សាការី 3
3
និមិត្តទីបួន អំពីលោកយេសួរ និងសាតាំង
1បន្ទាប់មកទៀត ទេវតាបានបង្ហាញឲ្យខ្ញុំឃើញយេសួរ ជាសម្ដេចសង្ឃ ឈរនៅចំពោះទេវតានៃព្រះយេហូវ៉ា មានអារក្សសាតាំង ឈរនៅខាងស្តាំលោក ដើម្បីតវ៉ានឹងលោក។ 2ពេលនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលទៅសាតាំង ថា៖ «ម្នាលសាតាំង ព្រះយេហូវ៉ាបន្ទោសអ្នក ព្រះយេហូវ៉ាដែលបានរើសក្រុងយេរូសាឡិម ស្ដីបន្ទោសដល់អ្នក តើមិនមែនជាកន្ទុយឧស ដែលបានកញ្ឆក់យកចេញពីភ្លើងទេឬ?» 3រីឯយេសួរកំពុងឈរនៅចំពោះទេវតាទាំងស្លៀកពាក់កខ្វក់ 4ទេវតាក៏ពោលទៅពួកអ្នកដែលឈរនៅចំពោះមុខថា៖ «ចូរដោះសម្លៀកបំពាក់កខ្វក់ចេញពីលោក» រួចទេវតាពោលទៅលោកថា៖ «មើល៍! ខ្ញុំបានដកអំពើទុច្ចរិតចេញពីអ្នកហើយ ខ្ញុំនឹងបំពាក់សម្លៀកបំពាក់ដ៏រុងរឿងវិញ»។ 5ពេលនោះ ខ្ញុំក៏ពោលថា៖ «សូមឲ្យគេបំពាក់ក្បាំងស្អាតនៅលើក្បាលលោកផង»។ ដូច្នេះ គេក៏បំពាក់ក្បាំងស្អាតនៅលើក្បាលលោក និងសម្លៀកបំពាក់ មានទាំងទេវតានៃព្រះយេហូវ៉ាឈរនៅទីនោះដែរ។
6ទេវតានៃព្រះយេហូវ៉ាធ្វើបន្ទាល់យ៉ាងមុតមាំនឹងយេសួរថា 7ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលដូច្នេះ «បើអ្នកដើរតាមផ្លូវរបស់យើង ហើយរក្សាបញ្ញើររបស់យើង នោះអ្នកនឹងជាអ្នកគ្រប់គ្រងលើវិហាររបស់យើង ព្រមទាំងរក្សាទីលានរបស់យើង យើងនឹងឲ្យអ្នកបានចូលក្នុងពួកដែលនៅទីនេះដែរ។ 8ឱយេសួរជាសម្ដេចសង្ឃអើយ ចូរស្តាប់ឥឡូវ ព្រមទាំងពួកអ្នកដែលអង្គុយជាមួយអ្នកផង ព្រោះគេជាពួកអស្ចារ្យ ដ្បិតយើងនឹងឲ្យអ្នកបម្រើរបស់យើង "លំពង់" ចេញមក។ 9មើល៍! ថ្មដែលយើងបានដាក់នៅមុខយេសួរ ថ្មតែមួយនោះមានភ្នែកប្រាំពីរ យើងនឹងចារឹកលើថ្មនោះ ហើយយើងនឹងដកអំពើទុច្ចរិតចេញពីស្រុកក្នុងមួយថ្ងៃ។ 10នៅថ្ងៃនោះ ព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា ឯងរាល់គ្នានឹងអញ្ជើញអ្នកជិតខាងរបស់អ្នកមក នៅក្រោមដើមទំពាំងបាយជូរ និងក្រោមដើមល្វារៀងខ្លួន»។
Currently Selected:
សាការី 3: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies