YouVersion Logo
Search Icon

ម៉ាឡាគី 3

3
1 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
មាន​ព្រះ‌បន្ទូល​ថា៖
«យើង​ចាត់​ទូត​របស់​យើង​ឲ្យ​ទៅ​មុន
ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​យើង។
រំពេច​នោះ ព្រះ‌អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក
នឹង​យាង​ចូល​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ។
រីឯ​ទូត​នៃ​សម្ពន្ធ‌មេត្រី ដែល​អ្នក​រាល់​គ្នា​រង់‌ចាំ
កំពុង​តែ​មក​ហើយ»។
2 ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ព្រះអង្គ​យាង​មក​ដល់
តើ​នរណា​អាច​ទ្រាំ​បាន?
នៅ​ពេល​ព្រះអង្គ​លេច​មក
តើ​នរណា​អាច​ឈរ​បាន?
ដ្បិត​ព្រះអង្គ​ប្រៀប​បាន​នឹង​ភ្លើង​របស់​ជាង​ដែក
និង​ដូច​សាប៊ូ​របស់​អ្នក​បោក​សម្លៀក‌បំពាក់។
3ព្រះអង្គ​នឹង​គង់​កាត់​ក្ដី ដូច​ជាង​ទង​អង្គុយ
រំលាយ និង​បន្សុទ្ធ​សាច់​ប្រាក់។
ព្រះអង្គ​នឹង​ជម្រះ​កូន​ចៅ​លេវី​ឲ្យ​បាន​បរិសុទ្ធ
ព្រះអង្គ​នឹង​បន្សុទ្ធ​ពួក​គេ
ដូច​បន្សុទ្ធ​មាស និង​ប្រាក់។
ពួក​គេ​នឹង​នាំ​តង្វាយ​ត្រឹម​ត្រូវ​តាម​វិន័យ
មក​ថ្វាយ​ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ស្មោះ​ត្រង់។
4ពេល​នោះ ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ទទួល
តង្វាយ​របស់​អ្នក​ស្រុក​យូដា
និង​អ្នក​ក្រុង​យេរូ‌សាឡឹម
ដូច​កាល​ពី​ដើម នៅ​ជំនាន់​មុនៗ។
5 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​នឹង​មក​រក​អ្នក​រាល់​គ្នា
ដើម្បី​វិនិច្ឆ័យ​ទោស។
យើង​នឹង​ប្រញាប់‌ប្រញាល់​ចោទ​ប្រកាន់
ពួក​គ្រូ​ធ្មប់ និង​ពួក​ក្បត់​ចិត្ត​យើង
ពួក​ស្បថ​បំពាន
ពួក​សង្កត់‌សង្កិន​កម្មករ
ស្ត្រី​មេម៉ាយ និង​ក្មេង​កំព្រា
ពួក​ធ្វើ​បាប​ជន​បរទេស
ហើយ​មិន​គោរព​កោត​ខ្លាច​យើង»។
តង្វាយ​ដែល​ត្រូវ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់
6«យើង​ជា​ព្រះ‌អម្ចាស់ យើង​មិន​ប្រែ‌ប្រួល​ទេ
រីឯ​អ្នក​រាល់​គ្នា​វិញ អ្នក​រាល់​គ្នា​នៅ​តែ​ជា
កូន​ចៅ​យ៉ាកុប​ដដែល »។
7 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
«អ្នក​រាល់​គ្នា​ក៏​ដូច​ដូនតា​របស់​អ្នក​រាល់​គ្នា​ដែរ
អ្នក​រាល់​គ្នា​ងាក​ចេញ​ពី​ច្បាប់​របស់​យើង
គឺ​អ្នក​រាល់​គ្នា​មិន​ព្រម​កាន់​តាម​ទេ។
ចូរ​នាំ​គ្នា​វិល​មក​រក​យើង
នោះ​យើង​ក៏​វិល​មក​រក​អ្នក​រាល់​គ្នា​វិញ​ដែរ។
អ្នក​រាល់​គ្នា​ពោល​ថា:
“យើង​ខ្ញុំ​ត្រូវ​វិល​មក​វិញ​យ៉ាង​ដូច​ម្ដេច?”។
8តើ​មនុស្ស​កេង‌ប្រវ័ញ្ច​ព្រះ‌ជាម្ចាស់
ដូច​ម្ដេច​បាន?
អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច​យើង ហើយ​ពោល​ថា
“យើង​ខ្ញុំ​កេង‌ប្រវ័ញ្ច​ព្រះអង្គ​ដូច​ម្ដេច​ខ្លះ?”។
គឺ​អ្នក​រាល់​គ្នា​កេង‌ប្រវ័ញ្ច
តង្វាយ​មួយ​ភាគ​ដប់ និង​តង្វាយ
ដែល​អ្នក​រាល់​គ្នា​ត្រូវ​ញែក​ទុក​សម្រាប់​យើង!
9អ្នក​រាល់​គ្នា​ត្រូវ​បណ្ដាសា​ហើយ!
ព្រោះ​ប្រជា‌ជាតិ​ទាំង​មូល
បាន​កេង‌ប្រវ័ញ្ច​យើង»។
10 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
«ចូរ​នាំ​យក​តង្វាយ​មួយ​ភាគ​ដប់​ទាំង​ប៉ុន្មាន
មក​ដាក់​នៅ​ក្នុង​ឃ្លាំង
ដើម្បី​ឲ្យ​មាន​ស្បៀង​អាហារ
ក្នុង​ដំណាក់​របស់​យើង។
ចូរ​ធ្វើ​យ៉ាង​នេះ ដើម្បី​ល្បង‌ល​យើង​ទៅ
នោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថា
យើង​នឹង​បើក​ផ្ទៃ​មេឃ
បង្ហូរ​ព្រះ‌ពរ​ដ៏​លើស‌លុប​មក​លើ​អ្នក​រាល់​គ្នា»។
11 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
«យើង​នឹង​រារាំង​សត្វ​ល្អិត​មិន​ឲ្យ​បំផ្លាញ
ដំណាំ​របស់​អ្នក​រាល់​គ្នា
ហើយ​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​រាល់​គ្នា
នឹង​ផ្ដល់​ភោគ‌ផល​បរិបូណ៌»។
12 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
«ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថា
អ្នក​រាល់​គ្នា​ពិត​ជា​មាន​សុភមង្គល​មែន
ដ្បិត​ស្រុក​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ស្រុក​មួយ
ដ៏​សម្បូណ៌‌សប្បាយ»។
ព្រះ‌អម្ចាស់​ប្រទាន​ពរ​ដល់​អ្នក​គោរព​បម្រើ​ព្រះអង្គ
13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖
«អ្នក​រាល់​គ្នា​ពោល​ពាក្យ​ទ្រគោះ​បោះ​បោក
ប្រឆាំង​នឹង​យើង ហើយ​អ្នក​រាល់​គ្នា​ពោល​ថា:
“តើ​យើង​ខ្ញុំ​និយាយ​គ្នា​ប្រឆាំង​នឹង​ព្រះអង្គ
ដូច​ម្ដេច​ខ្លះ?”។
14អ្នក​រាល់​គ្នា​ពោល​ថា:
“ពួក​យើង​ខំ​បម្រើ​ព្រះ‌ជាម្ចាស់
តែ​គ្មាន​បាន​ការ​អ្វី​ទេ
ពួក​យើង​ខំ​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ
ហើយ​ខំ​ដើរ​តាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
ទាំង​កាន់​ទុក្ខ​ដូច្នេះ តើ​បាន​ចំណេញ​អ្វី?
15ពួក​យើង​សង្កេត​ឃើញ​ថា
ឥឡូវ​នេះ មាន​តែ​មនុស្ស​ព្រហើន​ទេ
ដែល​មាន​សុភមង្គល
ហើយ​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់
បែរ​ជា​បាន​ចម្រុង‌ចម្រើន​ទៅ​វិញ។
ទោះ​បី​ពួក​គេ​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់​ក្ដី
ក៏​ពួក​គេ​គេច​ផុត​ពី​ទុក្ខ​ទោស​ជានិច្ច”»។
16ពេល​នោះ អស់​អ្នក​ដែល​គោរព
កោត​ខ្លាច​ព្រះ‌អម្ចាស់
ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក
ព្រះ‌អម្ចាស់ទ្រង់​ព្រះ‌សណ្ដាប់
ហើយ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង
ពាក្យ​សម្ដី​របស់​ពួក​គេ។
គេ​បាន​ចារ​ឈ្មោះ​របស់​អស់​អ្នក​ដែល​គោរព
កោត​ខ្លាច​ព្រះ‌នាម​ព្រះ‌អម្ចាស់​ក្នុង​ក្រាំង​មួយ
ទុក​ជា​ទី​រំឭក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ។
17 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖
«នៅ​ថ្ងៃ​ដែល​យើង​បាន​កំណត់​ទុក
អ្នក​ទាំង​នោះ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​របស់​យើង
ពួក​គេ​នឹង​ទៅ​ជា​ប្រជា‌រាស្ត្រ​ដែល​ជា
ចំណែក​មត៌ក​របស់​យើង​ផ្ទាល់។
យើង​នឹង​ត្រា​ប្រណី​ពួក​គេ
ដូច​ឪពុក​ត្រា​ប្រណី​កូន​ដែល​បម្រើ​ឪពុក។
18ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ឃើញ​សា​ជា​ថ្មី​ថា
តើ​មនុស្ស​សុចរិត និង​មនុស្ស​អាក្រក់
ខុស​គ្នា​យ៉ាង​ណា
ហើយ​អ្នក​គោរព​បម្រើ​ព្រះ‌ជាម្ចាស់
និង​អ្នក​មិន​គោរព​បម្រើ ខុស​គ្នា​យ៉ាង​ណា

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy