​ត្រង់​មីក‌ម៉ាស ខាង​កើត​បេត-អាវេន កាល​ពួក​ទ័ព​ខាង​អ៊ីស្រាអែល​ឃើញ​ថា ខ្លួន​អស់​ផ្លូវ​ហើយ ពី​ព្រោះ​បណ្តា​ទ័ព​មាន​សេចក្ដី​កង្វល់​ជា​ខ្លាំង នោះ​ក៏​រត់​ទៅ​ជ្រក​ពួន​ក្នុង​រអាង​ក្នុង​ព្រៃ​ញាត‌ស្បាត ក្នុង​កន្លៀត​ថ្ម នឹង​ក្នុង​អណ្តូង ហើយ​នៅ​លើ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន រីឯ​ពួក​ហេ‌ព្រើរ​ខ្លះ គេ​ក៏​ឆ្លង​ទន្លេ​យ័រដាន់ ទៅ​ឯ​ស្រុក​កាឌ់ ហើយ​នឹង​ស្រុក​កាឡាត​ទៅ តែ​សូល​ទ្រង់​នៅ​ត្រង់​គីល‌កាល​នៅ​ឡើយ ហើយ​បណ្តា​ទ័ព​ក៏​តាម​ទ្រង់​ទាំង​ញាប់‌ញ័រ។ ទ្រង់​ក៏​រង់‌ចាំ​នៅ​៧​ថ្ងៃ តាម​កំណត់​ដែល​សាំយូ‌អែល​បាន​សន្យា តែ​សាំយូ‌អែល​មិន​បាន​មក​ដល់​គីល‌កាល​ទេ ហើយ​បណ្តាជន​ក៏​ខ្ចាត់​ខ្ចាយ​ចេញ​ពី​ទ្រង់​អស់​ទៅ ដូច្នេះ ទ្រង់​មាន​បន្ទូល​ថា ចូរ​យក​ដង្វាយ​ដុត​នោះ​មក​ឯ​ខ្ញុំ ព្រម​ទាំង​ដង្វាយ​មេត្រី​ផង រួច​ទ្រង់​ក៏​ថ្វាយ​ដង្វាយ​ដុត​នោះ​ទៅ តែ​កាល​ដុត​ថ្វាយ​រួច​ហើយ នោះ​មើល សាំយូ‌អែល​ក៏​មក​ដល់ ហើយ​សូល​ទ្រង់​ចេញ​ទៅ​ទទួល ដើម្បី​នឹង​គោរព​ដល់​លោក ប៉ុន្តែសាំយូ‌អែល​ទូល​សួរ​ថា តើ​បាន​ធ្វើ​អ្វី​ហ្នឹង សូល​ទ្រង់​ឆ្លើយ​ថា ដោយ​ព្រោះ​ខ្ញុំ​ឃើញ​ថា បណ្តា​ទ័ព​បាន​ខ្ចាត់​ខ្ចាយ​ចេញ​ពី​ខ្ញុំ​ទៅ ហើយ​លោក​ក៏​មិន​បាន​អញ្ជើញ​មក នៅ​វេលា​កំណត់ ហើយ​ពួក​ភីលីស្ទីន​បាន​ប្រមូល​គ្នា​មក នៅ​មីក‌ម៉ាស​ផង នោះ​បាន​ជា​ខ្ញុំ​នឹក​ថា ពួក​ភីលីស្ទីន​នឹង​ចុះ​មក​លើ​ខ្ញុំ នៅ​គីល‌កាល​ឥឡូវ​នេះ​ហើយ ខ្ញុំ​ក៏​ឥត​ទាន់​បាន​សូម​អង្វរ ដល់​ព្រះ‌យេហូវ៉ា​ផង ដូច្នេះខ្ញុំ​បាន​បង្ខំ​ខ្លួន​ឲ្យ​ថ្វាយ​ដង្វាយ​នេះ​ទៅ សាំយូ‌អែល​ឆ្លើយ​ថា ទ្រង់​បាន​ប្រព្រឹត្ត​នេះ​វរ​គំនិត​ហើយ ទ្រង់​មិន​បាន​រក្សា​បញ្ញត្ត​របស់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ ដែល​បាន​បង្គាប់​មក​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ នឹង​តាំង​ឲ្យ​ទ្រង់​សោយ‌រាជ្យ​លើ​សាសន៍​អ៊ីស្រាអែល ជា​រៀង‌រាប​ដរាប​ទៅ តែ​ឥឡូវ​នេះ រាជ្យ​ទ្រង់​មិន​បាន​នៅ​ត​ទៅ​ទៀត​ទេ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​រក​បាន​មនុស្ស​ម្នាក់​ទៀត ដែល​ត្រូវ​នឹង​ព្រះ‌ហឫទ័យ​ទ្រង់ ហើយ​ទ្រង់​បាន​តាំង​អ្នក​នោះ ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់‌គ្រង លើ​ពួក​រាស្ត្រ​ទ្រង់​វិញ ពី​ព្រោះ​ព្រះ‌ករុណា​មិន​បាន​កាន់​តាម​សេចក្ដី ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​សោះ