ទំនុកតម្កើង 116
116
ពាក្យអរព្រះគុណសម្រាប់ការប្រោសឲ្យជា
1ខ្ញុំស្រឡាញ់ព្រះយេហូវ៉ា
ព្រោះព្រះអង្គទ្រង់ព្រះសណ្ដាប់សំឡេងខ្ញុំ
និងពាក្យដែលខ្ញុំទូលអង្វរ។
2ដោយព្រោះព្រះអង្គបានផ្អៀងព្រះកាណ៌ស្តាប់ខ្ញុំ
ដូច្នេះ ខ្ញុំនឹងអំពាវនាវរកព្រះអង្គអស់មួយជីវិត។
3អន្ទាក់នៃសេចក្ដីស្លាប់បានរុំព័ទ្ធខ្ញុំ
ការឈឺចាប់នៃស្ថានឃុំព្រលឹងមនុស្សស្លាប់
បានរឹតរួតខ្ញុំ ខ្ញុំរងទុក្ខវេទនា ហើយថប់បារម្ភ។
4ពេលនោះ ខ្ញុំបានអំពាវនាវ
ដល់ព្រះនាមព្រះយេហូវ៉ាថា៖
«ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរ
សូមរំដោះព្រលឹងទូលបង្គំផង!»
5៙ ព្រះយេហូវ៉ាប្រកបដោយព្រះហឫទ័យ
ប្រណីសន្ដោស ហើយសុចរិត
ព្រះនៃយើងប្រកបដោយ
ព្រះហឫទ័យមេត្តាករុណា។
6ព្រះយេហូវ៉ាជួយការពារមនុស្សឆោតល្ងង់
កាលខ្ញុំត្រូវគេបន្ទាបបន្ថោក
ព្រះអង្គបានសង្គ្រោះខ្ញុំ។
7ឱព្រលឹងខ្ញុំអើយ ចូរត្រឡប់ទៅរក
ទីសម្រាករបស់ខ្លួនវិញទៅ
ដ្បិតព្រះយេហូវ៉ាបានប្រព្រឹត្តនឹងអ្នក
ដោយព្រះគុណហើយ។
8៙ ដ្បិតព្រះអង្គបានរំដោះព្រលឹងខ្ញុំឲ្យរួចពីស្លាប់
ជូតទឹកភ្នែកឲ្យខ្ញុំ
ហើយការពារជើងខ្ញុំមិនឲ្យជំពប់ដួល។
9ខ្ញុំនឹងដើរនៅចំពោះព្រះយេហូវ៉ា
នៅក្នុងទឹកដីរបស់មនុស្សរស់។
10ខ្ញុំបានជឿ ទោះជាពេលដែលខ្ញុំពោលថា៖
«ខ្ញុំមានទុក្ខព្រួយខ្លាំងណាស់»។
11ខ្ញុំបានពោលទាំងប្រញាប់ប្រញាល់ថា
«មនុស្សទាំងអស់សុទ្ធតែភូតកុហក»។
12៙ តើខ្ញុំនឹងតបស្នងអ្វីដល់ព្រះយេហូវ៉ា
ចំពោះអស់ទាំងព្រះគុណ
ដែលទ្រង់បានផ្តល់មកខ្ញុំ?
13ខ្ញុំនឹងលើកពែងនៃការសង្គ្រោះឡើង
ហើយអំពាវនាវរកព្រះនាមព្រះយេហូវ៉ា
14ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា
នៅចំពោះមុខប្រជាជនទាំងប៉ុន្មាន
របស់ព្រះអង្គ។
15ការស្លាប់របស់ពួកអ្នកបរិសុទ្ធនៃព្រះយេហូវ៉ា
មានតម្លៃវិសេសណាស់
នៅចំពោះព្រះនេត្ររបស់ព្រះអង្គ ។
16ឱព្រះយេហូវ៉ាអើយ
ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ
ទូលបង្គំជាអ្នកបម្រើរបស់ព្រះអង្គ
កូនរបស់ស្ត្រីជាអ្នកបម្រើរបស់ព្រះអង្គ។
ព្រះអង្គបានស្រាយចំណងរបស់ទូលបង្គំហើយ។
17ទូលបង្គំនឹងថ្វាយយញ្ញបូជា
នៃការអរព្រះគុណដល់ព្រះអង្គ
ហើយអំពាវនាវរកព្រះនាមព្រះយេហូវ៉ា។
18ខ្ញុំនឹងលាបំណន់របស់ខ្ញុំចំពោះព្រះយេហូវ៉ា
នៅចំពោះមុខប្រជាជនទាំងប៉ុន្មានរបស់ព្រះអង្គ
19នៅក្នុងព្រះលាននៃព្រះដំណាក់
របស់ព្រះយេហូវ៉ា
នៅកណ្ដាលអ្នក ឱក្រុងយេរូសាឡិមអើយ។
ហាលេលូយ៉ា !
Currently Selected:
ទំនុកតម្កើង 116: គកស១៦
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies