យ៉ូអែល 2:21-27
យ៉ូអែល 2:21-27 គខប
ទឹកដីអើយ ចូរកុំភ័យបារម្ភអ្វី ចូរត្រេកអរសប្បាយរីករាយឡើង ដ្បិតព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យបំផុត! សត្វព្រៃទាំងឡាយអើយ ចូរកុំភ័យបារម្ភអ្វី ដ្បិតវាលស្មៅនឹងមានស្មៅដុះខៀវខ្ចីឡើងវិញ ដើមឈើនឹងមានផ្លែ ហើយដើមឧទុម្ពរ និងចម្ការទំពាំងបាយជូរ ក៏បង្កើតភោគផលឡើងវិញដែរ។ អ្នករាល់គ្នាជាប្រជាជននៅក្រុងស៊ីយ៉ូនអើយ ចូរអរសប្បាយរីករាយឡើង ដ្បិតព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ប្រទានទឹកភ្លៀងមកសង្គ្រោះអ្នករាល់គ្នាហើយ! ព្រះអង្គបង្អុរភ្លៀងមកឲ្យអ្នករាល់គ្នា តាំងពីដើមរដូវរហូតដល់ចុងរដូវ ដូចកាលពីមុនដែរ។ លានបោកស្រូវនឹងមានពោរពេញ ដោយស្រូវឡើងវិញ ហើយពាងក៏មានស្រាទំពាំងបាយជូរថ្មី និងប្រេង ពេញហូរហៀរឡើងវិញដែរ។ រីឯភោគផលរបស់អ្នករាល់គ្នា ខាតបង់ក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែល យើងចាត់ហ្វូងកណ្ដូប ចង្រិត ដង្កូវ និងក្រា ដូចកងទ័ពមួយយ៉ាងធំ ឲ្យមកស៊ីបង្ហិន យើងនឹងសងអ្នករាល់គ្នាវិញ។ អ្នករាល់គ្នានឹងមានអាហារបរិភោគ យ៉ាងឆ្អែតបរិបូណ៌ រួចអ្នករាល់គ្នាលើកតម្កើងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ព្រោះព្រះអង្គបានធ្វើការអស្ចារ្យ សម្រាប់អ្នករាល់គ្នា។ ពេលនោះ ប្រជារាស្ត្ររបស់យើង នឹងលែងអាម៉ាស់មុខទៀតហើយ។ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងគង់នៅក្នុងចំណោមជនជាតិអ៊ីស្រាអែល យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតទេ ពេលនោះ ប្រជាជនរបស់យើង នឹងលែងអាម៉ាស់ទៀតហើយ។





