Mark 16
16
1 កាលថ្ងៃសប្ប័ទកន្លងផុតទៅ នាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡា និងនាងម៉ារាជាម្ដាយរបស់លោកយ៉ាកុប និងនាងសាឡូមេបានទិញគ្រឿងក្រអូប ដើម្បីយកទៅលាបលើសពព្រះអង្គ
2 នៅព្រឹកព្រលឹមក្នុងថ្ងៃទីមួយនៃសប្ដាហ៍ ពេលថ្ងៃរះ ពួកនាងបានទៅផ្នូរ
3 ហើយពួកនាងបាននិយាយគ្នាថា៖ «តើអ្នកណានឹងប្រមៀលថ្មពីមាត់ច្រកចូលក្នុងផ្នូរឲ្យយើង?»
4 ប៉ុន្ដែពេលសម្លឹងមើលទៅ ពួកនាងឃើញថា ថ្មដ៏ធំនោះត្រូវគេប្រមៀលចេញទៅហើយ
5 ពេលចូលទៅក្នុងផ្នូរ ពួកនាងឃើញអ្នកកំលោះម្នាក់អង្គុយនៅខាងស្ដាំ ពាក់អាវវែងពណ៌ស ពួកនាងក៏ភ័យស្រឡាំងកាំង
6 ប៉ុន្ដែអ្នកនោះប្រាប់ពួកនាងថា៖ «កុំភ័យអី! អ្នករាល់គ្នាកំពុងរកព្រះយេស៊ូជាអ្នកក្រុងណាសារ៉ែតដែលត្រូវគេឆ្កាងនោះ តែព្រះអង្គបានរស់ឡើងវិញហើយ មិននៅទីនេះទៀតទេ ចូរមើលកន្លែងដែលគេដាក់សពព្រះអង្គចុះ
7 រួចចូរទៅប្រាប់ពួកសិស្ស និងលោកពេត្រុសថា ព្រះអង្គកំពុងទៅស្រុកកាលីឡេមុនអ្នករាល់គ្នាហើយ អ្នករាល់គ្នានឹងជួបព្រះអង្គនៅទីនោះ ដូចដែលព្រះអង្គបានប្រាប់»
8 ពួកនាងបានរត់ចេញពីផ្នូរទាំងភ័យញាប់ញ័រ ហើយមិនបានប្រាប់អ្វីដល់អ្នកណាម្នាក់ទេ ព្រោះពួកនាងខ្លាច។
9 កាលព្រះអង្គមានព្រះជន្មរស់ឡើងវិញ គឺនៅព្រឹកព្រលឹមក្នុងថ្ងៃទីមួយនៃសប្ដាហ៍ ព្រះអង្គបានលេចមកឲ្យនាងម៉ារាជាអ្នកក្រុងម៉ាក់ដាឡាឃើញមុនគេ គឺស្ដ្រីម្នាក់នេះហើយ ដែលព្រះអង្គបានបណ្ដេញអារក្សចំនួនប្រាំពីរចេញពីនាង
10 នាងបានចេញទៅប្រាប់ពួកអ្នកនៅជាមួយព្រះអង្គដែលកំពុងកាន់ទុក្ខ និងយំសោក
11 តែកាលពួកគេឮថា ព្រះអង្គមានព្រះជន្មរស់ ហើយនាងបានជួបព្រះអង្គនោះ ពួកគេមិនជឿទេ
12 ក្រោយហេតុការណ៍ទាំងនេះ ព្រះអង្គបានលេចមកជារូបរាងផ្សេងទៀតឲ្យមនុស្សពីរនាក់នៅក្នុងចំណោមពួកគេឃើញ ពេលកំពុងដើរទៅស្រុកចម្ការ
13 អ្នកទាំងពីរនោះបានទៅប្រកាសប្រាប់អ្នកឯទៀត ប៉ុន្ដែពួកគេក៏មិនជឿដែរ
14 ក្រោយមក ពេលពួកគេកំពុងអង្គុយនៅតុអាហារ ព្រះអង្គក៏លេចមកឲ្យសាវកទាំងដប់មួយឃើញ ហើយក៏បន្ទោសដល់ភាពគ្មានជំនឿ និងចិត្ដរឹងរូសរបស់ពួកគេ ព្រោះពួកគេមិនបានជឿតាមអ្នកដែលបានជួបព្រះអង្គ កាលព្រះអង្គរស់ឡើងវិញ
15 ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ចូរចេញទៅក្នុងពិភពលោកទាំងមូល ហើយប្រកាសដំណឹងល្អប្រាប់មនុស្សលោកទាំងអស់
16 អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹកនោះនឹងបានសង្គ្រោះ ប៉ុន្ដែអ្នកណាមិនជឿ នោះនឹងជាប់ទោសមិនខាន
17 អ្នកជឿនឹងមានទីសំគាល់ដូចនេះ ពួកគេនឹងបណ្ដេញអារក្សនៅក្នុងឈ្មោះខ្ញុំ ហើយពួកគេនឹងនិយាយភាសាថ្មី
18 ពួកគេនឹងចាប់ពស់ដោយដៃ ហើយបើពួកគេផឹកអ្វីពុលនោះ ក៏គ្មានគ្រោះថ្នាក់ដែរ ពួកគេដាក់ដៃលើមនុស្សឈឺ មនុស្សឈឺនឹងបានជាសះស្បើយ»
19 ក្រោយពីព្រះអម្ចាស់យេស៊ូមានបន្ទូលទៅគេរួចហើយ ព្រះជាម្ចាស់ក៏យកព្រះអង្គឡើងទៅស្ថានសួគ៌ ហើយអង្គុយនៅខាងស្ដាំព្រះជាម្ចាស់
20 រីឯពួកគេក៏ចេញទៅប្រកាសដំណឹងល្អគ្រប់ទីកន្លែង ហើយព្រះអម្ចាស់ក៏ជួយពួកគេ និងបញ្ជាក់ពីព្រះបន្ទូលតាមរយៈទីសំគាល់នានាដែលបានកើតឡើង។
اکنون انتخاب شده:
Mark 16: KCB
هایلایت
به اشتراک گذاشتن
مقایسه
کپی
می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.