YouVersion Logo
Search Icon

កំណើត​ពិភព​លោក 41

41
សុបិន​របស់​ស្តេច​ហ្វៀរ៉អ៊ូន
1ពីរ​ឆ្នាំ​ក្រោយ​មក ស្តេច​ហ្វៀរ៉អ៊ូន​សុបិន​ដូច​តទៅ គឺ​ឃើញ​គាត់​ឈរ​នៅ​មាត់​ទន្លេ​នីល។ 2មាន​គោ​ញី​ប្រាំ​ពីរ​ក្បាល​ធាត់ៗ​ល្អ ឡើង​ពី​ទន្លេ មក​ស៊ី​ស្មៅ​តាម​មាត់​ច្រាំង។ 3បន្ទាប់​មក មាន​គោ​ញី​ប្រាំ​ពីរ​ក្បាល​ទៀត ស្គមៗ​សល់​តែ​ស្បែក​នឹង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ ហើយ​ឈរ​នៅ​មាត់​ច្រាំង​ជិត​គោ​ញី​ធាត់ៗ។ 4គោ​ញី​ស្គមៗ សល់​តែ​ស្បែក​នឹង​ឆ្អឹង បាន​លេប​គោ​ញី​ធាត់ៗ​ល្អ​នោះ​អស់​ទៅ។ ស្តេច​ហ្វៀរ៉អ៊ូន​ក៏​ក្រោក​ឡើង។ 5បន្ទាប់​មក ស្តេច​ដេក​លក់​សា​ជា​ថ្មី ហើយ​សុបិន​ម្តង​ទៀត។ ស្តេច​សុបិន​ឃើញ​ស្រូវ​ប្រាំ​ពីរ​កួរ​ធំៗ​ល្អ​លូត​ចេញ​ពី​ដើម​តែ​មួយ 6ហើយ​មាន​ស្រូវ​ប្រាំ​ពីរ​កួរ​ទៀត ដែល​ស្កក និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្តៅ លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។ 7កួរ​ស្រូវ​ស្កកៗ​បាន​លេប​កួរ​ស្រូវ​ធំៗ ដែល​មាន​គ្រាប់​ពេញ​នោះ​អស់​ទៅ។ ស្តេច​ហ្វៀរ៉អ៊ូន​ក៏​ក្រោក​ឡើង ហើយ​យល់​ថា នេះ​ជា​សុបិន​និមិត្ត។
8ព្រឹក​ឡើង​ស្តេច​ហ្វៀរ៉អ៊ូន​មាន​ចិត្ត​ខ្វល់​ខ្វាយ​យ៉ាង​ខ្លាំង ស្តេច​កោះ​ហៅ​គ្រូ​ទាយ និង​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប​មក ហើយ​ដំណាល​អំពី​សុបិន​របស់​ស្តេច​ប្រាប់​ពួក​គេ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​សុបិន​នោះ ជូន​ស្តេច​ហ្វៀរ៉អ៊ូន​បាន​ឡើយ។ 9ពេល​នោះ មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​សូម​សារភាព​កំហុស​មួយ។ 10កាល​ស្តេច​ខឹង​នឹង​អ្នក​បម្រើ​របស់​ស្តេច ហើយ​បញ្ជា​ឲ្យ​គេ​យក​ខ្ញុំ ព្រម​ទាំង​មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​នំបុ័ង ទៅ​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​របស់​លោក​មេ​បញ្ជា​ការ​កង​រក្សា​ស្តេច។ 11ខ្ញុំ​ទាំង​ពីរ​នាក់​បាន​យល់​សប្តិ​ក្នុង​យប់​តែ​មួយ​ដែល​មាន​ន័យ​ប្លែក​ពី​គ្នា។ 12ក្នុង​ពន្ធនាគារ​នោះ មាន​យុវ‌ជន​ហេប្រឺ​ម្នាក់ ជា​ខ្ញុំ​បម្រើ​របស់​មេ​បញ្ជា​ការ​កង​រក្សា​ស្តេច ខ្ញុំ​ទាំង​ពីរ​បាន​ដំណាល​អំពី​សប្តិ​នោះ​ប្រាប់​គាត់ ហើយ​គាត់​ក៏​កាត់​សប្តិ​ឲ្យ​ខ្ញុំ​ទាំង​ពីរ​នាក់ តាម​អត្ថន័យ​របស់​សប្តិ​រៀងៗ​ខ្លួន។ 13ក្រោយ​មក មាន​ហេតុ‌ការណ៍​កើត​ឡើង ស្រប​តាម​ពាក្យ​របស់​គាត់​មែន គឺ​ស្តេច​ឲ្យ​ខ្ញុំ​បាន​កាន់​កាប់​មុខ​តំណែង​ដូច​ដើម​វិញ ហើយ​ស្តេច​ឲ្យ​គេ​ព្យួរ​ក​មហា‌តលឹក​ម្នាក់​ទៀត»។
14ស្តេច​ហ្វៀរ៉អ៊ូន​ឲ្យ​គេ​ទៅ​ហៅ​យូសុះ​មក។ គេ​ក៏​ដោះ​លែង​គាត់​ចេញ​ពី​ពន្ធនាគារ​ជា​បន្ទាន់ គេ​កោរ​ពុក​មាត់​ឲ្យ​គាត់ ហើយ​គាត់​ផ្លាស់​សម្លៀក​បំពាក់ ចូល​ជួប​ស្តេច​ហ្វៀរ៉អ៊ូន។ 15ស្តេច​ហ្វៀរ៉អ៊ូន​មាន​ប្រសាសន៍​មក​កាន់​យូសុះ​ថា៖ «យើង​បាន​យល់​សុបិន​ដែល​ពុំ​មាន​នរណា​អាច​កាត់​ស្រាយ​ន័យ​បាន​ឡើយ តែ​យើង​ឮ​ថា ពេល​គេ​ដំណាល​សុបិន​ប្រាប់​អ្នក អ្នក​ចេះ​កាត់​ស្រាយ​ន័យ​បាន»។ 16យូសុះ​ជម្រាប​ទៅ​កាន់​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «មិន​មែន​ខ្ញុំ​ទេ ដែល​ចេះ​កាត់​ស្រាយ​ន័យ! មាន​តែ​អុលឡោះ​ប៉ុណ្ណោះ ទើប​អាច​កាត់​ស្រាយ​ន័យ​ជូន​ស្តេច​បាន»។
17ពេល​នោះ ស្តេច​ហ្វៀរ៉អ៊ូន​ប្រាប់​យូសុះ​ថា៖ «យើង​បាន​យល់​សុបិន​ថា យើង​កំពុង​តែ​ឈរ​នៅ​មាត់​ទន្លេ។ 18ពេល​នោះ មាន​គោ​ញី​ធាត់ៗ ល្អ​ប្រាំ​ពីរ​ក្បាល ឡើង​ពី​ទន្លេ​មក​ស៊ី​ស្មៅ​តាម​មាត់​ច្រាំង។ 19បន្ទាប់​មក មាន​គោ​ញី​ប្រាំ​ពីរ​ក្បាល​ទៀត ស្គមៗ អាក្រក់​មើល សល់​តែ​ស្បែក និង​ឆ្អឹង ឡើង​ពី​ទន្លេ​មក​តាម​ក្រោយ​ដែរ យើង​មិន​ដែល​ឃើញ​គោ​ណា​អាក្រក់​មើល​បែប​នេះ នៅ​ស្រុក​អេស៊ីប​ទាំង​មូល​ឡើយ។ 20គោ​ញី​ស្គមៗ​សល់​តែ​ស្បែក និង​ឆ្អឹង​បាន​លេប​គោ​ញី​ធាត់ៗ ដែល​ឡើង​មក​មុន​នោះ​អស់​ទៅ។ 21ទោះ​បី​គោ​ញី​ស្គមៗ លេប​គោ​ញី​ធាត់ៗ​ចូល​ទៅ​ក្នុង​ពោះ ក៏​មិន​ឃើញ​មាន​អ្វី​ប្លែក​ខុស​ពី​មុន​ទេ គឺ​គោ​ញី​ស្គមៗ​នៅ​តែ​អាក្រក់​មើល​ដូច​មុន​ដដែល ពេល​នោះ យើង​ក៏​ភ្ញាក់​ឡើង។ 22បន្ទាប់​មក យើង​យល់​សុបិន​ម្តង​ទៀត ឃើញ​មាន​កួរ​ស្រូវ​ប្រាំ​ពីរ ដាក់​គ្រាប់​ពេញ​ល្អ លូត​ចេញ​ពី​ដើម​តែ​មួយ 23ហើយ​មាន​កួរ​ស្រូវ​ប្រាំ​ពីរ​ទៀត ដែល​ស្កក​ស្វិត និង​ស្លោក​ដោយ​ចំហាយ​ខ្យល់​ក្តៅ​ពី​ទិស​ខាង​កើត លូត​ចេញ​មក​តាម​ក្រោយ​កួរ​ស្រូវ​ធំៗ​នោះ​ដែរ។ 24កួរ​ស្រូវ​ស្កកៗ​បាន​លេប​កួរ​ស្រូវ​ល្អៗ​អស់​ទៅ។ យើង​បាន​ដំណាល​សុបិន​នេះ​ប្រាប់​ពួក​គ្រូ​ទាយ​ដែរ តែ​គ្មាន​នរណា​អាច​កាត់​ស្រាយ​អត្ថន័យ​ឲ្យ​យើង​បាន​ឡើយ»។
25យូសុះ​ជម្រាប​ទៅ​កាន់​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «សុបិន​របស់​ស្តេច​មាន​អត្ថន័យ​ដូច​គ្នា​ទេ គឺ​អុលឡោះ​បាន​បង្ហាញ​ឲ្យ​ស្តេច ដឹង​អំពី​កិច្ចការ​ដែល​ទ្រង់​បំរុង​នឹង​ធ្វើ។ 26គោ​ញី​ធាត់ៗ​ល្អ​ទាំង​ប្រាំ​ពីរ​ក្បាល មាន​ន័យ​ថា ប្រាំ​ពីរ​ឆ្នាំ រីឯ​កួរ​ស្រូវ​ល្អៗ ក៏​មាន​ន័យ​ថា ប្រាំ​ពីរ​ឆ្នាំ​ដែរ សុបិន​ទាំង​ពីរ​នេះ​មាន​ន័យ​តែ​មួយ។ 27គោ​ញី​ប្រាំ​ពីរ​ក្បាល​ស្គម សល់​តែ​ស្បែក និង​ឆ្អឹង​ដែល​ឡើង​មក តាម​ក្រោយ​នោះ មាន​ន័យ​ថា ប្រាំ​ពីរ​ឆ្នាំ​ដែរ ហើយ​កួរ​ស្រូវ​ស្កក​ដែល​ស្លោក​ដោយ​ចំហាយ​ខ្យល់​ពី​ទិស​ខាង​កើត​នោះ មាន​ន័យ​ថា មាន​កើត​ទុរ្ភិក្ស​ប្រាំ​ពីរ​ឆ្នាំ។ 28សូម​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន ខ្ញុំ​ទើប​នឹង​ជម្រាប​រួច​ហើយ​ថា អុលឡោះ​បាន​បង្ហាញ​ឲ្យ​ស្តេច​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​អុលឡោះ​បំរុង​នឹង​ធ្វើ 29គឺ​ក្នុង​អំឡុង​ប្រាំ​ពីរ​ឆ្នាំ ស្រុក​អេស៊ីប​ទាំង​មូល នឹង​មាន​ភោគ​ផល​យ៉ាង​សម្បូណ៌​ហូរ​ហៀរ។ 30ប្រាំ​ពីរ​ឆ្នាំ​បន្ទាប់​មក​ទៀត នឹង​កើត​ទុរ្ភិក្ស ដែល​នាំ​ឲ្យ​ប្រជា‌ជន​ភ្លេច​ថា ស្រុក​អេស៊ីប​ធ្លាប់​បាន​ទទួល​ភោគ​ផល​សម្បូណ៌​ហូរ​ហៀរ ព្រោះ​ទុរ្ភិក្ស​នឹង​បង្ហិន​បង្ហោច​ស្រុក​អេស៊ីប​អស់​គ្មាន​សល់។ 31ប្រជា‌ជន​នឹង​លែង​នឹក​ឃើញ​អំពី​គ្រា​សម្បូណ៌​ហូរ​ហៀរ ក្នុង​ស្រុក​ទៀត​ហើយ ព្រោះ​តែ​អត់​ឃ្លាន​ខ្លាំង​ពេក។ 32ស្តេច​សុបិន​ដល់​ទៅ​ពីរ​ដង ដូច្នេះ​បញ្ជាក់​ថា អុលឡោះ​បាន​គ្រោង​នឹង​ធ្វើ​កិច្ចការ​នេះ រួច​ស្រេច​ហើយ ហើយ​ទ្រង់​នឹង​សម្រេច​ធ្វើ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ 33ឥឡូវ​នេះ សូម​ស្តេច​រក​បុរស​ណា​ម្នាក់ ដែល​មាន​ប្រាជ្ញា​ឈ្លាស​វៃ ហើយ​តែង​តាំង​គាត់​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប។ 34សូម​ស្តេច​តែង​តាំង​មន្ត្រី​ផ្សេងៗ ឲ្យ​មើល​ខុស​ត្រូវ​លើ​ស្រុក​អេស៊ីប ដើម្បី​ហូត​ពន្ធ​មួយ​ភាគ​ប្រាំ ពី​ភោគ​ផល​ទុក ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ឆ្នាំ ដែល​សម្បូណ៌​ហូរ​ហៀរ​ខាង​មុខ​នេះ។ 35មន្ត្រី​ទាំង​នោះ​ត្រូវ​ប្រមែ​ប្រមូល​ស្បៀង​អាហារ ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​សម្បូណ៌​ហូរ​ហៀរ បង្ការ​ទុក​នៅ​ក្នុង​ឃ្លាំង​តាម​ក្រុង​នានា ក្រោម​បញ្ជា​របស់​ស្តេច​ផ្ទាល់។ 36ស្បៀង​នោះ​ត្រូវ​រក្សា​ទុក​សម្រាប់​ស្រុក​ទេស ដើម្បី​យក​មក​ប្រើ​ប្រាស់​ក្នុង​ពេល​ទុរ្ភិក្ស​ប្រាំ​ពីរ​ឆ្នាំ​នៅ​ស្រុក​អេស៊ីប កុំ​ឲ្យ​ប្រជា‌ជន​ត្រូវ​ស្លាប់​ដោយ​អត់​ឃ្លាន»។
ស្តេច​ហ្វៀរ៉អ៊ូន​តែង​តាំង​ណាពី​យូសុះ​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប
37ស្តេច​ហ្វៀរ៉អ៊ូន​ពេញ​ចិត្ត​នឹង​ពាក្យ​របស់​យូសុះ ហើយ​មន្ត្រី​ទាំង​អស់​ក៏​ពេញ​ចិត្ត​ដែរ។ 38ស្តេច​ហ្វៀរ៉អ៊ូន​មាន​ប្រសាសន៍​ទៅ​កាន់​មន្ត្រី​ទាំង​នោះ​ថា៖ «យើង​ពុំ​អាច​រក​បុរស​ផ្សេង​ទៀត ដែល​មាន​រស​អុលឡោះ​នៅ​ជា​មួយ ដូច​យូសុះ​នេះ​បាន​ឡើយ»។ 39ស្តេច​ហ្វៀរ៉អ៊ូន​ប្រាប់​យូសុះ​ថា៖ «អុលឡោះ​បាន​បង្ហាញ​ឲ្យ​អ្នក​ដឹង​ហេតុ‌ការណ៍​ទាំង​នេះ​ហើយ គឺ​គ្មាន​នរណា​ម្នាក់​មាន​ប្រាជ្ញា​វាង​វៃ​ដូច​អ្នក​ទេ។ 40ដូច្នេះ យើង​សុំ​តែង​តាំង​អ្នក​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប ហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ទាំង​មូល​នឹង​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​អ្នក។ មាន​តែ​បល្ល័ង្ក​មួយ​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​យើង​មាន​ឋានៈ​ខ្ពស់​ជាង​អ្នក»។ 41ស្តេច​ហ្វៀរ៉អ៊ូន​មាន​ប្រសាសន៍​មក​យូសុះ​ទៀត​ថា៖ «ឥឡូវ​នេះ យើង​តែង​តាំង​អ្នក​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល»។ 42ពេល​នោះ ស្តេច​ហ្វៀរ៉អ៊ូន​ដោះ​ចិញ្ចៀន​ពី​ដៃ​គាត់ ពាក់​ឲ្យ​យូសុះ ព្រម​ទាំង​យក​អាវ​មួយ​ដ៏​ល្អ​ប្រណីត​មក​ឲ្យ​យូសុះ និង​យក​ខ្សែ​ក​មាស​មួយ​ខ្សែ​ពាក់​ឲ្យ​គាត់​ថែម​ទៀត​ផង 43រួច​ឲ្យ​យូសុះ​ឡើង​ជិះ​រទេះ​ដែល​នៅ​បន្ទាប់​ពី​ស្តេច ហើយ​ឲ្យ​គេ​រត់​ពី​មុខ​គាត់​ទាំង​ស្រែក​ថា៖ «ក្រាប​ចុះ!»។ ស្តេច​ហ្វៀរ៉អ៊ូន​បាន​តែង​តាំង​យូសុះ​ឲ្យ​គ្រប់​គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល របៀប​នេះ​ឯង។ 44ស្តេច​ហ្វៀរ៉អ៊ូន​ប្រាប់​យូសុះ​ទៀត​ថា៖ «យើង​ជា​ស្តេច​ហ្វៀរ៉អ៊ូន! តែ​ក្នុង​ស្រុក​អេស៊ីប​ទាំង​មូល គ្មាន​នរណា​ម្នាក់​មាន​សិទ្ធិ​ធ្វើ​អ្វី​មួយ ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​ជា​មុន​នោះ​ឡើយ»។ 45ស្តេច​ហ្វៀរ៉អ៊ូន​ដាក់​ឈ្មោះ​ឲ្យ​យូសុះ​ថា “សាប់‌ណាត់‌ផានា”ហើយ​ស្តេច​ដណ្តឹង​អាស‌ណាត់ ដែល​ត្រូវ​ជា​កូន​ស្រី​របស់​ប៉ូទី‌ផេរ៉ា ជា​អ៊ីមុាំ​នៅ​ក្រុង​អូន មក​ឲ្យ​យូសុះ​ធ្វើ​ជា​ភរិយា។ ពេល​នោះ យូសុះ​ចេញ​ទៅ​ត្រួត​ពិនិត្យ​មើល​ស្រុក​អេស៊ីប។ 46កាល​យូសុះ​ចូល​ទៅ​ជួប​ហ្វៀរ៉អ៊ូន ជា​ស្តេច​ស្រុក​អេស៊ីប​នោះ គាត់​មាន​អាយុ​សាម‌សិប​ឆ្នាំ​ហើយ។ យូសុះ​បាន​ចាក​ចេញ​ពី​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ធ្វើ​ដំណើរ​ពាស​ពេញ​ស្រុក​អេស៊ីប​ទាំង​មូល។
47ក្នុង​រយៈ​ពេល​ប្រាំ​ពីរ​ឆ្នាំ​ដ៏​សម្បូណ៌​ហូរ​ហៀរ​នោះ ដី​ស្រុក​អេស៊ីប​បាន​ផ្តល់​ភោគ​ផល​យ៉ាង​ច្រើន​បរិបូណ៌។ 48ក្នុង​អំឡុង​ពេល​ប្រាំ​ពីរ​ឆ្នាំ​នោះ យូសុះ​ប្រមូល​ស្បៀង​អាហារ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​អេស៊ីប យក​ទៅ​ទុក​តាម​ក្រុង​នា​នា គឺ​យក​ស្បៀង​ដែល​ផលិត​តាម​ស្រែ​ចម្ការ​ជុំ​វិញ ទៅ​ដាក់​ក្នុង​ឃ្លាំង​របស់​ទី​ក្រុង។ 49យូសុះ​ប្រមូល​ស្រូវ​បាន​យ៉ាង​ច្រើន ដូច​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ គឺ​មាន​ចំនួន​យ៉ាង​ច្រើន​ឥត​គណនា រហូត​ដល់​គេ​ឈប់​រាប់​ទៀត ព្រោះ​មាន​ចំនួន​ច្រើន​ពេក​មិន​អាច​រាប់​អស់​បាន​ឡើយ។
50នៅ​ឆ្នាំ​មុន​កើត​ទុរ្ភិក្ស អាស‌ណាត់​ជា​កូន​របស់​ប៉ូទី‌ផេរ៉ា អ៊ីមុាំ​នៅ​ក្រុង​អូន បាន​បង្កើត​កូន​ប្រុស​ពីរ​ឲ្យ​យូសុះ។ 51យូសុះ​ដាក់​ឈ្មោះ​កូន​បង​ថា “ម៉ាណា‌សេ” ដ្បិត​គាត់​ពោល​ថា “អុលឡោះ​បាន​ប្រោស​ឲ្យ​ខ្ញុំ​ភ្លេច​ទុក្ខ​វេទនា​ទាំង​ប៉ុន្មាន និង​ភ្លេច​ញាតិ​សន្តាន​ទាំង​ប៉ុន្មាន​របស់​ឪពុក​ខ្ញុំ​ដែរ”។ 52គាត់​បាន​ដាក់​ឈ្មោះ​កូន​បន្ទាប់​ថា “អេប្រា‌អ៊ីម” ដ្បិត​គាត់​ពោល​ថា “អុលឡោះ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ចៅ​ក្នុង​ស្រុក​ដែល​ខ្ញុំ​បាន​រង​ទុក្ខ​វេទនា​នេះ”។
53លុះ​ស្រុក​អេស៊ីប​បាន​សម្បូណ៌​ហូរ​ហៀរ​គំរប់​ប្រាំ​ពីរ​ឆ្នាំ​ហើយ 54ទុរ្ភិក្ស​ប្រាំ​ពីរ​ឆ្នាំ​ក៏​ចាប់​ផ្តើម​កើត​មាន ដូច​យូសុះ​និយាយ​មែន។ នៅ​គ្រា​នោះ មាន​កើត​ទុរ្ភិក្ស​គ្រប់​ប្រទេស​ទាំង​អស់ តែ​នៅ​ស្រុក​អេស៊ីប​ទាំង​មូល មាន​អាហារ​បរិភោគ​គ្រប់​គ្រាន់។ 55ក្រោយ​មក ប្រជា‌ជន​នៅ​ស្រុក​អេស៊ីប​ចាប់​ផ្តើម​ខ្វះ​ខាត គេ​ក៏​នាំ​គ្នា​ទាម​ទារ​សុំ​ស្បៀង​អាហារ​ពី​ស្តេច​ហ្វៀរ៉អ៊ូន ស្តេច​ហ្វៀរ៉អ៊ូន​ជម្រាប​ទៅ​កាន់​ជន‌ជាតិ​អេស៊ីប​ទាំង​អស់​ថា៖ «ចូរ​ទៅ​ជួប​យូសុះ បើ​គាត់​ប្រាប់​ឲ្យ​ធ្វើ​អ្វី ចូរ​ធ្វើ​តាម​ពាក្យ​គាត់​ចុះ»។ 56ពេល​នោះ ទុរ្ភិក្ស​បាន​រាល​ដាល​ពាស​ពេញ​ស្រុក​អេស៊ីប​ទាំង​មូល។ យូសុះ​បាន​បើក​ឃ្លាំង​ទាំង​ប៉ុន្មាន​នៅ​តាម​ក្រុង​នា​នា លក់​ស្រូវ​ឲ្យ​ជន‌ជាតិ​អេស៊ីប ប៉ុន្តែ ទុរ្ភិក្ស​កើត​មាន​រឹត​តែ​ខ្លាំង​ឡើងៗ​ក្នុង​ស្រុក​អេស៊ីប។ 57មនុស្ស​ម្នា​ពី​គ្រប់​ប្រទេស​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ស្រុក​អេស៊ីប ដើម្បី​រក​ទិញ​ស្រូវ​ពី​យូសុះ ដ្បិត​ទុរ្ភិក្ស​រាល​ដាល​កាន់​តែ​ខ្លាំង​ឡើងៗ គ្រប់​ប្រទេស​នៅ​លើ​ផែនដី​ទាំង​មូល។

Highlight

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in