YouVersion Logo
Search Icon

យ៉ាកុប 1:1-12

យ៉ាកុប 1:1-12 គកស១៦

យ៉ា‌កុប ជា​អ្នក​បម្រើ​របស់​ព្រះ និង​របស់​ព្រះ‌អម្ចាស់​យេស៊ូវ​គ្រីស្ទ សូម​ជម្រាប​សួរ​ដល់​កុលសម្ព័ន្ធ​ទាំង​ដប់​ពីរ ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ។ បង‌ប្អូន​អើយ កាល​ណា​អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្បួង​ផ្សេងៗ នោះ​ត្រូវ​រាប់​ជា​អំណរ​សព្វ​គ្រប់​វិញ ដោយ​ដឹង​ថា ការ​ល្បង​ល​មើល​ជំនឿ​របស់​អ្នក​រាល់​គ្នា នោះ​នាំ​ឲ្យ​មាន​ចិត្ត​អំណត់។ ចូរ​ទុក​ឲ្យ​ចិត្ត​អំណត់​នោះ បាន​ធ្វើ​ការ​សម្រេច​ពេញ​លេញ​ចុះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ហើយ​ពេញ​ខ្នាត​ឥត​ខ្វះ​អ្វី​ឡើយ។ ប្រសិន‌បើ​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ខ្វះ​ប្រាជ្ញា អ្នក​នោះ​ត្រូវ​ទូល​សូមពី​ព្រះ ដែល​ទ្រង់​ប្រទាន​ដល់​មនុស្ស​ទាំង​អស់​ដោយ​សទ្ធា ដ្បិត​ទ្រង់​នឹង​ប្រទាន​ឲ្យ ឥត​បន្ទោស​ឡើយ។ ប៉ុន្ដែ ត្រូវ​ឲ្យ​អ្នក​នោះ​ទូល​សូម​ដោយ​ចិត្ត​ជឿ ឥត​សង្ស័យ​អ្វី​សោះ ដ្បិត​អ្នក​ណា​ដែល​សង្ស័យ នោះ​ប្រៀប​ដូច​ជា​រលក​សមុទ្រ​ដែល​ត្រូវ​ខ្យល់​ផាត់ ទាំង​រំពើក​ចុះ​ឡើង កុំ​ឲ្យ​មនុស្ស​យ៉ាង​នោះ​នឹក​ស្មាន​ថា ខ្លួន​នឹង​បាន​អ្វី​ពី​ព្រះ‌អម្ចាស់​ឡើយ។ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មាន​ចិត្ត​ពីរ ចេះ​តែ​សាវា​ក្នុង​គ្រប់​ទាំង​ផ្លូវ​របស់​ខ្លួន។ សូម​ឲ្យ​បង‌ប្អូន​ណា ដែល​មាន​សណ្ឋាន​ទាប​ថោក​បាន​ត្រេក​អរ​ឡើង ដ្បិត​ព្រះ​បាន​លើក​តម្កើង​គេ​ហើយ ឯ​អ្នក​មាន​វិញ​ក៏​ត្រូវ​ត្រេក​អរ​ដែរ ដោយ​ព្រះ‌ទ្រង់​បន្ទាប​គេ​ចុះ ព្រោះ​គេ​នឹង​ត្រូវ​រុះ​រោយ​ទៅ​ដូច​ជា​ផ្កា​ស្មៅ។ ដ្បិត​ថ្ងៃ​រះ​ឡើង មាន​ចំហាយ​ក្តៅ​នៅ​ពេល​ណា ស្មៅ​ក៏​ក្រៀម​ស្វិត ផ្កា​ក៏​រុះ​រោយ ហើយ​លម្អ​របស់​វា​ក៏​បាត់​បង់​ទៅ។ ដូច្នេះ អ្នក​មាន​ក៏​នឹង​ត្រូវ​ស្រពោន​ទៅ​ក្នុង​កិច្ចការ​របស់​ខ្លួន​យ៉ាង​នោះ​ដែរ។ មាន​ពរ​ហើយ​អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​នឹង​សេចក្តី​ល្បួង ដ្បិត​កាល​ណា​ត្រូវ​ល្បង​ល ឃើញ​ថា​ខ្ជាប់‌ខ្ជួន​ហើយ អ្នក​នោះ​នឹង​ទទួល​បាន​មកុដ​នៃ​ជីវិត ដែល​ព្រះ‌អម្ចាស់​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ។