១ថេស្សាឡូនិក 3
3
1ដោយយើងពុំអាចទ្រាំតទៅទៀតបាន យើងក៏សម្រេចចិត្ដស្នាក់នៅក្រុងអាថែន តែគ្នាយើង 2ហើយចាត់លោកធីម៉ូថេជាបងប្អូនរបស់យើង ដែលធ្វើការរួមជាមួយអុលឡោះ ក្នុងការប្រកាសដំណឹងល្អរបស់អាល់ម៉ាហ្សៀស ឲ្យមកជួយពង្រឹង និងដាស់តឿនបងប្អូនឲ្យមានជំនឿរឹងប៉ឹងឡើង 3ដើម្បីកុំឲ្យមាននរណាម្នាក់ធ្លាក់ទឹកចិត្ដ ព្រោះតែទុក្ខវេទនាដែលកំពុងកើតមាននៅពេលនេះឡើយ បងប្អូនជ្រាបស្រាប់ហើយថា អុលឡោះបានតំរូវឲ្យយើងជួបប្រទះនឹងទុក្ខវេទនាយ៉ាងនេះឯង។ 4កាលយើងនៅជាមួយបងប្អូននៅឡើយ យើងបានជម្រាបបងប្អូនរួចហើយថា យើងមុខជានឹងជួបទុក្ខវេទនា។ ទុក្ខវេទនានេះក៏កើតមានមែន ដូចបងប្អូនជ្រាបស្រាប់។ 5ហេតុនេះ ដោយខ្ញុំពុំអាចទ្រាំតទៅទៀតបាន ខ្ញុំក៏ចាត់លោកធីម៉ូថេឲ្យមកយកដំណឹងអំពីជំនឿរបស់បងប្អូន ព្រោះខ្ញុំខ្លាចក្រែងលោមេល្បួងមកល្បួងបងប្អូនបាន បណ្ដាលឲ្យការនឿយហត់របស់យើង បែរទៅជាអសារបង់វិញ។
6ឥឡូវនេះ លោកធីម៉ូថេទើបនឹងវិលត្រឡប់ទៅដល់យើងវិញ ហើយគាត់បាននាំដំណឹងល្អ អំពីជំនឿ និងអំពីសេចក្ដីស្រឡាញ់របស់បងប្អូនមកប្រាប់យើង។ គាត់ប្រាប់យើងថាបងប្អូន នៅនឹកចាំពីយើងជានិច្ច ហើយមានបំណងចង់ជួបយើងវិញយ៉ាងខ្លាំង ដូចយើងចង់ជួបបងប្អូនដែរ។ 7ហេតុនេះ បងប្អូនអើយ ជំនឿរបស់បងប្អូនបានធ្វើឲ្យចិត្ដយើងបែរជាធូរស្រាលវិញ ទោះបីយើងពិបាកចិត្ដគ្រប់យ៉ាង និងមានទុក្ខវេទនាយ៉ាងណាក្ដី។ 8ដោយបងប្អូនស្ថិតនៅខ្ជាប់ខ្ជួន ជាមួយអ៊ីសាជាអម្ចាស់ដូច្នេះ យើងក៏ដូចជាមានជីវិតរស់វិញដែរ។ 9យើងពុំដឹងជារកពាក្យអ្វីមកថ្លែង អរគុណអុលឡោះអំពីបងប្អូននោះឡើយ ព្រោះតែបងប្អូនធ្វើឲ្យយើងមានអំណររីករាយ នៅចំពោះអុលឡោះជាម្ចាស់របស់យើង។ 10ទាំងយប់ទាំងថ្ងៃ យើងទទូចសូមទ្រង់មេត្ដាប្រោសឲ្យបានឃើញមុខបងប្អូន ព្រមទាំងប្រទានឲ្យជំនឿរបស់បងប្អូនបានពេញលក្ខណៈ កុំបីមានចន្លោះត្រង់ណាឡើយ។
11សូមអុលឡោះផ្ទាល់ជាបិតារបស់យើង និងអ៊ីសាជាអម្ចាស់នៃយើងរៀបចំផ្លូវឲ្យយើងមករកបងប្អូន។ 12សូមអ៊ីសាជាអម្ចាស់ប្រទានឲ្យបងប្អូនមានសេចក្ដីស្រឡាញ់ដល់គ្នាទៅវិញទៅមក និងស្រឡាញ់មនុស្សទាំងអស់ កាន់តែខ្លាំងឡើងៗជាអនេកដូចយើងបានស្រឡាញ់បងប្អូនដែរ។ 13សូមគាត់ធ្វើឲ្យចិត្ដគំនិតរបស់បងប្អូនមានជំហររឹងប៉ឹង ឲ្យបងប្អូនបានបរិសុទ្ធឥតខ្ចោះ នៅចំពោះអុលឡោះ ជាបិតារបស់យើង ក្នុងពេលអ៊ីសាជាអម្ចាស់នៃយើងមក ជាមួយប្រជាជនដ៏បរិសុទ្ធទាំងអស់របស់គាត់!
Currently Selected:
១ថេស្សាឡូនិក 3: អគត
Highlight
Share
Copy

Want to have your highlights saved across all your devices? Sign up or sign in
© 2014 United Bible Societies, UK.