YouVersion Logo
Search Icon

ហេប្រឺ 13

13
របៀប​រស់​នៅ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់
1ចូរ​ស្រឡាញ់​គ្នា​ជា​បងប្អូន​ឲ្យ​បាន​ជាប់​ជានិច្ច។ 2 សូម​កុំ​ភ្លេច​ទទួល​អ្នក​ដទៃ​យ៉ាង​រាក់‌ទាក់។ ដោយ​ទទួល​អ្នក​ដទៃ​ដូច្នេះ អ្នក​ខ្លះ​បាន​ទទួល​ទេវតា*​ទាំង​មិន​ដឹង​ខ្លួន។ 3ចូរ​គិត​ដល់​អស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំង ហាក់​បី​ដូច​ជា​បងប្អូន​នៅ​ជាប់​ឃុំ‌ឃាំង​រួម​ជា​មួយ​គេ ហើយ​គិត​ដល់​អស់​អ្នក​ដែល​ត្រូវ​គេ​ធ្វើ​បាប ព្រោះ​បងប្អូន​ក៏​មាន​រូប​កាយ​ចេះ​ឈឺ​ចាប់​ដូច​គេ​ដែរ។
4សូម​បងប្អូន​ទាំង​អស់​គ្នា​លើក​តម្លៃ​ការ​រស់​នៅ​ជា​ស្វាមី​ភរិយា គឺ​មិន​ត្រូវ​ក្បត់​ចិត្ត​គ្នា ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស​អ្នក​ប្រព្រឹត្ត​អំពើ​ប្រាស‌ចាក​សីលធម៌ និង​ផិត​ក្បត់។ 5 កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ឈ្លក់​នឹង​ការ​ស្រឡាញ់​ប្រាក់​ឡើយ គឺ​ត្រូវ​ស្កប់​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ ដែល​បងប្អូន​មាន​នៅ​ពេល​នេះ ដ្បិត​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​មិន​ទុក​អ្នក​ចោល ហើយ​ក៏​មិន​បោះ​បង់​អ្នក​ចោល​ដែរ»6 ហេតុ​នេះ​ហើយ​បាន​ជា​យើង​ហ៊ាន​និយាយ​ដោយ​ចិត្ត​រឹង‌ប៉ឹង​ថា«ព្រះ‌អម្ចាស់​នឹង​ជួយ​ខ្ញុំ ខ្ញុំ​មិន​ខ្លាច​អ្វី​ឡើយ។ តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?»
7ចូរ​បងប្អូន​គិត​ដល់​អ្នក​ដឹក​នាំ​បងប្អូន ដែល​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ឲ្យ​បងប្អូន​ស្ដាប់។ ចូរ​ពិចារណា​មើល​ជីវិត​របស់​លោក​ទាំង​នោះ​ដែល​ចប់​របៀប​ណា ហើយ​យក​តម្រាប់​តាម​ជំនឿ​របស់​លោក​ទៅ។
8ព្រះ‌យេស៊ូ​គ្រិស្ត​មិន​ប្រែ‌ប្រួល​ឡើយ ពី​ដើម សព្វ​ថ្ងៃ និង​រហូត​ដល់​អស់‌កល្ប​ជានិច្ច ព្រះអង្គ​នៅ​តែ​ដដែល។ 9សូម​កុំ​បណ្ដោយ​ខ្លួន​ទៅ​តាម​លទ្ធិ​ផ្សេងៗ​ពី​ខាង​ក្រៅ​ឡើយ គួរ​គប្បី​តាំង​ចិត្ត​គំនិត​ឲ្យ​បាន​រឹង‌ប៉ឹង​ដោយ‌សារ​ព្រះ‌គុណ គឺ​មិន​មែន​ដោយ​កាន់​វិន័យ​ស្ដី​អំពី​អាហារ​ទេ វិន័យ​ទាំង​នោះ​គ្មាន​ប្រយោជន៍​ដល់​អ្នក​ដែល​កាន់​សោះ។ 10យើង​មាន​អាសនៈ​មួយ ដែល​ពួក​បូជា‌ចារ្យ​ធ្វើ​ការ​ក្នុង​ព្រះ‌ពន្លា* គ្មាន​សិទ្ធិ​នឹង​យក​តង្វាយ​ពី​អាសនៈ​នោះ​មក​បរិភោគ​ឡើយ។ 11 លោក​មហា​បូជា‌ចារ្យ​តែង​យក​ឈាម​សត្វ​ចូល​ទៅ​ថ្វាយ​ព្រះ‌ជាម្ចាស់​ក្នុង​ទីសក្ការៈ* ដើម្បី​សុំ​ឲ្យ​រួច​ពី​បាប រីឯ​សាច់​សត្វ​នោះ​វិញ គេ​យក​ទៅ​ដុត​ខាង​ក្រៅ​ជំរំ។ 12ព្រះ‌យេស៊ូ​ក៏​ដូច្នោះ​ដែរ ព្រះអង្គ​រង‌ទុក្ខ​ទោស​នៅ​ខាង​ក្រៅ​ទីក្រុង ដើម្បី​ប្រោស​ប្រជា‌ជន​ឲ្យ​បាន​វិសុទ្ធ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ​ផ្ទាល់។ 13ដូច្នេះ យើង​ត្រូវ​តែ​ចាក​ចេញ​ពី​ជំរំ​ទៅ​រក​ព្រះអង្គ ទាំង​ស៊ូ‌ទ្រាំ​ឲ្យ​គេ​ប្រមាថ​មើល‌ងាយ​រួម​ជា​មួយ​ព្រះអង្គ​ដែរ 14ដ្បិត​ក្នុង​លោក​នេះ យើង​គ្មាន​ក្រុង​ដែល​នៅ​ស្ថិត‌ស្ថេរ​គង់‌វង្ស​រហូត​ឡើយ យើង​ខំ​ស្វែង​រក​ក្រុង​ដែល​នឹង​មាន​នៅ​ពេល​ខាង​មុខ​នោះ​វិញ។ 15ចូរ​យើង​ថ្វាយ​យញ្ញ‌បូជា​សម្រាប់​លើក​តម្កើង​ព្រះ‌ជាម្ចាស់​ជានិច្ច តាម​រយៈ​ព្រះ‌យេស៊ូ គឺ​ជា​ពាក្យ​ហូរ​ចេញ​ពី​បបូរ​មាត់​យើង​ដែល​ប្រកាស​ព្រះ‌នាម​ព្រះអង្គ។ 16កុំ​ភ្លេច​ធ្វើ​ទាន និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ដ្បិត​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា​បែប​នេះ។
17ចូរ​ទុក​ចិត្ត​លើ​អ្នក​ដឹក​នាំ​បងប្អូន ព្រម​ទាំង​ស្ដាប់​បង្គាប់​លោក​ទាំង​នោះ​ទៀត​ផង ដ្បិត​លោក​តែងតែ​ថែ‌រក្សា​ព្រលឹង​បងប្អូន​ជានិច្ច ព្រោះ​លោក​នឹង​ទទួល​ខុស​ត្រូវ​លើ​បងប្អូន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់។ បើ​បងប្អូន​ស្ដាប់​បង្គាប់​លោក លោក​នឹង​បំពេញ​មុខងារ​នេះ​ដោយ​អំណរ គឺ​មិន​មែន​ដោយ​ថ្ងូរ​ទេ។ ប្រសិន​បើ​ពួក​លោក​បំពេញ​មុខងារ ទាំង​ថ្ងូរ បងប្អូន​មុខ​ជា​គ្មាន​ទទួល​ផល​ប្រយោជន៍​អ្វី​ឡើយ។
18សូម​អធិស្ឋាន*​ឲ្យ​យើង​ផង ដ្បិត​យើង​ជឿ​ជាក់​ថា យើង​មាន​មន‌សិការ​ល្អ និង​មាន​ឆន្ទៈ​ចង់​ប្រព្រឹត្ត​យ៉ាង​ល្អ​ត្រឹម​ត្រូវ ក្នុង​គ្រប់​កាលៈ‌ទេសៈ 19ជា​ពិសេស ខ្ញុំ​សូម​អង្វរ​បងប្អូន​មេត្តា​អធិស្ឋាន​ឲ្យ​ខ្ញុំ​អាច​វិល​ត្រឡប់​មក​រក​បងប្អូន​វិញ ក្នុង​ពេល​ឆាប់ៗ។
20ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​បាន​ប្រោស​ព្រះ‌យេស៊ូ ជា​ព្រះ‌អម្ចាស់​នៃ​យើង ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ។ ព្រះ‌គ្រិស្ត​ជា​គង្វាល​ដ៏​ប្រសើរ​ឧត្ដម​របស់​ហ្វូង​ចៀម ព្រោះ​ព្រះអង្គ​បាន​ចង​សម្ពន្ធ‌មេត្រី​មួយ​ថ្មី ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ។ 21សូម​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​បងប្អូន​មាន​សមត្ថ‌ភាព នឹង​ប្រព្រឹត្ត​អំពើ​ល្អ​គ្រប់​យ៉ាង តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ។ សូម​ព្រះអង្គ​សម្រេច​ការ​អ្វី​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​នៅ​ក្នុង​យើង​តាម​រយៈ​ព្រះ‌យេស៊ូ​គ្រិស្ត។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!
22បងប្អូន​អើយ ខ្ញុំ​សូម​អង្វរ​បងប្អូន​ឲ្យ​ទទួល​ពាក្យ​ទូន្មាន​ទាំង​នេះ​ទៅ ដ្បិត​ខ្ញុំ​បាន​សរសេរ​មក​បងប្អូន​ដោយ​ត្រួសៗ​ប៉ុណ្ណោះ។
23សូម​ជ្រាប​ថា លោក​ធីម៉ូថេ​ជា​បងប្អូន​របស់​យើង បាន​រួច​ពី​ឃុំ‌ឃាំង​ហើយ។ ប្រសិន​បើ​គាត់​មក​ដល់​ឆាប់ៗ ខ្ញុំ​នឹង​មក​ជួប​បងប្អូន​ជា​មួយ​គាត់​ដែរ។
24សូម​ជម្រាប​សួរ​អ្នក​ដឹក​នាំ​ទាំង​អស់​របស់​បងប្អូន ព្រម​ទាំង​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់​ផង។ បងប្អូន​នៅ​ស្រុក​អ៊ីតា‌លី​ក៏​សូម​ជម្រាប​សួរ​មក​បងប្អូន​ដែរ។
25សូម​ឲ្យ​បងប្អូន​ទាំង​អស់​គ្នា​បាន​ប្រកប​ដោយ​ព្រះ‌គុណ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy