YouVersion Logo
Search Icon

2 Thessalonians 3

3
1 នៅ​ទីបញ្ចប់​នេះ​ បងប្អូន​អើយ!​ សូម​អធិស្ឋាន​ឲ្យ​យើង​ផង​ ដើម្បី​ឲ្យ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​បាន​ប្រកាស​ចេញ​ទៅ​យ៉ាង​ឆាប់​រហ័ស​ និង​ទទួល​បាន​ការ​សរសើរ​ដូច​ជា​នៅ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ដែរ​
2 ហើយ​ឲ្យ​យើង​បាន​រួច​ផុត​ពី​មនុស្ស​ពាល​ និង​ពី​មនុស្ស​អាក្រក់​ ដ្បិត​មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ជំនឿ​ទេ​
3 ប៉ុន្ដែ​ព្រះអម្ចាស់​ស្មោះត្រង់​ ព្រះអង្គ​នឹង​ពង្រឹង​អ្នក​រាល់គ្នា​ឲ្យ​មាំមួន​ឡើង​ ហើយ​ការពារ​អ្នក​រាល់គ្នា​ពី​អារក្ស​សាតាំង​ផង។​
4 យើង​ក៏​ជឿជាក់​នៅ​ក្នុង​ព្រះអម្ចាស់​អំពី​អ្នក​រាល់គ្នា​ដែរ​ថា​ អ្នក​រាល់គ្នា​កំពុង​ប្រព្រឹត្ដ​ ហើយ​នឹង​ប្រព្រឹត្ដ​តទៀត​តាម​សេចក្ដី​ដែល​យើង​បាន​បង្គាប់​មក​អ្នក​រាល់គ្នា។​
5 សូម​ព្រះអម្ចាស់​នាំ​ចិត្ត​អ្នក​រាល់គ្នា​ទៅ​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ព្រះជាម្ចាស់​ និង​ការ​ស៊ូទ្រាំ​របស់​ព្រះគ្រិស្ដ​ចុះ។​
6 ឥឡូវ​នេះ​ បងប្អូន​អើយ!​ យើង​បង្គាប់​អ្នក​រាល់គ្នា​ក្នុង​ព្រះនាម​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង​ថា​ ចូរ​ចៀស​ឲ្យ​ផុត​ពី​បងប្អូន​ណា​ដែល​រស់នៅ​គ្មាន​សណ្ដាប់​ធ្នាប់​ ហើយ​មិន​ស្រប​តាម​សេចក្ដី​ដែល​អ្នក​រាល់គ្នា​បាន​រៀន​ពី​យើង​
7 ដ្បិត​អ្នក​រាល់គ្នា​ដឹង​ហើយ​ថា​ ត្រូវ​យក​តម្រាប់​តាម​យើង​របៀប​ណា​ ព្រោះ​យើង​មិន​បាន​រស់នៅ​ដោយ​គ្មាន​សណ្ដាប់​ធ្នាប់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ទេ​
8 យើង​ក៏​មិន​បាន​បរិភោគ​អាហារ​របស់​អ្នកណា​ម្នាក់​ដោយ​ទទេ​ដែរ​ គឺ​យើង​ធ្វើ​ការ​នឿយ​ហត់​ ហើយ​លំបាក​ទាំង​យប់​ទាំង​ថ្ងៃ​ ដើម្បី​កុំ​ឲ្យយើង​ទៅ​ជា​បន្ទុក​ដល់​អ្នកណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ឡើយ​
9 នេះ​មិន​មែន​មាន​ន័យ​ថា​ យើង​គ្មាន​សិទ្ធិ​នោះ​ទេ​ គឺ​យើង​ធ្វើ​ជា​គំរូ​ ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​យក​តម្រាប់​តាម​យើង‍​វិញ​
10 ដ្បិត​កាល​យើង​នៅ​ជាមួយ​អ្នក​រាល់គ្នា​ យើង​បាន​បង្គាប់​អ្នក​រាល់គ្នា​អំពី​ការ​នេះ​ដែរ​ថា​ បើ​អ្នកណា​មិន​ចង់​ធ្វើ​ការ​ មិន​ត្រូវ​ឲ្យ​អ្នក​នោះ​បរិភោគ​ទេ​
11 ព្រោះ​យើង​ឮ​ថា​ មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​រស់នៅ​គ្មាន​សណ្ដាប់​ធ្នាប់​ ហើយ​មិន​ធ្វើ​ការ​អ្វី​សោះ​ ប៉ុន្ដែ​ចូល​ចិត្ដ​ជ្រៀត​ជ្រែក​កិច្ចការ​អ្នក​ដទៃ។​
12 ដូច្នេះ​យើង​បង្គាប់​ និង​ដាស់​តឿន​ដល់​មនុស្ស​បែប​នោះ​ក្នុង​ព្រះអម្ចាស់​យេស៊ូ​គ្រិស្ដ​ថា​ សូម​ឲ្យ​ពួកគេ​ធ្វើ​ការ​ដោយ​ស្ងៀមស្ងាត់​ ហើយ​បរិភោគ​អាហារ​របស់​ខ្លួន​ចុះ‍។​
13 ចំពោះ​អ្នក​រាល់គ្នា​វិញ​ បងប្អូន​អើយ!​ កុំ​នឿយ​ណាយ​នឹង​ប្រព្រឹត្ដ​ល្អ​ឡើយ។​
14 បើ​អ្នកណា​មិន​ស្តាប់​តាម​ពាក្យ​សំដី​របស់​យើង​ក្នុង​សំបុត្រ​នេះ​ទេ​ ចូរ​សំគាល់​អ្នក​នោះ​ចុះ​ ហើយ​កុំ​ឲ្យ​មាន​ទំនាក់ទំនង​ជាមួយ​គេ​ឡើយ​ ដើម្បី​ឲ្យ​គេ​ខ្មាស​
15 ប៉ុន្ដែ​មិន​ត្រូវ​រាប់​គេ​ជា​សត្រូវ​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ត្រូវ​ដាស់តឿន​គេ​ដូច​ជា​បងប្អូន​វិញ។​
16 សូម​ព្រះអម្ចាស់​នៃ​សេចក្ដី​សុខសាន្ត​ប្រទាន​សេចក្ដី​សុខសាន្ត​ដល់​អ្នក​រាល់គ្នា​គ្រប់​ពេល​វេលា​ជានិច្ច។​ សូម​ព្រះអម្ចាស់​គង់​ជាមួយ​អ្នក​រាល់គ្នា។​
17 ខ្ញុំ​ប៉ូល​សរសេរ​ពាក្យ​ជម្រាបសួរ​នេះ​ដោយ​ផ្ទាល់​ដៃ​ ហើយ​ជា​សំគាល់​នៅ​ក្នុង​គ្រប់​សំបុត្រ​របស់​ខ្ញុំ​ ខ្ញុំ​សរសេរ​ដូច្នេះ​ថា​
18 សូម​ឲ្យ​អ្នក​រាល់គ្នា​បាន​ប្រកប​ដោយ​ព្រះគុណ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ជា​ព្រះអម្ចាស់​របស់​យើង៕​

Currently Selected:

2 Thessalonians 3: KCB

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in

YouVersion uses cookies to personalize your experience. By using our website, you accept our use of cookies as described in our Privacy Policy