យ៉ាកុប 1:13-18
យ៉ាកុប 1:13-18 គកស១៦
ពេលអ្នកណាម្នាក់ជួបសេចក្ដីល្បួង មិនត្រូវពោលថា «ព្រះទ្រង់ល្បួងខ្ញុំ»ឡើយ ដ្បិតអំពើអាក្រក់ពុំអាចនឹងល្បួងព្រះបានឡើយ ហើយព្រះអង្គក៏មិនដែលល្បួងអ្នកណាដែរ។ ប៉ុន្ដែ ដែលគ្រប់គ្នាជួបសេចក្ដីល្បួង នោះគឺដោយសារតែបំណងប្រាថ្នារបស់ខ្លួននាំប្រទាញ ហើយលួងលោមប៉ុណ្ណោះ រួចកាលណាបំណងប្រាថ្នាជាប់មានជាផ្ទៃ នោះសម្រាលចេញមកជាអំពើបាប ហើយកាលណាអំពើបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្តីស្លាប់។ បងប្អូនស្ងួនភ្ងារបស់ខ្ញុំអើយ កុំឲ្យយល់ច្រឡំឡើយ។ គ្រប់ទាំងអ្វីៗល្អដែលព្រះប្រទានមក និងគ្រប់ទាំងអំណោយទានដ៏គ្រប់លក្ខណ៍ នោះសុទ្ធតែមកពីស្ថានលើ គឺមកពីព្រះវរបិតានៃពន្លឺ ដែលព្រះអង្គមិនចេះប្រែប្រួល សូម្បីតែស្រមោលនៃការផ្លាស់ប្រែក៏គ្មានដែរ។ ព្រះបានបង្កើតយើងមក តាមព្រះហឫទ័យរបស់ព្រះអង្គ ដោយសារព្រះបន្ទូលដ៏ពិត ប្រយោជន៍ឲ្យយើងបានដូចជាផលដំបូងនៃអ្វីៗទាំងអស់ដែលព្រះអង្គបង្កើតមក។









