YouVersion Logo
Search Icon

ម៉ាឡាគី 2

2
ព្រះ‌បន្ទូល​ព្រមាន​ពួក​បូជា‌ចារ្យ
1«ពួក​បូជា‌ចារ្យ​អើយ
ឥឡូវ​នេះ យើង​ព្រមាន​អ្នក​រាល់​គ្នា​ដូច​ត​ទៅ:
2ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​យើង
ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់
លើក​តម្កើង​សិរី‌រុងរឿង​នាម​របស់​យើង​ទេ
យើង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​កើត​មាន
ក្នុង​ចំណោម​អ្នក​រាល់​គ្នា។
យើង​នឹង​ធ្វើ​ឲ្យ​ពរ​របស់​អ្នក​រាល់​គ្នា
ក្លាយ​ទៅ​ជា​បណ្ដាសា
មែន​ហើយ យើង​ធ្វើ​ឲ្យ​ពរ​របស់​អ្នក​រាល់​គ្នា
ក្លាយ​ទៅ​ជា​បណ្ដាសា
ព្រោះ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់
នឹង​ពាក្យ​របស់​យើង​ទេ។
3យើង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថា
យើង​នឹង​ដាក់​ទោស​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា
យើង​នឹង​ជះ​លាមក​លើ​មុខ​អ្នក​រាល់​គ្នា
គឺ​លាមក​សត្វ​ដែល​អ្នក​រាល់​គ្នា​សម្លាប់​ធ្វើ
យញ្ញ‌បូជា​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ។
គេ​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ទៅ​ក្រៅ
ជា​មួយ​លាមក​សត្វ​នោះ​ដែរ។
4 ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា
យើង​ពិត​ជា​បាន​ព្រមាន​អ្នក​រាល់​គ្នា
ដើម្បី​ឲ្យ​សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ
កុល‌សម្ព័ន្ធ​លេវី ស្ថិត​នៅ​គង់‌វង្ស
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
5 សម្ពន្ធ‌មេត្រី​ដែល​យើង​ចង​ជា​មួយ​លេវី​នោះ
គឺ​យើង​ផ្ដល់​ជីវិត និង​សេចក្ដី​សុខ‌សាន្ត​ដល់​គេ
ហើយ​ឲ្យ​គេ​គោរព​កោត​ខ្លាច​នាម​យើង
និង​ភ័យ​ញាប់‌ញ័រ​នៅ​ចំពោះ​មុខ​យើង។
6គេ​បង្រៀន​ក្រឹត្យ‌វិន័យ​ដ៏​ត្រឹម​ត្រូវ
ហើយ​មិន​ពោល​ពាក្យ​បោក​បញ្ឆោត​ទេ។
គេ​រស់​នៅ​ជា​មួយ​យើង​ដោយ​សុខ‌សាន្ត
និង​ដោយ​ទៀង​ត្រង់
ព្រម​ទាំង​ណែ‌នាំ​មនុស្ស​ជា​ច្រើន
ឲ្យ​ងាក​ចេញ​ពី​អំពើ​អាក្រក់។
7ពាក្យ​សម្ដី​របស់​បូជា‌ចារ្យ​បង្រៀន​មនុស្ស
ឲ្យ​ស្គាល់​ព្រះ‌ជាម្ចាស់
ហើយ​ក្រឹត្យ‌វិន័យ​ក៏​ហូរ​ចេញ​ពី​មាត់​បូជា‌ចារ្យ​ដែរ
ព្រោះ​គាត់​ជា​អ្នក​នាំ​ព្រះ‌បន្ទូល​របស់
ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។
8រីឯ​អ្នក​រាល់​គ្នា​វិញ
អ្នក​រាល់​គ្នា​បាន​ងាក​ចេញ​ពី​មាគ៌ា​នេះ
ការ​បង្រៀន​របស់​អ្នក​រាល់​គ្នា
បាន​នាំ​មនុស្ស​ជា​ច្រើន​ឲ្យ​វង្វេង។
អ្នក​រាល់​គ្នា​បាន​បំពាន​លើ​សម្ពន្ធ‌មេត្រី
ដែល​យើង​បាន​ចង​ជា​មួយ​កុល‌សម្ព័ន្ធ​លេវី
- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់
នៃ​ពិភព​ទាំង​មូល។
9ដូច្នេះ យើង​នឹង​ឲ្យ​ប្រជា‌ជន​ទាំង​មូល
ប្រមាថ​មាក់‌ងាយ បន្តុះ‌បង្អាប់​អ្នក​រាល់​គ្នា
ដ្បិត​អ្នក​រាល់​គ្នា​មិន​ធ្វើ​តាម​មាគ៌ា​របស់​យើង​ទេ
ហើយ​អ្នក​រាល់​គ្នា​បង្រៀន​ក្រឹត្យ‌វិន័យ
ដល់​ប្រជា‌ជន​ដោយ​រើស​មុខ»។
ការ​ក្បត់​នឹង​សម្ពន្ធ‌មេត្រី តាម​របៀប​ពីរ​យ៉ាង
10ពួក​យើង​ទាំង​អស់​គ្នា​មាន​ឪពុក​តែ​មួយ​គត់
ហើយ​ព្រះ‌ជាម្ចាស់​ដែល​បង្កើត​ពួក​យើង​មក
ក៏​មាន​តែ​មួយ​ព្រះអង្គ​ដែរ
ហេតុ​ដូច​ម្ដេច​បាន​ជា​ពួក​យើង​ក្បត់​គ្នា
ទៅ​វិញ​ទៅ​មក ដោយ​បំពាន​លើ​សម្ពន្ធ‌មេត្រី
ដែល​ព្រះ‌ជាម្ចាស់​បាន​ចង​ជា​មួយ
បុព្វបុរស​របស់​ពួក​យើង​ដូច្នេះ?
11ជន‌ជាតិ​យូដា​បាន​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​នេះ
ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នៅ
ស្រុក​អ៊ីស្រា‌អែល និង​នៅ​ក្រុង​យេរូ‌សាឡឹម។
យូដា​បាន​ប្រមាថ​ទីសក្ការៈ​របស់​ព្រះ‌អម្ចាស់
ជា​កន្លែង​ដែល​ព្រះអង្គ​ស្រឡាញ់
គឺ​ពួក​គេ​រៀបការ​ជា​មួយ​ស្ត្រី
ដែល​ថ្វាយ‌បង្គំ​ព្រះ​ដទៃ។
12សូម​ព្រះ‌អម្ចាស់​ដក​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ
ចេញ​ពី​ចំណោម​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប
ហើយ​កុំ​ឲ្យ​គេ​មាន​កូន​ចៅ
ដើម្បី​ចូល​រួម​ថ្វាយ​តង្វាយ​ដល់
ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ឡើយ។
13អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត​ការ​មួយ​ទៀត
គឺ​អ្នក​រាល់​គ្នា​យំ​សោក​សង្រេង សម្រក់​ទឹក​ភ្នែក
ជោក​អាសនៈ​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
ព្រោះ​ព្រះអង្គ​លែង​រវី‌រវល់​នឹង​តង្វាយ
របស់​អ្នក​រាល់​គ្នា
ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្វីៗ​ដែល
អ្នក​រាល់​គ្នា​យក​មក​ថ្វាយ​ទេ។
14អ្នក​រាល់​គ្នា​សួរ​ថា “ហេតុ​អ្វី​បាន​ជា​ដូច្នេះ?”
គឺ​កាល​ពី​នៅ​ក្មេង អ្នក​បាន​រៀបការ
ដោយ​យក​ព្រះ‌អម្ចាស់​ធ្វើ​សាក្សី។
នាង​ជា​គូ‌ស្រករ ជា​ភរិយា​ពេញ​ច្បាប់​របស់​អ្នក
តែ​អ្នក​បាន​ក្បត់​ចិត្ត​ចោល​នាង។
15តើ​ព្រះ‌អម្ចាស់​មិន​បាន​ផ្សំ‌ផ្គុំ​អ្នក​ទាំង​ពីរ
ឲ្យ​ទៅ​ជា​រូប​កាយ​តែ​មួយ
មាន​ចិត្ត​គំនិត​តែ​មួយ​ទេ​ឬ?
ព្រះអង្គ​ធ្វើ​ដូច្នេះ ក្នុង​គោល​បំណង​អ្វី?
គឺ​ឲ្យ​អ្នក​ទាំង​ពីរ​បង្កើត​កូន​ចៅ
ដែល​ជា​អំណោយ​ទាន​របស់​ព្រះ‌ជាម្ចាស់។
ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ
គឺ​ម្នាក់ៗ​មិន​ត្រូវ​ក្បត់​ចិត្ត​ភរិយា
ដែល​ខ្លួន​បាន​រៀបការ​តាំង​ពី​ក្មេង​នោះ​ឡើយ។
16 ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល
មាន​ព្រះ‌បន្ទូល​ថា ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ
នឹង​ការ​លែង‌លះ​គ្នា​ទេ
ហើយ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល
ក៏​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​ដែល​ប្រព្រឹត្ត
អំពើ​ឃោរ‌ឃៅ​បែប​នេះ
ចំពោះ​ភរិយា​របស់​ខ្លួន​ដែរ!
ហេតុ​នេះ ចូរ​កាន់​ចិត្ត​គំនិត​ឲ្យ​បាន​ល្អ
មិន​ត្រូវ​មាន​ចិត្ត​ក្បត់​ឡើយ។
ថ្ងៃ​ព្រះ‌អម្ចាស់​វិនិច្ឆ័យ​ទោស​ជិត​មក​ដល់​ហើយ
17អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ព្រះ‌អម្ចាស់​នឿយ​ណាយ
ព្រោះ​តែ​ពាក្យ​សម្ដី​របស់​អ្នក​រាល់​គ្នា
តែ​អ្នក​រាល់​គ្នា​បែរ​ជា​ពោល​ថា “តើ​ពួក​យើង
មាន​ធ្វើ​អ្វី​ឲ្យ​ព្រះអង្គ​នឿយ‌ហត់?”
គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា:
“អ្នក​ណា​ប្រព្រឹត្ត​អំពើ​អាក្រក់
អ្នក​នោះ​ជា​មនុស្ស​ល្អ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ
របស់​ព្រះ‌អម្ចាស់
ដ្បិត​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​មនុស្ស
បែប​នេះ!”
ហើយ​អ្នក​រាល់​គ្នា​ពោល​ទៀត​ថា:
“តើ​ព្រះ​ដែល​វិនិច្ឆ័យ​ដោយ​យុត្តិធម៌
នៅ​ឯ​ណា?”។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy