YouVersion Logo
Search Icon

ហេប្រឺ 12

12
ព្រះ‌ជាម្ចាស់​ជា​ឪពុក​របស់​យើង
1ដោយ​មាន​មនុស្ស​ជា​ច្រើន​ឥត​គណនា ធ្វើ​ជា​បន្ទាល់​ទុក​ឲ្យ​យើង​យ៉ាង​នេះ​ទៅ​ហើយ យើង​ត្រូវ​លះ‌បង់​ចោល​អ្វីៗ​ទាំង​អស់​ដែល​ជា​បន្ទុក​ពី​លើ​យើង និង​លះ‌បង់​អំពើ​បាប​ដែល​រឹប‌រួត​យើង​នេះ​ចោល​ទៅ ហើយ​ព្យាយាម​រត់​តម្រង់​ទៅ​មុខ តាម​ព្រះ‌អម្ចាស់​ដាក់​ឲ្យ​យើង​រត់។ 2ត្រូវ​សម្លឹង​មើល​ទៅ​ព្រះ‌យេស៊ូ ដែល​ជា​ដើម​កំណើត​នៃ​ជំនឿ ហើយ​ធ្វើ​ឲ្យ​ជំនឿ​នេះ​បាន​គ្រប់​លក្ខណៈ។ ព្រះអង្គ​សុខ​ចិត្ត​លះ‌បង់​អំណរ ដែល​បម្រុង​ទុក​សម្រាប់​ព្រះអង្គ ហើយ​រង​ទុក្ខ​លំបាក​នៅ​លើ​ឈើ​ឆ្កាង ឥត​ខ្លាច​ខ្មាស សោះ​ឡើយ។ ឥឡូវ​នេះ ព្រះអង្គ​គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់។
3សូម​បងប្អូន​គិត​ពី​ព្រះអង្គ ដែល​បាន​ស៊ូ‌ទ្រាំ​នឹង​មនុស្ស​បាប​ដែល​ប្រឆាំង​ព្រះអង្គ​យ៉ាង​ខ្លាំង​នោះ​ទៅ ដើម្បី​កុំ​ឲ្យ​បងប្អូន​នឿយ‌ណាយ បាក់​ទឹក​ចិត្ត​ឡើយ។ 4បងប្អូន​ពុំ​ទាន់​បាន​តយុទ្ធ​ទល់​នឹង​បាប រហូត​ដល់​ទៅ​បង្ហូរ​ឈាម​ទេ 5 តែ​បងប្អូន​បែរ​ជា​ភ្លេច​ព្រះ‌បន្ទូល​ទូន្មាន​របស់​ព្រះ‌ជាម្ចាស់​មក​កាន់​បងប្អូន ដូច​ឪពុក​ទូន្មាន​កូន​ដែរ គឺ​ថា:
«កូន​អើយ មិន​ត្រូវ​ធ្វេស‌ប្រហែស​នឹង
ការ​វាយ​ប្រដៅ​របស់​ព្រះ‌អម្ចាស់​ឡើយ
ហើយ​ក៏​មិន​ត្រូវ​ធ្លាក់​ទឹក​ចិត្ត
នៅ​ពេល​ព្រះអង្គ​ស្ដី​បន្ទោស​ដែរ
6 ដ្បិត​ព្រះ‌អម្ចាស់​ប្រដៅ
អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់
ហើយ​វាយ​អ្នក​ដែល​ព្រះអង្គ​ទទួល​ជា​កូន»
7បងប្អូន​ស៊ូ​ទ្រាំ​នឹង​ការ​ប្រដៅ​បែប​នេះ មក​ពី​ព្រះ‌ជាម្ចាស់​រាប់​បងប្អូន​ថា​ជា​កូន។ តើ​មាន​កូន​ណា​ដែល​ឪពុក​មិន​វាយ​ប្រដៅ? 8ប្រសិន​បើ​បងប្អូន​មិន​បាន​ទទួល​ការ​វាយ​ប្រដៅ ដូច​កូន​ឯ​ទៀតៗ​ទទួល​ទេ​នោះ បាន​សេចក្ដី​ថា បងប្អូន​ជា​កូន​ឥត​ខាន់‌ស្លា មិន​មែន​ជា​កូន​ពេញ​ច្បាប់​ឡើយ។ 9ឪពុក​របស់​យើង​ផ្នែក​ខាង​សាច់​ឈាម ធ្លាប់​វាយ​ប្រដៅ​យើង ហើយ​យើង​នៅ​តែ​គោរព​គាត់។ រីឯ​ព្រះ‌បិតា​ជា​ម្ចាស់​លើ​ជីវិត ទាំង​អស់​នោះ​វិញ យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះអង្គ​ឲ្យ​រឹត​តែ​ខ្លាំង​ទៅ​ទៀត ដើម្បី​ឲ្យ​បាន​ទទួល​ជីវិត។ 10ឪពុក​យើង​តែង​វាយ​ប្រដៅ​តែ​មួយ​រយៈ​ពេល​ខ្លី តាម​គាត់​យល់​ឃើញ។ រីឯ​ព្រះ‌ជាម្ចាស់​វិញ ព្រះអង្គ​វាយ​ប្រដៅ​ជា​ប្រយោជន៍​ដល់​យើង ដើម្បី​ប្រទាន​ឲ្យ​យើង​បាន​វិសុទ្ធ* រួម​ជា​មួយ​ព្រះអង្គ​ដែរ។ 11ការ​វាយ​ប្រដៅ​តែងតែ​ធ្វើ​ឲ្យ​មាន​ទុក្ខ​ព្រួយ​ភ្លាមៗ មិន​មែន​ធ្វើ​ឲ្យ​សប្បាយ​ទេ។ ក្រោយ​មក ទើប​ការ​វាយ​ប្រដៅ​ផ្ដល់​ឲ្យ​អស់​អ្នក​ដែល​បាន​ទទួល​ការ​អប់រំ​តាម​របៀប​នេះ​មាន​សេចក្ដី​សុខ‌សាន្ត និង​សេចក្ដី​សុចរិត*​ទុក​ជា​ផល។ 12 ហេតុ​នេះ«ចូរ​លើក​ដៃ​ដែល​រួយ​ឡើង ហើយ​តម្រង់​ជង្គង់​ដែល​ទន់​នោះ​ឲ្យ​រឹង‌ប៉ឹង​ឡើង​ដែរ»13 ត្រូវ​រៀបចំ​ផ្លូវ​ឲ្យ​បាន​ត្រង់ ដើម្បី​ស្រួល​ដើរ កុំ​ឲ្យ​អ្នក​ខូច​ជើង​រឹត​តែ​ខូច​ជើង​ថែម​ទៀត គឺ​ឲ្យ​គេ​បាន​ជា​វិញ​ប្រសើរ​ជាង។
ត្រូវ​ស្មោះ​ត្រង់​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះ‌ជាម្ចាស់
14ចូរ​ខិត‌ខំ​ឲ្យ​បាន​សុខ​ជា​មួយ​មនុស្ស​ទាំង​អស់ ព្រម​ទាំង​ខិត‌ខំ​ឲ្យ​បាន​វិសុទ្ធ*​ទៀត​ផង បើ​មិន​បាន​វិសុទ្ធ​ទេ គ្មាន​នរណា​អាច​ឃើញ​ព្រះ‌អម្ចាស់​ឡើយ។ 15 ចូរ​ប្រយ័ត្ន‌ប្រយែង ក្រែង​លោ​មាន​បងប្អូន​ណា​ម្នាក់​ឃ្លាត​ចេញ​ពី​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់។ មិន​ត្រូវ​ទុក​ឲ្យ​ការ​អាស្រូវ​ចាក់​ឫស ដុះ​ឡើង​បណ្ដាល​ឲ្យ​កើត​រឿងរ៉ាវ ហើយ​បំពុល​ចិត្ត​គំនិត​បងប្អូន​ជា​ច្រើន​នោះ​ឡើយ។
16 ចូរ​ប្រយ័ត្ន‌ប្រយែង កុំ​ឲ្យ​បងប្អូន​ណា​ម្នាក់​ប្រាស‌ចាក​សីលធម៌ ឬ​មាន​ចិត្ត​ប្រមាថ​អ្វីៗ​ដែល​សក្ការៈ ដូច​លោក​អេសាវ​បាន​លក់​សិទ្ធិ​ជា​កូន​ច្បង ព្រោះ​តែ​ចង់​បាន​ម្ហូប​មួយ​ចាន​នោះ​ឲ្យ​សោះ។ 17 បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ក្រោយ​មក នៅ​ពេល​គាត់​ចង់​ទទួល​ពរ​ទុក​ជា​មត៌ក ឪពុក​បាន​ផាត់​គាត់​ចោល ទោះ​បី​គាត់​ខំ​ទទូច​អង្វរ​សុំ​ទាំង​ទឹក​ភ្នែក​ក៏​ដោយ ក៏​គាត់​ពុំ​អាច​ធ្វើ​ឲ្យ​ឪពុក​ដូរ​គំនិត​បាន​ដែរ។
18 បងប្អូន​ពុំ​បាន​ចូល​មក​ជិត​ភ្នំ​មួយ ដែល​អាច​ពាល់​បាន ជា​ភ្នំ​ដែល​មាន​ភ្លើង​ឆេះ ដែល​មាន​ភាព​ងងឹត​សូន្យ‌សុង មាន​ខ្យល់​ព្យុះ​នោះ​ឡើយ 19ហើយ​បងប្អូន​ក៏​ពុំ​បាន​ឮ​ស្នូរ​ត្រែ និង​ឮ​ព្រះ‌សូរសៀង​ដែរ។ ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​ឮ គេ​បាន​អង្វរ​សុំ​កុំ​ឲ្យ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៀត 20 ព្រោះ​គេ​ពុំ​អាច​ទ្រាំ‌ទ្រ​នឹង​ព្រះ‌បញ្ជា​នេះ​ទេ គឺ​ថាៈ«នរណា​ប៉ះ​ភ្នំ​នេះ សូម្បី​តែ​សត្វ​ក៏​ដោយ ក៏​ត្រូវ​តែ​យក​ដុំ​ថ្ម​គប់​សម្លាប់​ចោល​ដែរ»21 នេះ​ជា​អព្ភូត‌ហេតុ​មួយ​គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់ បាន​ជា​លោក​ម៉ូសេ​មាន​ប្រសាសន៍​ថាៈ«ខ្ញុំ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ហើយ​ក៏​ញ័រ​រន្ធត់​ទៀត​ផង»22ផ្ទុយ​ទៅ​វិញ បងប្អូន​ចូល​មក​ជិត​ភ្នំ​ស៊ីយ៉ូន មក​ជិត​ក្រុង​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ គឺ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​បរម‌សុខ ដែល​មាន​ទេវតា*​រាប់​លាន​រាប់​កោដិ 23និង​មាន​ក្រុម‌ជំនុំ​របស់​ពួក​រៀម‌ច្បង ដែល​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរម‌សុខ កំពុង​ជួប‌ជុំ​គ្នា​យ៉ាង​អធិក‌អធម។ បងប្អូន​ចូល​មក​ជិត​ព្រះ‌ជាម្ចាស់ ដែល​វិនិច្ឆ័យ​មនុស្ស​ទាំង​អស់ និង​ចូល​មក​ជិត​វិញ្ញាណ‌ក្ខ័ន្ធ​អ្នក​សុចរិត​ដែល​បាន​គ្រប់​លក្ខណៈ 24 បងប្អូន​ចូល​មក​ជិត​ព្រះ‌យេស៊ូ ដែល​ជា​ស្ពាន​នៃ​សម្ពន្ធ‌មេត្រី*​ថ្មី ហើយ​ចូល​មក​ជិត​ព្រះ‌លោហិត​សម្រាប់​ប្រោះ គឺ​ជា​ព្រះ‌លោហិត​ដែល​ទូល‌អង្វរ ប្រសើរ​ជាង​លោហិត​របស់​លោក​អេបិល​ទៅ​ទៀត។
25 ចូរ​ប្រយ័ត្ន! បើ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​បងប្អូន សូម​កុំ​បដិសេធ​មិន​ព្រម​ស្ដាប់​នោះ​ឡើយ។ ប្រសិន​បើ​ពួក​អ្នក​ដែល​បដិសេធ​មិន​ព្រម​ស្ដាប់​ពាក្យ​មនុស្ស​ទូន្មាន​គេ​នៅ​លើ​ផែនដី មិន​អាច​គេច​ផុត​ពី​ទោស​យ៉ាង​ហ្នឹង​ទៅ​ហើយ ចំណង់​បើ​យើង​ផ្ទាល់ បើ​យើង​ព្រងើយ​កន្តើយ​មិន​ព្រម​ស្ដាប់​ព្រះអង្គ ដែល​មាន​ព្រះ‌បន្ទូល​មក​កាន់​យើង​ពី​ស្ថាន​បរម‌សុខ​វិញ នោះ​យើង​រឹត​តែ​ពុំ​អាច​គេច​ផុត​ពី​ទោស​ឡើយ។
26 ពី​ដើម ព្រះ‌សូរសៀង​របស់​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​កក្រើក​ផែនដី ឥឡូវ​នេះ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​សន្យា​ថាៈ«ម្ដង​នេះ​ទៀត យើង​នឹង​ធ្វើ​ឲ្យ​កក្រើក​មិន​ត្រឹម​តែ​ផែនដី​ប៉ុណ្ណោះ​ទេ គឺ​កក្រើក​ទាំង​ផ្ទៃ​មេឃ​ផង​ដែរ»27ពាក្យ«ម្ដង​នេះ​ទៀត»បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មក​នឹង​ត្រូវ​កក្រើក ហើយ​រលាយ​សូន្យ​អស់​ទៅ គឺ​មាន​តែ​អ្វីៗ​មិន​កក្រើក​ប៉ុណ្ណោះ​ទេ ដែល​នៅ​សល់។ 28ដោយ​យើង​បាន​ទទួល​ព្រះ‌រាជ្យ*​មួយ​ដែល​មិន​ចេះ​កក្រើក​ដូច្នេះ យើង​ត្រូវ​តែ​ដឹង​គុណ ហើយ​គោរព​បម្រើ​ព្រះ‌ជាម្ចាស់ តាម​របៀប​ដែល​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ ដោយ​ចិត្ត​គោរព​ប្រណិ‌ប័តន៍ និង​គោរព​កោត​ខ្លាច​ព្រះអង្គ 29 ដ្បិត​ព្រះ​របស់​យើង​ដូច​ជា​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy