លោកុប្បត្តិ 35
35
លោកយ៉ាកុបវិលត្រឡប់ទៅបេត-អែល
1ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកយ៉ាកុបថា៖ «ចូររៀបចំឡើងទៅឯបេត-អែល ហើយអាស្រ័យនៅទីនោះចុះ។ ត្រូវសង់អាសនាមួយថ្វាយព្រះដែលបានលេចមកឲ្យអ្នកឃើញ នៅពេលអ្នករត់ចេញពីអេសាវជាបងរបស់អ្នក»។ 2ដូច្នេះ លោកយ៉ាកុបប្រាប់ក្រុមគ្រួសាររបស់លោក និងអស់អ្នកដែលនៅជាមួយលោកថា៖ «ចូរបោះចោលព្រះដទៃទាំងប៉ុន្មាន ដែលនៅក្នុងចំណោមអ្នករាល់គ្នាចេញ រួចសម្អាតខ្លួន ហើយផ្លាស់សម្លៀកបំពាក់ទៅ។ 3ចូរយើងរៀបចំឡើងទៅឯបេត-អែល នៅទីនោះ ខ្ញុំនឹងសង់អាសនាមួយថ្វាយព្រះដែលបានតបឆ្លើយមកខ្ញុំ នៅថ្ងៃដែលខ្ញុំមានសេចក្ដីវេទនា ហើយក៏បានគង់ជាមួយខ្ញុំ នៅគ្រប់ទីកន្លែងដែលខ្ញុំបានធ្វើដំណើរដែរ»។ 4ដូច្នេះ គេក៏យកព្រះដទៃទាំងប៉ុន្មានដែលគេមាននៅក្នុងដៃ និងក្រវិលដែលនៅត្រចៀករបស់គេ មកប្រគល់ឲ្យលោកយ៉ាកុប ហើយលោកក៏យកទៅកប់ចោលនៅក្រោមដើមម៉ៃសាក់ ដែលនៅជិតក្រុងស៊ីគែម។
5កាលគេធ្វើដំណើរទៅ ព្រះបានធ្វើឲ្យមនុស្សនៅតាមទីក្រុងទាំងឡាយដែលនៅជុំវិញគេ មានសេចក្ដីស្ញែងខ្លាច មិនហ៊ានដេញតាមពួកកូនចៅលោកយ៉ាកុបឡើយ។ 6លោកយ៉ាកុប និងមនុស្សទាំងប៉ុន្មានដែលនៅជាមួយលោក ក៏បានមកដល់លូស (គឺបេត-អែល) ដែលនៅក្នុងស្រុកកាណាន។ 7លោកបានសង់អាសនាមួយនៅទីនោះ ហើយដាក់ឈ្មោះកន្លែងនោះថា "អែល-បេត-អែល" ព្រោះនៅទីនោះហើយដែលព្រះទ្រង់បានលេចមកឲ្យលោកឃើញ នៅពេលលោករត់គេចចេញពីបងរបស់លោក។ 8នៅគ្រានោះ នាងដេបូរ៉ា ជាមេដោះរបស់នាងរេបិកាបានស្លាប់ ហើយគេបញ្ចុះសពគាត់នៅក្រោមដើមម៉ៃសាក់ ខាងក្រោមបេត-អែល។ ដូច្នេះ គេហៅកន្លែងនោះថា "អាឡុន-បាគូថ" ។
9ព្រះទ្រង់បានលេចមកឲ្យលោកយ៉ាកុបឃើញម្តងទៀត នៅពេលលោកបានត្រឡប់មកពីស្រុកប៉ាដាន់-អើរ៉ាមវិញ ហើយព្រះអង្គបានប្រទានពរលោក។ 10ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកថា៖ «អ្នកឈ្មោះយ៉ាកុប ហើយឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថាអ៊ីស្រាអែលវិញ»។ ដូច្នេះ ព្រះអង្គបានដាក់ឈ្មោះលោកថា អ៊ីស្រាអែល ។ 11ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកថា៖ «យើងជាព្រះដ៏មានគ្រប់ព្រះចេស្តា ចូរអ្នកបង្កើតកូនឲ្យបានចម្រើនជាច្រើនឡើង។ ជាតិសាសន៍មួយ និងជាតិសាសន៍ជាច្រើនទៀតនឹងកើតចេញពីអ្នក ហើយស្តេចជាច្រើនក៏នឹងកើតចេញពីអ្នកដែរ។ 12ស្រុកដែលយើងបានប្រគល់ឲ្យអ័ប្រាហាំ និងអ៊ីសាក យើងនឹងប្រគល់ឲ្យអ្នក ហើយយើងនឹងប្រគល់ស្រុកនោះ ឲ្យកូនចៅរបស់អ្នកដែលកើតមកតាមក្រោយដែរ»។ 13បន្ទាប់មក ព្រះទ្រង់ក៏ហោះចេញពីគាត់ឡើងទៅ នៅត្រង់កន្លែងដែលព្រះអង្គបានមានព្រះបន្ទូលជាមួយលោក។ 14លោកយ៉ាកុបបានយកថ្មមួយមកដាក់បញ្ឈរ នៅត្រង់កន្លែងដែលព្រះអង្គមានព្រះបន្ទូលជាមួយលោក ហើយលោកក៏បានច្រួចតង្វាយ និងចាក់ប្រេងពីលើថ្មនោះ។ 15ដូច្នេះ លោកយ៉ាកុបហៅកន្លែងដែលព្រះបានមានព្រះបន្ទូលជាមួយលោកនោះថា "បេត-អែល"។
កំណើតរបស់បេនយ៉ាមីន និងមរណភាពរបស់នាងរ៉ាជែល
16បន្ទាប់មក ពួកគេបានធ្វើដំណើរចេញពីបេត-អែល។ កាលគេនៅឆ្ងាយ មិនទាន់ទៅដល់អេប្រាតានៅឡើយ នាងរ៉ាជែលក៏ឈឺពោះសម្រាលកូន ហើយគាត់សម្រាលកូនយ៉ាងពិបាក។ 17កាលគាត់កំពុងតែសម្រាលកូនយ៉ាងពិបាកនោះ ឆ្មបប្រាប់គាត់ថា៖ «កុំខ្លាចអ្វីឡើយ ដ្បិតលោកស្រីបានកូនប្រុសមួយទៀត»។ 18កាលព្រលឹងរបស់នាងហៀបនឹងចេញពីនាងទៅ (ដ្បិតនាងហៀបនឹងស្លាប់) នាងបានដាក់ឈ្មោះកូននោះថា "បេន-អូនី" តែឪពុកដាក់ឈ្មោះថា "បេន-យ៉ាមីន" វិញ។ 19នាងរ៉ាជែលក៏ស្លាប់ទៅ ហើយគេបញ្ចុះសពគាត់នៅតាមផ្លូវទៅអេប្រាតា (គឺភូមិបេថ្លេហិម) 20លោកយ៉ាកុបបានបញ្ឈរបង្គោលថ្មមួយនៅលើផ្នូររបស់នាងរ៉ាជែល គឺជាបង្គោលផ្នូរនាងរ៉ាជែល ដែលនៅមានរហូតដល់សព្វថ្ងៃនេះ។ 21លោកអ៊ីស្រាអែលបានធ្វើដំណើរទៅបោះជំរំនៅខាងនាយប៉មអេឌើរ។
22នៅគ្រាដែលលោកអ៊ីស្រាអែលរស់នៅក្នុងស្រុកនោះ រូបេនបានទៅរួមដំណេកជាមួយនាងប៊ីលហា ជាប្រពន្ធចុងរបស់ឪពុក ហើយលោកអ៊ីស្រាអែលបានដឹងរឿងនេះ។
រីឯកូនប្រុសរបស់លោកយ៉ាកុប មានដប់ពីរនាក់។ 23កូនប្រុសរបស់នាងលេអា មានរូបេន (ជាកូនច្បងរបស់លោកយ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសាខារ និងសាប់យូឡូន។ 24កូនប្រុសរបស់នាងរ៉ាជែល មានយ៉ូសែប និងបេនយ៉ាមីន។ 25កូនប្រុសរបស់នាងប៊ីលហា ជាស្រីបម្រើនាងរ៉ាជែល មានដាន់ និងណែបថាលី។ 26កូនប្រុសរបស់នាងស៊ីលផា ជាស្រីបម្រើនាងលេអា មានកាដ និងអេស៊ើរ។ អ្នកទាំងនេះជាកូនប្រុសរបស់លោកយ៉ាកុប ដែលកើតនៅស្រុកប៉ាដាន់-អើរ៉ាម។
មរណភាពរបស់លោកអ៊ីសាក
27លោកយ៉ាកុបបានទៅរកលោកអ៊ីសាកជាឪពុកនៅម៉ាមរេ ឬក្រុងគាយ៉ាត-អើបា(គឺក្រុងហេប្រុន) ជាកន្លែងដែលលោកអ័ប្រាហាំ និងលោកអ៊ីសាកបានស្នាក់អាស្រ័យនៅ។ 28លោកអ៊ីសាករស់នៅបានមួយរយប៉ែតសិបឆ្នាំ។ 29ពេលលោកបានអាយុវែងល្មម ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ លោកក៏ផុតដង្ហើមស្លាប់ទៅ ហើយក៏បានទៅជួបជុំជាមួយដូនតារបស់លោក។ លោកអេសាវ និងលោកយ៉ាកុបជាកូន នាំគ្នាបញ្ចុះសពលោក។
اکنون انتخاب شده:
លោកុប្បត្តិ 35: គកស១៦
هایلایت
به اشتراک گذاشتن
کپی

می خواهید نکات برجسته خود را در همه دستگاه های خود ذخیره کنید؟ برای ورودثبت نام کنید یا اگر ثبت نام کرده اید وارد شوید
© 2016 United Bible Societies