១ ពង្សាវតារក្សត្រ 22:1-40

១ ពង្សាវតារក្សត្រ 22:1-40 ពគប

ក្នុង​រវាង​៣​ឆ្នាំ​នោះ សាសន៍​ស៊ីរី នឹង​សាសន៍​អ៊ីស្រាអែល ឥត​មាន​ចំបាំង​នឹង​គ្នា​ឡើយ តែ​ដល់​ឆ្នាំ​ទី​៣ នោះ​យ៉ូសា‌ផាត ជា​ស្តេច​យូដា ទ្រង់​យាង​ចុះ​មក​គាល់​ស្តេច​អ៊ីស្រាអែល ហើយ​ស្តេច​អ៊ីស្រាអែល​ទ្រង់​មាន​បន្ទូល​នឹង​ពួក​ជំនិត​ទ្រង់​ថា អ្នក​រាល់​គ្នា​ដឹង​ហើយ​ថា ក្រុង​រ៉ាម៉ូត-កាឡាត​ជា​របស់​ផង​យើង ចុះ​ហេតុ​អ្វី​បាន​ជា​យើង​នៅ​តែ​ស្ងៀម ឥត​ទៅ​ចាប់​យក​ពី​កណ្តាប់​ដៃ​ស្តេច​ស៊ីរី​មក​វិញ​ដូច្នេះ រួច​ទ្រង់​ទូល​សួរ​យ៉ូសា‌ផាត​ថា តើ​ទ្រង់​នឹង​ទៅ​ច្បាំង​នឹង​ក្រុង​រ៉ាម៉ូត-កាឡាត ជា​មួយ​នឹង​ទូលបង្គំ​ឬ​ទេ យ៉ូសា‌ផាត​ទូល​ឆ្លើយ​ថា ទូលបង្គំ​ក៏​ដូច​ជា​ទ្រង់ រាស្ត្រ​របស់​ទូលបង្គំ​ក៏​ដូច​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​សេះ​របស់​ទូលបង្គំ​ទាំង​ប៉ុន្មាន ក៏​ដូច​ជា​សេះ​របស់​ទ្រង់​ដែរ។ តែ​យ៉ូសា‌ផាត​ទូល​ដល់​ស្តេច​អ៊ីស្រាអែល​ថា សូម​ទ្រង់​ទូល​សួរ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ជា​មុន​សិន ដូច្នេះ ស្តេច​អ៊ីស្រាអែល​ក៏​ប្រមូល​ពួក​ហោរា​ប្រហែល​ជា​៤០០​នាក់​មក​សួរ​ថា តើ​ត្រូវ​ឲ្យ​យើង​ចេញ​ទៅ ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន គេ​ទូល​ឆ្លើយ​ថា សូម​យាង​ឡើង​ទៅ​ចុះ ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​នឹង​ប្រគល់​គេ មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ តែ​យ៉ូសា‌ផាត​សួរ​ថា នៅ​ទី​នេះ តើ​គ្មាន​ហោរា​ណា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ល្មម​ឲ្យ​យើង​សួរ​គាត់​ដែរ​ទេ​ឬ ស្តេច​អ៊ីស្រាអែល​ទូល​ឆ្លើយ​ថា មាន​ម្នាក់​ទៀត ដែល​ល្មម​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​បាន គឺ​ឈ្មោះ​មីកាយ៉ា ជា​កូន​យីមឡា តែ​ទូលបង្គំ​ស្អប់​វា ដ្បិត​វា​មិន​ដែល​ទាយ​ល្អ​ពី​ទូលបង្គំ​សោះ គឺ​ចេះ​តែ​ទាយ​អាក្រក់​វិញ យ៉ូសា‌ផាត​ទូល​ថា សូម​ទ្រង់​កុំ​មាន​បន្ទូល​ដូច្នោះ​ឡើយ នោះ​ស្តេច​អ៊ីស្រាអែល ទ្រង់​ហៅ​មហា‌តលិក​ម្នាក់​មក​បង្គាប់​ថា ចូរ​ទៅ​នាំ​មីកាយ៉ា ជា​កូន​យីមឡា មក​នេះ​ជា​ឆាប់ៗ ឯ​ស្តេច​អ៊ីស្រាអែល នឹង​យ៉ូសា‌ផាត ជា​ស្តេច​ស្រុក​យូដា ទ្រង់​ព្រះ‌ពស្ត្រ‌រាជ្យ​គង់​លើ​បល្ល័ង្ក​រៀង​អង្គ ត្រង់​ទី‌ធ្លា នៅ​ទ្វារ​ក្រុង​សាម៉ារី ហើយ​ពួក​ហោរា​ក៏​ឈរ​ទាយ​នៅ​ចំពោះ​ទ្រង់ ឯ​សេដេគា ជា​កូន​ក្នាណា គាត់​បាន​ធ្វើ​ស្នែង​ដែក ហើយ​ក៏​ទូល​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ ព្រះ‌ករុណា​នឹង​ជល់​ពួក​ស៊ីរី​ដោយ​ស្នែង​នេះ ដរាប​ដល់​វិនាស​សូន្យ​ទៅ ហើយ​ពួក​ហោរា​ទាំង​អស់​ក៏​ទាយ​ដូច្នោះ​ដែរ​ថា សូម​យាង​ឡើង​ទៅ​ឯ​រ៉ាម៉ូត-កាឡាត ហើយ​មាន​ជ័យ‌ជំនះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​ក្រុង​នោះ មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ។ រីឯ​អ្នក​ដែល​ទៅ​ហៅ​មីកាយ៉ា​មក ក៏​ប្រាប់​គាត់​ថា មើល ពួក​ហោរា​ទាំង​អស់ សុទ្ធ​តែ​ទាយ​ល្អ​ដល់​ស្តេច​ព្រម​គ្នា ដូច្នេះ សូម​ឲ្យ​ពាក្យ​លោក​បាន​ដូច​ជា​ពាក្យ​របស់​ហោរា​ទាំង​នោះ​ដែរ ដោយ​ពោល​តែ​សេចក្ដី​ល្អ​ចុះ តែ​មីកាយ៉ា​ឆ្លើយ​ថា ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​ថា សេចក្ដី​ណា​ដែល​ព្រះ‌យេហូវ៉ា​មាន​បន្ទូល​មក​ខ្ញុំ នោះ​ខ្ញុំ​នឹង​បញ្ចេញ​តាម​សេចក្ដី​នោះ រួច​កាល​បាន​ចូល​ទៅ​គាល់​ស្តេច​ហើយ នោះ​ទ្រង់​មាន​បន្ទូល​សួរ​ថា មីកាយ៉ា​អើយ តើ​ត្រូវ​ឲ្យ​យើង​ទៅ​ច្បាំង​នឹង​រ៉ាម៉ូត-កាឡាត ឬ​ឈប់​ខាន គាត់​ទូល​ឡក​ថា សូម​យាង​ទៅ ហើយ​មាន​ជ័យ‌ជំនះ​ចុះ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ព្រះ‌ហស្ត​នៃ​ព្រះ‌ករុណា​ហើយ ដូច្នេះ ស្តេច​ទ្រង់​មាន​បន្ទូល​ថា អញ​បាន​ស្តី​ឯង​ប៉ុន្មាន​ដង​ហើយ ឲ្យ​និយាយ​តែ​សេចក្ដី​ពិត​ប៉ុណ្ណោះ ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា គាត់​ទូល​ឆ្លើយ​ថា ទូលបង្គំ​បាន​ឃើញ​ពួក​អ៊ីស្រាអែល​ត្រូវ​ខ្ចាត់​ខ្ចាយ​នៅ​លើ​ភ្នំ ប្រៀប​ដូច​ជា​ហ្វូង​ចៀម​ដែល​គ្មាន​អ្នក​គង្វាល ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ថា ពួក​ទាំង​នេះ​គ្មាន​ចៅហ្វាយ​ទេ ចូរ​ឲ្យ​គេ​ត្រឡប់​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ ដោយ​សេចក្ដី​សុខ​ចុះ ដូច្នេះ ស្តេច​អ៊ីស្រាអែល​ទ្រង់​ទូល​ទៅ​យ៉ូសា‌ផាត​ថា តើ​ទូលបង្គំ​មិន​បាន​ទូល​ទ្រង់​ទេ​ឬ​អី ថា​វា​មិន​ដែល​ទាយ​ល្អ​ពី​ទូលបង្គំ​ទេ គឺ​ទាយ​តែ​អាក្រក់​ប៉ុណ្ណោះ នោះ​មីកាយ៉ា​ទូល​ថា ដូច្នេះ សូម​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​សិន ទូលបង្គំ​បាន​ឃើញ​ព្រះ‌យេហូវ៉ា ទ្រង់​គង់​លើ​បល្ល័ង្ក មាន​ទាំង​ពួក​ពល​បរិវារ​នៃ​ស្ថាន​សួគ៌​ទាំង​អស់ ឈរ​អម​អង្គ ទាំង​ខាង​ស្តាំ នឹង​ខាង​ឆ្វេង ហើយ​ព្រះ‌យេហូវ៉ា ទ្រង់​មាន​បន្ទូល​ថា តើ​អ្នក​ណា​នឹង​ទៅ​បបួល​អ័ហាប់ ឲ្យ​ឡើង​ទៅ​ច្បាំង ហើយ​ដួល​ស្លាប់​នៅ​ត្រង់​រ៉ាម៉ូត-កាឡាត ម្នាក់​ក៏​ថា​យ៉ាង​នេះ ម្នាក់​ក៏​ថា​យ៉ាង​នោះ រួច​មាន​វិញ្ញាណ​១​ចេញ​មក​ឈរ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ទូល​ថា ទូលបង្គំ​ចង់​ទៅ ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​សួរ​ថា នឹង​ធ្វើ​យ៉ាង​ណា​ទៅ វិញ្ញាណ​នោះ​ទូល​ថា ទូលបង្គំ​នឹង​ចេញ​ទៅ​ធ្វើ​ជា​វិញ្ញាណ​ភូត‌កុហក នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​ទាំង​ប៉ុន្មាន​របស់​ស្តេច ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ចូរ​ចេញ​ទៅ​ធ្វើ​ដូច្នោះ​ចុះ ឯង​នឹង​បបួល​វា​ឲ្យ​សំរេច​បាន ដូច្នេះ មើល ឥឡូវ​នេះ​ព្រះ‌យេហូវ៉ា​ទ្រង់​ដាក់​វិញ្ញាណ​ភូត‌កុហក​នៅ​ក្នុង​មាត់​នៃ​ពួក​ហោរា​របស់​ព្រះ‌ករុណា​ទាំង​នេះ ហើយ​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ពី​សេចក្ដី​អន្តរាយ ដែល​នឹង​កើត​ដល់​ព្រះ‌ករុណា​វិញ។ លំដាប់​នោះ​សេដេគា​ជា​កូន​ក្នាណា ក៏​ចូល​ទៅ​ទះ​កំផ្លៀង​មីកាយ៉ា​សួរ​ថា ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចេញ​ពី​អញ ទៅ​មាន​បន្ទូល​នឹង​ឯង​តាម​ណា មីកាយ៉ា​ឆ្លើយ​ថា ចាំ​មើល នៅ​ថ្ងៃ​នោះ​ឯង​នឹង​បាន​ឃើញ ក្នុង​កាល​ដែល​ឯង​រត់​ទៅ​ពួន​នៅ​ក្នុង​បន្ទប់​ខាង​ក្នុង ស្តេច​អ៊ីស្រាអែល​ទ្រង់​បង្គាប់​ថា ចូរ​នាំ​យក​មីកាហ៉ាត្រឡប់​ទៅ​ឯ​អាំម៉ូន ជា​ចៅហ្វាយ​ទី​ក្រុង នឹង​យ៉ូអាស ជា​ព្រះ‌រាជ‌បុត្រ​ទៅ ហើយ​បង្គាប់​ថា ស្តេច​ទ្រង់​មាន​បន្ទូល​ដូច្នេះ គឺ​ឲ្យ​ដាក់​មនុស្ស​នេះ​ក្នុង​គុក ចិញ្ចឹម​ដោយ​នំបុ័ងនឹង​ទឹក​ដ៏​វេទនា ដរាប​ដល់​អញ​មក​វិញ​ដោយ​សុខ‌សាន្ត នោះ​មីកាយ៉ា​ទូល​ថា បើ‌សិន​ជា​ទ្រង់​ដែល​យាង​មក​វិញ ដោយ​សុខ‌សាន្ត នោះ​គឺ​ព្រះ‌យេហូវ៉ា​មិន​បាន​មាន​បន្ទូល ដោយ‌សារ​ទូលបង្គំ​ទេ រួច​គាត់​ថែម​ពាក្យ​នេះ​ថា ឱ​ជន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​ចុះ។ ដូច្នេះ ស្តេច​អ៊ីស្រាអែលនឹង​យ៉ូសា‌ផាត ជា​ស្តេច​យូដា ក៏​ឡើង​ទៅ​ឯ​ក្រុង​រ៉ាម៉ូត-កាឡាត ស្តេច​អ៊ីស្រាអែល​ទ្រង់​ទូល​ទៅ​យ៉ូសា‌ផាត​ថា ទូលបង្គំ​នឹង​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង តែ​ព្រះ‌អង្គ សូម​ឲ្យ​ទ្រង់​គ្រឿង​ព្រះ‌ពស្ត្រ‌រាជ្យ​របស់​ទ្រង់​វិញ ស្តេច​អ៊ីស្រាអែល​ក៏​ក្លែង​ខ្លួន​ចូល​ទៅ​ច្បាំង​នឹង​គេ រីឯ​ខាង​ស្តេច​ស៊ីរី បាន​បង្គាប់​ដល់​ពួក​មេ‌ទ័ព​រទេះ​ចំបាំង​ទ្រង់​ទាំង​៣២​នាក់​ថា កុំ​ឲ្យ​ត​នឹង​អ្នក​ណា ទោះ​តូចឬ​ធំ​ក្តី ចូរ​ត​តែ​នឹង​ស្តេច​អ៊ីស្រាអែល​១​ប៉ុណ្ណោះ ដូច្នេះ កាល​ពួក​មេ‌ទ័ព​ទាំង​នោះ​បាន​ឃើញ​យ៉ូសា‌ផាត គេ​ក៏​បែរ​ទៅ​បំរុង​ត​នឹង​ទ្រង់ ដោយ​ស្មាន​ថា នេះ​ប្រាកដ​ជា​ស្តេច​អ៊ីស្រាអែល​ហើយ តែ​យ៉ូសា‌ផាត​ទ្រង់​ស្រែក​ឡើង កាល​ពួក​មេ‌ទ័ព​ឃើញ​ថា មិន​មែន​ជា​ស្តេច​អ៊ីស្រាអែល​ទេ នោះ​ក៏​លែង​តាម​ត​ទៅ តែ​មាន​មនុស្ស​ម្នាក់​យឹត​ធ្នូ បាញ់​ព្រាវ​ទៅ ត្រូវ​ស្តេច​អ៊ីស្រាអែល ត្រង់​ប្រឡោះ​អាវ‌ក្រោះ​ទ្រង់ ដូច្នេះ ទ្រង់​មាន​បន្ទូល​បង្គាប់ ដល់​អ្នក​បរ​ព្រះ‌រាជ‌រថ​ទ្រង់​ថា ចូរ​ញាក់​បង្ហៀរ​ត្រឡប់​រថ នាំ​យើង​ចេញ​ពី​ពល‌ទ័ព​ទៅ ដ្បិត​យើង​មាន​របួស​ជា​ទំងន់ នៅ​ថ្ងៃ​នោះ ចំបាំង​ក៏​កាន់​តែ​ខ្លាំង​ឡើង តែ​គេ​គ្រាហ៍​គាំ​ស្តេច​នៅ​ក្នុង​ព្រះ‌រាជ‌រថ ដើម្បី​តស៊ូ​នឹង​ពួក​ស៊ីរី លុះ​ដល់​ពេល​ល្ងាចទ្រង់​សុគត​ទៅ ហើយ​ឈាម​ពី​របួស​នោះ​ក៏​ហូរ​ទៅ​ក្នុង​បាត​ព្រះ‌រាជ‌រថ រួច​ដល់​ពេល​ថ្ងៃ​លិច នោះ​ក៏​មាន​ឮ​សំរែក នៅ​ពេញ​ក្នុង​ពួក​ទ័ព​ថា ចូរ​គ្រប់​គ្នា​ត្រឡប់​ទៅ​ឯ​ទី​ក្រុង នឹង​ស្រុក​របស់​ខ្លួន​វិញ​ទៅ។ គឺ​យ៉ាង​នោះ​ដែល​ស្តេច​ទ្រង់​សុគត ហើយ​គេ​ក៏​នាំ​សព​ទ្រង់​មក​វិញ បញ្ចុះ​នៅ​ក្នុង​ក្រុង​សាម៉ារី គេ​លាង​ព្រះ‌រាជ‌រថ​នៅ​ត្រង់​ស្រះ​ទឹក​នៃ​ក្រុង​សាម៉ារី ហើយ​មាន​ឆ្កែ​លិទ្ធ​ឈាម (រីឯ​នៅ​ទី​នោះ​ពួក​ស្រី​សំផឹង​តែង​ងូត​ទឹក) តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល​ទុក ឯ​ដំណើរ​ឯ​ទៀត​ពី​អ័ហាប់ នឹង​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​ធ្វើ ព្រម​ទាំង​ដំណាក់​ភ្លុក​ដែល​ទ្រង់​បាន​ធ្វើ នឹង​អស់​ទាំង​ទី​ក្រុង​ដែល​ទ្រង់​បាន​សង់ នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ គឺ​យ៉ាង​នោះ ដែល​អ័ហាប់​បាន​ផ្ទំ​លក់​ទៅ​ជា​មួយ​នឹង​ពួក​ឰយុកោ​ទ្រង់ រួច​អ័ហា‌ស៊ីយ៉ា ជា​ព្រះ‌រាជ‌បុត្រា ក៏​ឡើង​សោយ‌រាជ្យ​ជំនួស​បិតា។