សាការី 2
2
និមិត្តទីបី អំពីខ្សែរង្វាស់
1 ខ្ញុំក្រឡេកមើលទៅឃើញមនុស្សដែលកាន់ខ្សែរង្វាស់នៅដៃ 2ខ្ញុំបានសួរថា៖ «តើលោកអញ្ជើញទៅណា?» អ្នកនោះឆ្លើយមកខ្ញុំថា៖ «ទៅវាស់ក្រុងយេរូសាឡិម ដើម្បីឲ្យដឹងទទឹង និងបណ្ដោយមានប៉ុន្មាន»។ 3ពេលនោះ ឃើញទេវតាដែលពោលមកខ្ញុំ ចេញទៅ ហើយទេវតាមួយទៀតបានមកជួបគ្នា 4ដោយប្រាប់ថា៖ «ចូររត់ទៅប្រាប់មនុស្សកំលោះនោះថា ក្រុងយេរូសាឡិមនឹងមានមនុស្សអាស្រ័យនៅ ដូចជានៅអស់ទាំងភូមិដែលឥតមានកំផែង ដោយព្រោះមានមនុស្ស និងសត្វយ៉ាងសន្ធឹកនៅក្នុងនោះ។ 5ដ្បិតយើងនឹងធ្វើជាកំផែងភ្លើងដល់ទីក្រុងនៅព័ទ្ធជុំវិញ និងជាសិរីល្អនៅកណ្ដាលនេះដែរ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា»។
ព្រះអម្ចាស់ហៅអ្នកជាប់ជាឈ្លើយត្រឡប់មកវិញ
6ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «ចូររត់ចេញពីស្រុកខាងជើងមក ដ្បិតយើងបានបែងចែកឯងរាល់គ្នាទៅដូចជាខ្យល់ទាំងបួននៅលើអាកាស នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។ 7ពួកស៊ីយ៉ូនដែលនៅជាមួយកូនស្រីក្រុងបាប៊ីឡូនអើយ ចូររត់ឲ្យរួចចុះ 8ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ មានព្រះបន្ទូលដូច្នេះថា៖ (ក្រោយពីសិរីល្អរបស់ព្រះអង្គ បានចាត់យើង) ទៅសាសន៍ដទៃ ដែលប្លន់ឯងរាល់គ្នា ព្រោះអ្នកណាដែលពាល់ឯងរាល់គ្នា នោះគឺពាល់ដល់ប្រស្រីព្រះនេត្ររបស់យើង ហើយ។ 9មើល៍! យើងនឹងលាតដៃលើគេ ហើយគេនឹងក្លាយជាឈ្លើយនៃពួកអ្នកបម្រើរបស់គេវិញ» ពេលនោះ ឯងរាល់គ្នានឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារ បានចាត់ខ្ញុំមកមែន។ 10ឱកូនស្រីស៊ីយ៉ូនអើយ ចូរច្រៀង ហើយមានចិត្តអរសប្បាយឡើង ដ្បិត មើល៍! យើងមក ហើយយើងនឹងនៅកណ្ដាលឯងរាល់គ្នា នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា 11«នៅគ្រានោះ សាសន៍ជាច្រើននឹងចូលពួកខាងព្រះយេហូវ៉ា គេនឹងបានជាប្រជារាស្ត្ររបស់យើង ហើយយើងនឹងនៅកណ្ដាលឯងរាល់គ្នា» នោះអ្នកនឹងដឹងថា ព្រះយេហូវ៉ានៃពួកពលបរិវារបានចាត់ឲ្យខ្ញុំមករកអ្នក។ 12ព្រះយេហូវ៉ានឹងបានស្រុកយូដាជាមត៌ក នៅក្នុងស្រុកបរិសុទ្ធ ហើយព្រះអង្គនឹងរើសយកក្រុងយេរូសាឡិមទៀត។
13មនុស្សទាំងឡាយអើយ ចូរនៅស្ងៀមចំពោះព្រះយេហូវ៉ាចុះ ដ្បិតព្រះអង្គបានតើនឡើង ចេញពីទីលំនៅបរិសុទ្ធរបស់ព្រះអង្គហើយ។
Currently Selected:
សាការី 2: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies