ម៉ាថាយ 10
10
ចាត់សាវ័កដប់ពីរនាក់
1ព្រះយេស៊ូវទ្រង់ហៅសិស្សដប់ពីរនាក់របស់ព្រះអង្គមក ហើយប្រទានសិទ្ធិអំណាចលើវិញ្ញាណអសោចដល់ពួកគេ ដើម្បីដេញពួកវាចេញ ព្រមទាំងប្រោសរោគាគ្រប់ប្រភេទ និងជំងឺគ្រប់មុខឲ្យជាផង។ 2សាវ័កទាំងដប់ពីរនាក់មានឈ្មោះដូចតទៅ:
ទីមួយគឺស៊ីម៉ូនដែលគេហៅថាពេត្រុស
បន្ទាប់មកគឺអនទ្រេប្អូនប្រុស#10:2 ប្អូនប្រុស―ន័យត្រង់គឺ “បងប្អូនប្រុស”។របស់គាត់
យ៉ាកុបកូនរបស់សេបេដេ និងយ៉ូហានប្អូនប្រុសរបស់យ៉ាកុប;
3ភីលីព និងបារថូឡូមេ;
ម៉ាថាយអ្នកទារពន្ធ និងថូម៉ាស;
យ៉ាកុបកូនរបស់អាល់ផាយ និងថាដេ;
4ស៊ីម៉ូនអ្នកជាតិនិយម
និងយូដាសអ៊ីស្ការីយ៉ុតដែលក្បត់ព្រះអង្គ។
5ព្រះយេស៊ូវបានចាត់សាវ័កដប់ពីរនាក់នេះឲ្យទៅ ដោយបង្គាប់ពួកគេថា៖“កុំទៅតាមផ្លូវរបស់សាសន៍ដទៃ ហើយកុំចូលទៅក្នុងទីក្រុងរបស់ជនជាតិសាម៉ារីឡើយ 6ប៉ុន្តែចូរទៅរកចៀមវង្វេងនៃពូជពង្សអ៊ីស្រាអែលវិញ។ 7នៅពេលចេញទៅ ចូរប្រកាសថា: ‘អាណាចក្រស្ថានសួគ៌មកជិតបង្កើយហើយ’។ 8ចូរប្រោសអ្នកជំងឺឲ្យជា ប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ប្រោសមនុស្សឃ្លង់ឲ្យបរិសុទ្ធ ហើយដេញអារក្សឲ្យចេញ។ អ្នករាល់គ្នាបានទទួលដោយឥតបង់ថ្លៃ ចូរឲ្យដោយឥតគិតថ្លៃដែរ។ 9កុំយកកាក់មាស កាក់ប្រាក់ ឬកាក់ទង់ដែងដាក់ក្នុងខ្សែក្រវាត់របស់អ្នករាល់គ្នាឡើយ 10ក៏កុំយកថង់យាមសម្រាប់ការធ្វើដំណើរ ហើយក៏កុំយកអាវ#10:10 អាវ―ឬ “អាវខាងក្នុង”។ពីរ ស្បែកជើង ឬឈើច្រត់ទៅជាមួយដែរ ដ្បិតអ្នកធ្វើការសមនឹងទទួលអាហាររបស់ខ្លួន។
11 “អ្នករាល់គ្នាចូលទៅក្នុងទីក្រុង ឬភូមិណាក៏ដោយ ចូរសួររកអ្នកនៅទីនោះដែលស័ក្ដិសម ហើយស្នាក់នៅទីនោះរហូតដល់អ្នករាល់គ្នាចាកចេញចុះ។ 12នៅពេលអ្នករាល់គ្នាចូលទៅក្នុងផ្ទះរបស់គាត់ ចូរជម្រាបសួរអ្នកផ្ទះនោះផង។ 13ប្រសិនបើអ្នកផ្ទះនោះស័ក្ដិសមមែន ចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាមកលើអ្នកផ្ទះនោះចុះ ប៉ុន្តែប្រសិនបើអ្នកផ្ទះនោះមិនស័ក្ដិសមទេ ចូរឲ្យសេចក្ដីសុខសាន្តរបស់អ្នករាល់គ្នាត្រឡប់មករកអ្នករាល់គ្នាវិញ។ 14រីឯអ្នកណាក៏ដោយដែលមិនទទួលអ្នករាល់គ្នា ហើយក៏មិនស្ដាប់ពាក្យសម្ដីរបស់អ្នករាល់គ្នា នៅពេលចាកចេញពីផ្ទះ ឬទីក្រុងនោះ ចូររលាស់ធូលីចេញពីជើងរបស់អ្នករាល់គ្នា។ 15ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅថ្ងៃនៃការជំនុំជម្រះ ដែនដីសូដុម និងកូម៉ូរ៉ានឹងងាយទ្រាំជាងទីក្រុងនោះទៅទៀត!
ប្រាប់ជាមុនអំពីការបៀតបៀន
16 “មើល៍! ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាចៀមទៅក្នុងកណ្ដាលចំណោមចចក ដូច្នេះចូរឈ្លាសវៃដូចពស់ ហើយស្លូតត្រង់ដូចព្រាប។ 17ចូរប្រយ័ត្នប្រយែងនឹងមនុស្ស ដ្បិតពួកគេនឹងប្រគល់អ្នករាល់គ្នាទៅក្រុមប្រឹក្សា ហើយវាយអ្នករាល់គ្នានឹងរំពាត់ក្នុងសាលាប្រជុំរបស់ពួកគេ។ 18ដោយសារតែខ្ញុំ អ្នករាល់គ្នានឹងត្រូវគេនាំទៅនៅចំពោះបណ្ដាអភិបាល និងស្ដេច ដើម្បីជាទីបន្ទាល់ដល់ពួកគេ និងដល់ពួកសាសន៍ដទៃ។ 19ប៉ុន្តែកាលណាគេប្រគល់អ្នករាល់គ្នាទៅ កុំបារម្ភអំពីរបៀប ឬអ្វីដែលត្រូវនិយាយឡើយ។ អ្វីដែលត្រូវនិយាយនឹងប្រទានមកអ្នករាល់គ្នានៅពេលនោះ 20ដ្បិតមិនមែនជាអ្នករាល់គ្នាទេដែលនិយាយ គឺជាព្រះវិញ្ញាណនៃព្រះបិតារបស់អ្នករាល់គ្នាវិញ ដែលមានបន្ទូលតាមរយៈអ្នករាល់គ្នា។
21 “បងប្អូននឹងប្រគល់បងប្អូនឲ្យទៅស្លាប់ ឪពុកនឹងប្រគល់កូនឲ្យទៅស្លាប់ រីឯកូនៗនឹងក្រោកឡើងប្រឆាំងនឹងឪពុកម្ដាយ ហើយធ្វើឲ្យពួកគាត់ត្រូវគេសម្លាប់។ 22អ្នករាល់គ្នានឹងត្រូវមនុស្សទាំងអស់ស្អប់ដោយសារតែនាមរបស់ខ្ញុំ ប៉ុន្តែអ្នកដែលស៊ូទ្រាំដល់ទីបញ្ចប់ អ្នកនោះនឹងបានសង្គ្រោះ។ 23កាលណាគេបៀតបៀនអ្នករាល់គ្នានៅទីក្រុងនេះ ចូររត់គេចទៅទីក្រុងមួយទៀត។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាដើរមិនទាន់សព្វទីក្រុងនានានៃអ៊ីស្រាអែលឡើយ រហូតដល់កូនមនុស្សបានមកវិញ។ 24សិស្សមិនលើគ្រូទេ ហើយបាវបម្រើក៏មិនលើចៅហ្វាយរបស់ខ្លួនដែរ។ 25ការដែលសិស្សបានដូចគ្រូ ហើយបាវបម្រើបានដូចចៅហ្វាយរបស់ខ្លួន នោះល្មមហើយ។ ប្រសិនបើគេហៅម្ចាស់ផ្ទះថា ‘បេលសេប៊ូល’ ទៅហើយ ចុះអ្នកផ្ទះនោះវិញ តើគេនឹងហៅលើសជាងអម្បាលម៉ានទៅទៀត!
ចូរកោតខ្លាចព្រះ
26 “ដូច្នេះ កុំខ្លាចគេឡើយ ពីព្រោះគ្មានការលាក់បាំងអ្វីដែលមិនត្រូវបានសម្ដែងឲ្យឃើញ ហើយក៏គ្មានការសម្ងាត់អ្វីដែលមិនត្រូវបានដឹងនោះដែរ។ 27អ្វីដែលខ្ញុំប្រាប់អ្នករាល់គ្នាក្នុងទីងងឹត ចូរនិយាយនៅទីភ្លឺ ហើយអ្វីដែលអ្នករាល់គ្នាឮនៅក្បែរត្រចៀក ចូរប្រកាសនៅលើដំបូលផ្ទះចុះ។ 28កុំខ្លាចអ្នកដែលសម្លាប់បានតែរូបកាយ ប៉ុន្តែមិនអាចសម្លាប់ព្រលឹងបាននោះឡើយ ផ្ទុយទៅវិញ ចូរខ្លាចព្រះអង្គដែលអាចបំផ្លាញទាំងរូបកាយទាំងព្រលឹងក្នុងស្ថាននរកវិញចុះ។ 29តើគេមិនលក់ចាបពីរក្នុងតម្លៃមួយអាស្សារីយ៉ូន#10:29 មួយអាស្សារីយ៉ូន―លុយកាក់ធ្វើពីទង់ដែងរបស់រ៉ូម៉ាំង។ 1អាស្សារីយ៉ូន=1/16នៃថ្លៃឈ្នួល1ថ្ងៃ។ទេឬ? ប៉ុន្តែគ្មានចាបណាមួយធ្លាក់ដល់ដី ដោយគ្មានការយល់ព្រម#10:29 ការយល់ព្រម―ជាពាក្យជំនួយ។ពីព្រះបិតារបស់អ្នករាល់គ្នានោះឡើយ។ 30ចំពោះអ្នករាល់គ្នាវិញ សូម្បីតែសក់ទាំងអស់លើក្បាលរបស់អ្នករាល់គ្នា ក៏ត្រូវបានរាប់ដែរ។ 31ដូច្នេះ កុំខ្លាចឡើយ! អ្នករាល់គ្នាមានតម្លៃលើសជាងចាបជាច្រើនទៅទៀត។
ការទទួលស្គាល់ព្រះគ្រីស្ទ
32 “អស់អ្នកដែលទទួលស្គាល់ខ្ញុំនៅមុខមនុស្ស ខ្ញុំនឹងទទួលស្គាល់អ្នកនោះនៅមុខព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ដែរ។ 33រីឯអ្នកណាក៏ដោយដែលបដិសេធខ្ញុំនៅមុខមនុស្ស ខ្ញុំក៏នឹងបដិសេធអ្នកនោះនៅមុខព្រះបិតារបស់ខ្ញុំដែលគង់នៅស្ថានសួគ៌ដែរ។
34 “កុំគិតថា ខ្ញុំបានមកដើម្បីនាំសេចក្ដីសុខសាន្តមកលើផែនដីឡើយ។ ខ្ញុំបានមកមិនមែនដើម្បីនាំសេចក្ដីសុខសាន្តមកទេ គឺដើម្បីនាំដាវមកទេតើ 35ពោលគឺ ខ្ញុំបានមកដើម្បីឲ្យ:
‘មនុស្សប្រុសតាំងខ្លួនទាស់នឹងឪពុករបស់ខ្លួន
កូនស្រីទាស់នឹងម្ដាយរបស់ខ្លួន
កូនប្រសាស្រីទាស់នឹងម្ដាយក្មេករបស់ខ្លួន
36 ហើយខ្មាំងសត្រូវរបស់មនុស្ស
គឺជាសមាជិកគ្រួសាររបស់អ្នកនោះឯង’។ # 10:35-36 《មីកា》 7:6។
37 អ្នកដែលស្រឡាញ់ឪពុក ឬម្ដាយជាងស្រឡាញ់ខ្ញុំ មិនស័ក្ដិសមនឹងខ្ញុំទេ ហើយអ្នកដែលស្រឡាញ់កូនប្រុស ឬកូនស្រីជាងស្រឡាញ់ខ្ញុំ ក៏មិនស័ក្ដិសមនឹងខ្ញុំដែរ; 38អ្នកដែលមិនលីឈើឆ្កាងរបស់ខ្លួនមកតាមខ្ញុំ អ្នកនោះមិនស័ក្ដិសមនឹងខ្ញុំទេ។ 39អ្នកដែលរកបានជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់ជីវិត រីឯអ្នកដែលបាត់ជីវិតរបស់ខ្លួនដោយសារតែខ្ញុំ អ្នកនោះនឹងរកបានជីវិតវិញ។
ទឹកត្រជាក់មួយកែវ
40 “អ្នកដែលទទួលអ្នករាល់គ្នា គឺទទួលខ្ញុំ រីឯអ្នកដែលទទួលខ្ញុំ គឺទទួលព្រះអង្គដែលចាត់ខ្ញុំឲ្យមក។ 41អ្នកដែលទទួលព្យាការីក្នុងនាមលោកជាព្យាការី អ្នកនោះនឹងទទួលបានរង្វាន់របស់ព្យាការី រីឯអ្នកដែលទទួលមនុស្សសុចរិតក្នុងនាមលោកជាមនុស្សសុចរិត អ្នកនោះនឹងទទួលបានរង្វាន់របស់មនុស្សសុចរិត។ 42អ្នកណាក៏ដោយដែលយកទឹកត្រជាក់សូម្បីតែមួយកែវ ឲ្យម្នាក់ក្នុងអ្នកតូចទាំងនេះផឹកក្នុងនាមម្នាក់នោះជាសិស្សរបស់ខ្ញុំ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកនោះនឹងមិនបាត់រង្វាន់របស់ខ្លួនសោះឡើយ”៕
Currently Selected:
ម៉ាថាយ 10: GKHB
Highlight
Share
Compare
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative