១ថេស្សាឡូនិក 4
4
របៀបរស់នៅដែលគាប់ចិត្តអុលឡោះ
1បងប្អូនអើយ បងប្អូនបានរៀនពីយើងអំពីរបៀបរស់នៅ ដែលគាប់ចិត្តអុលឡោះ ហើយបានប្រព្រឹត្ដតាមទៀតផង។ ដូច្នេះ នៅទីបំផុតយើងសូមអង្វរ និងសូមដាស់តឿនបងប្អូន ក្នុងនាមអ៊ីសាជាអម្ចាស់ថា សូមឲ្យបងប្អូនបានប្រសើរលើសនេះទៅទៀត!
2បងប្អូនជ្រាបស្រាប់ហើយថា យើងបានទូន្មានបងប្អូនក្នុងនាមអ៊ីសាជាអម្ចាស់យ៉ាងណា។ 3បំណងរបស់អុលឡោះ គឺឲ្យបងប្អូនបានបរិសុទ្ធ ឲ្យបងប្អូនចៀសវាងអំពើប្រាសចាកសីលធម៌។ 4ម្នាក់ៗត្រូវចេះរួមរស់ជាមួយភរិយារបស់ខ្លួន ដោយបរិសុទ្ធ និងថ្លៃថ្នូរ 5ឥតបណ្ដោយខ្លួនទៅតាមចំណង់តណ្ហា ដូចសាសន៍ដទៃដែលមិនស្គាល់អុលឡោះនោះឡើយ។ 6មិនត្រូវឲ្យបងប្អូនណាម្នាក់ប្រព្រឹត្ដអ្វីខុសចំពោះបងប្អូនឯទៀតៗ ឬរំលោភលើសិទ្ធិគេក្នុងរឿងនេះឡើយ ដ្បិតអុលឡោះជាអម្ចាស់នឹងដាក់ទោសអ្នកប្រព្រឹត្ដអំពើទាំងនេះ ដូចយើងបាននិយាយ និងបញ្ជាក់រួចស្រេចហើយ។ 7អុលឡោះត្រាស់ហៅយើងមក មិនមែនឲ្យរស់នៅក្នុងអំពើថោកទាបនោះឡើយ គឺឲ្យយើងបានបរិសុទ្ធវិញ។ 8ដូច្នេះ អ្នកណាបដិសេធមិនទទួលដំបូន្មាននេះ មិនត្រឹមតែបដិសេធមិនទទួលមនុស្សប៉ុណ្ណោះទេ គឺបដិសេធមិនទទួលអុលឡោះ ដែលបានប្រទានរសដ៏វិសុទ្ធរបស់ទ្រង់ មកបងប្អូននោះតែម្ដង។
9រីឯការស្រឡាញ់គ្នាជាបងប្អូនវិញ យើងមិនចាំបាច់សរសេរមកទូន្មានបងប្អូនទេ ដ្បិតបងប្អូនបានរៀនពីអុលឡោះឲ្យចេះស្រឡាញ់គ្នាទៅវិញទៅមក 10ដូចបងប្អូនបានស្រឡាញ់បងប្អូនទាំងអស់នៅស្រុកម៉ាសេដូនទាំងមូលស្រាប់ហើយ។ ក៏ប៉ុន្ដែ បងប្អូនអើយ យើងសូមដាស់តឿនបងប្អូនថា សូមស្រឡាញ់ឲ្យបានប្រសើរលើសនេះទៅទៀត!។ 11ចូរយកចិត្ដទុកដាក់រស់នៅឲ្យបានស្រគត់ស្រគំ គិតតែពីកិច្ចការខ្លួនឯង និងធ្វើការដោយកម្លាំងខ្លួនឯងផ្ទាល់ ដូចយើងបានផ្ដាំផ្ញើបងប្អូនរួចស្រេចហើយ។ 12ធ្វើដូច្នេះ អ្នកដែលមិនមែនជាអូមាត់អ៊ីសានឹងគោរពបងប្អូន ហើយបងប្អូនក៏លែងត្រូវការឲ្យគេជួយទៀតផង។
អំពីអ៊ីសាជាអម្ចាស់នឹងមក
13បងប្អូនអើយ យើងចង់ឲ្យបងប្អូនជ្រាបយ៉ាងច្បាស់ ផុតទៅហើយ ដើម្បីកុំឲ្យបងប្អូនព្រួយចិត្ដ ដូចអ្នកឯទៀតៗ ដែលគ្មានសេចក្ដីសង្ឃឹមនោះឡើយ។ 14ប្រសិនបើយើងជឿថា អ៊ីសាពិតជាបានស្លាប់ ហើយរស់ឡើងវិញមែន យើងក៏ជឿថា អុលឡោះនឹងនាំបងប្អូនដែលបានស្លាប់ទៅហើយ ឲ្យទៅនៅជាមួយទ្រង់ដោយសារអ៊ីសាដែរ។ 15យើងសូមបញ្ជាក់ប្រាប់បងប្អូន តាមពាក្យរបស់អ៊ីសាជាអម្ចាស់ថា យើងដែលមានជីវិតរស់នៅឡើយ នៅពេលអ៊ីសាជាអម្ចាស់មក យើងមិនទៅមុនអ្នកដែលបានស្លាប់នោះទេ 16ដ្បិតនៅពេលមានឮស្នូរជាសញ្ញាលាន់ឡើង ហើយនៅពេលឮសំឡេងមេម៉ាឡាអ៊ីកាត់ និងសំឡេងត្រែរបស់អុលឡោះ អ៊ីសាជាអម្ចាស់ផ្ទាល់នឹងចុះពីសូរ៉កាមក។ អស់អ្នកជឿលើអាល់ម៉ាហ្សៀសដែលបានស្លាប់ទៅនោះ នឹងរស់ឡើងវិញជាមុន 17បន្ទាប់មក ទើបអ៊ីសាជាអម្ចាស់លើកយើងដែលនៅរស់នៅឡើយ ឲ្យឡើងទៅក្នុងពពក ជាមួយបងប្អូនទាំងនោះ ដើម្បីជួបនឹងអ៊ីសាក្នុងអាកាសវេហាស៍ ហើយយើងនឹងស្ថិតនៅជាមួយអ៊ីសាជាអម្ចាស់រហូតតទៅ។ 18ដូច្នេះ សូមបងប្អូនយកពាក្យទាំងនេះមកសំរាលទុក្ខគ្នាទៅវិញទៅមក។
Currently Selected:
១ថេស្សាឡូនិក 4: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.