ទំនុកតម្កើង 115
115
រូបសំណាកដែលឥតបានការ និងភាពធំអស្ចារ្យរបស់ព្រះ
1មិនមែនយើងខ្ញុំទេ ឱព្រះយេហូវ៉ាអើយ
មិនមែនយើងខ្ញុំទេ តែព្រះនាមព្រះអង្គវិញ
ដែលទទួលការលើកតម្កើង
ដោយយល់ដល់ព្រះហឫទ័យសប្បុរស
និងសេចក្ដីស្មោះត្រង់របស់ព្រះអង្គ។
2ហេតុអ្វីបានជាសាសន៍នានាពោលថា
«តើព្រះរបស់ពួកគេនៅឯណា?»
3៙ ព្រះនៃយើងខ្ញុំព្រះអង្គគង់នៅស្ថានសួគ៌
ព្រះអង្គធ្វើគ្រប់កិច្ចការ
ដែលព្រះអង្គសព្វព្រះហឫទ័យ។
4ព្រះរបស់គេសុទ្ធតែជារូបសំណាក
ធ្វើពីប្រាក់ និងមាស
ជាស្នាដៃដែលមនុស្សធ្វើ។
5រូបទាំងនោះមានមាត់ តែមិនចេះនិយាយ
មានភ្នែក តែមើលមិនឃើញ
6មានត្រចៀក តែស្តាប់មិនឮ
មានច្រមុះ តែធុំក្លិនមិនបាន
7មានដៃ តែចាប់កាន់មិនបាន
មានជើង តែមិនចេះដើរ
រូបទាំងនោះមិនចេះបញ្ចេញសំឡេង
តាមបំពង់កឡើយ។
8អស់អ្នកដែលធ្វើ អស់អ្នកដែលទុកចិត្ត
នឹងរូបទាំងនោះ
នឹងបានដូចជារូបទាំងនោះដែរ។
9៙ ឱអ៊ីស្រាអែលអើយ
ចូរទុកចិត្តដល់ព្រះយេហូវ៉ាចុះ!
ព្រះអង្គជាជំនួយ និងជាខែលរបស់អ្នករាល់គ្នា។
10ឱពួកវង្សអើរ៉ុនអើយ
ចូរទុកចិត្តដល់ព្រះយេហូវ៉ាចុះ!
ព្រះអង្គជាជំនួយ និងជាខែលរបស់អ្នករាល់គ្នា។
11ឱអ្នករាល់គ្នាដែលកោតខ្លាចព្រះយេហូវ៉ាអើយ
ចូរទុកចិត្តដល់ព្រះយេហូវ៉ាចុះ!
ព្រះអង្គជាជំនួយ និងជាខែលរបស់អ្នករាល់គ្នា។
12៙ ព្រះយេហូវ៉ាបាននឹកចាំពីយើង
ព្រះអង្គនឹងប្រទានពរយើង
ព្រះអង្គនឹងប្រទានពរពួកវង្សអ៊ីស្រាអែល
ព្រះអង្គនឹងប្រទានពរពួកវង្សអើរ៉ុន
13ព្រះអង្គនឹងប្រទានពរអស់អ្នក
ដែលកោតខ្លាចព្រះយេហូវ៉ា
ទាំងអ្នកតូច ទាំងអ្នកធំ។
14៙ សូមព្រះយេហូវ៉ាប្រទានពរ
ឲ្យអ្នករាល់គ្នាបានចម្រើនឡើង
គឺទាំងអ្នករាល់គ្នា ទាំងកូនចៅរបស់អ្នករាល់គ្នា!
15អ្នករាល់គ្នាបានពរពីព្រះយេហូវ៉ា
ជាព្រះដែលបានបង្កើតផ្ទៃមេឃ និងផែនដី!
16៙ ស្ថានសួគ៌ គឺជាស្ថានរបស់ព្រះយេហូវ៉ា
ចំណែកផែនដីវិញ
ព្រះអង្គបានប្រទានដល់ពួកកូនមនុស្ស។
17មនុស្សស្លាប់មិនចេះសរសើរតម្កើង
ព្រះយេហូវ៉ាទេ
ហើយអ្នកណាដែលចុះទៅស្ថានស្ងាត់ឈឹង
ក៏មិនចេះសរសើរតម្កើងព្រះអង្គដែរ។
18តែឯយើងវិញ យើងថ្វាយព្រះពរព្រះយេហូវ៉ា
ចាប់តាំងពីឥឡូវនេះ រហូតអស់កល្បតទៅ!
ហាលេលូយ៉ា!
Currently Selected:
ទំនុកតម្កើង 115: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies